ក្មួយលោកស្នងការរង បើកឡានបុកតូបលក់ចាប់ហួយខ្ទេច ហើយសម្រួលគ្នាស្ងាត់ៗ
ខេត្តកំពង់ឆ្នាំង ៖ តូបលក់ចាប់ហួយ សង់អំពីថ្មមួយកន្លែង នៅលើចិញ្ចើមផ្លូវ ត្រូវបានក្មួយ លោកស្នងការរងម្នាក់ បើករថយន្តតាកូម៉ា ក្នុងល្បឿនយ៉ាងលឿន បុកយ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតខ្ទេចខ្ទី កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នៅក្នុងភូមិធម្មយុត្តិ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា តូបលក់ចាប់ហួយនោះ ជារបស់លោកនាយរង ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល ខេត្តកំពង់ឆ្នាំង រស់នៅក្នុង ភូមិសង្កាត់ កើតហេតុខាងលើ ត្រូវបានរថរថយន្ត តាកូម៉ាពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-4443 បើកបរដោយយុវជនម្នាក់ ជាកូនអ្នករកស៊ី រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងជាសាច់ញាតិ លោកស្នងការរង នគរបាលខេត្តម្នាក់ បើកបុកយ៉ាង ពេញទំហឹង។
រថយន្តបង្កបានធ្វើដំណើរ ពីត្បូងមកជើង ដល់ចំណុចកើតហេតុ បានរេជ្រុលចង្កូត មកខាងឆ្វេងដៃ បុកជញ្ជាំងតូបថ្ម ធ្លាយចូលដល់ខាងក្នុង បាក់ដំបូលសង្កត់ លើរថយន្ត ទៅមុខលែងរួច។ ហេតុការណ៍នេះ បណ្តាលអោយតូបថ្ម មួយកំណាត់មុខ រលំបាក់ខ្ទេចខ្ទី ភេសជ្ជះនិងឥវ៉ាន់លក់ដូរ មួយចំនួនធំ បានរងការខូចខាត ចំណែករថយន្តមួយកំណាត់មុខ ក៏រងការខូចខាត ធ្ងន់ធ្ងរផងដែរ ប៉ុន្តែពុំមានមនុស្ស រងរបួសឡើយ។
ភាគីម្ចាស់តូប និងម្ចាស់រថយន្ត បានដោះស្រាយគ្នាស្ងាត់ៗ ដោយមានការអន្តរាគមន៍ ពីលោកស្នងការរងម្នាក់នោះផង មិនអោយសមត្ថកិច្ចជំនាញ អូសរថយន្ត និងឃាត់ខ្លួន ជនបង្កជាសាច់ញាតិអ្នកធំ យកទៅកសាងសំណុំរឿង នៅអធិការដ្ឋាន នគរបាល ក្រុងកំពង់ឆ្នាំងនោះទេ។ ព្រោះគេដឹងថា អ្នកបើកបរវ័យក្មេងនោះ ទើបតែចេះបើកបររថយន្ត បើកលឿនពេកបួងចង្កូតមិនទាន់ បណ្តាលឲ្យមាន គ្រោះថ្នាក់តែម្តង៕
Source from: watphnom-news.com

Loading...
Loading...