ប្រជាសហគមន៍ប្តឹងឧកញ៉ា ២ នាក់ឈ្មោះ ថៃ និង ពិសី រួមទាំងថ្នាក់ដឹកនាំ ដែនជម្រកសត្វព្រៃលំផាត់ ពីបទកាប់ឈើប្រណីតអនាធិបតេយ្យ
ខេត្តរតនគិរី ៖ មន្ត្រីអនុរក្សបរិស្ថាន ដែនជម្រកសត្វព្រៃ លំផាត់ ក្នុងស្រុកកូនមុំ ម្នាក់រងការចោទប្រកាន់ថា បានឃុបឃិតជាមួយ នឹងឧកញ៉ាដ៏មានអំណាច ២ នាក់ បន្តកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ និងដុតបំផ្លាញស្ពាន ផ្តាច់ផ្លូវដើម្បីកុំឲ្យក្រុមមន្ត្រីថ្នាក់លើ ចុះពិនិត្យបទល្មើស នៃការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ នៅតំបន់នោះ។
ប្រជាសហគមន៍ ជនជាតិភាគតិច រស់នៅឃុំស្រែអង្គ្រង ក្នុងស្រុកកូនមុំ បានដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពី អង្គការសិទ្ធិមនុស្ស អាដហុក ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលប្រព្រឹត្តដោយក្រុមឧកញ៉ា និងមន្ដ្រីអនុរក្សបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃនោះ។
មន្ត្រីអង្គការសិទ្ធិមនុស្ស បានបង្ហើបឲ្យដឹងថា ឧកញ៉ាទាំង ២នាក់នោះ មានឈ្មោះ ថៃ និង ពិសី ដោយមានការឃុបឃិត ពីមន្ត្រីបរិស្ថានផងនោះ កំពុងតែកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ត្រង់ចំណុចកំពតតានវាន នៅឃុំស្រែអង្គ្រង លើសពីពេលមុនៗទៅទៀត។ ឈើប្រណីតៗដែលត្រូវ កាប់បំផ្លាញនៅក្នុងដែនជម្រក បានដឹកចូលក្នុង ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២ គែក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន វៀតណាម ហ័ងអាញ អណ្តូងមាស។
យោងតាមការរៀបរាប់ របស់អ្នកភូមិបានឲ្យដឹងថា មន្ត្រីអនុរក្សបរិស្ថាន នៅដែនជម្រកសត្វព្រៃ បានគរសំរាម លើស្ពានឈើមួយ ទំហំប្រហែល ៣គុណនឹង៦ ម៉ែត្រ នៅត្រង់ចំណុចព្រំប្រទល់ដី ក្រុមហ៊ុន ហ័ងអាញ អណ្តូងមាស និងដែនជម្រក ដើម្បីដុតស្ពាននោះចោល កុំឲ្យមន្ត្រីបរិស្ថានថ្នាក់លើ ឆ្លងកាត់ចុះទៅពិនិត្យ ដែនជម្រកទីដែលមានការ កាប់បំផ្លាញ ព្រៃឈើ យ៉ាងអនាធិបតេយ្យ។ សកម្មភាពនេះបានកើតឡើង បន្ទាប់ពីមន្ត្រីថ្នាក់លើ បានដឹងពីរឿងកាប់បំផ្លាញឈើ ក្នុងដែនជម្រកសត្វព្រៃនោះ ហើយបានចុះទៅពិនិត្យ តែមិនមានស្ពាន ឆ្លងទៅបានទេ។
អ្នកភូមិបានអះអាងថា សកម្មភាពកាប់ឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់ បានកើតមាន ២ឆ្នាំមកហើយ ដោយមានកម្មករប្រមាណពី ៥០ទៅ៦០ នាក់ត្រូវបានគេជួល ឲ្យកាប់និងឡានជាង ១០ គ្រឿងសម្រាប់អូស និងដឹកឈើចេញ។ មានការរំលឹកផងដែរថា ពួកអភិរក្សយកលុយ ពីឧកញ៉ា ហើយឲ្យចូលកាប់ម៉ាសេរី តែបើពលរដ្ឋតូចតាចវិញ ចូលមិនបានទេ ហើយពួកកម្មករ ស៊ីឈ្នួលទាំងនោះ ឲ្យតែប្រទះឃើញ ឈើប្រណីត កាប់មិនរើសទេ ដូចជាឈើធ្នង់ បេង នាងនួន និង សុក្រំ ជាដើម។
លោក សន សុវណ្ណសុង មន្ត្រីក្រុមល្បាតបរិស្ថាន និងលោក អ៊ូ សុធី នាយកដែនជម្រកសត្វព្រៃលំផាត់ មិនទាន់អាចទាក់ទង សុំធ្វើការអត្ថាធិប្បាយបានទេ។ ដោយឡែក អាជ្ញាធរ មូលដ្ឋាន បានទទួលស្គាល់ថា បទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅតែបន្តកើតមានរាល់ថ្ងៃមែន ប៉ុន្តែមិនបានដឹងថា អ្នកណាជាអ្នកប្រព្រឹត្តនោះទេ ហើយគេកាប់ឈើ ក្នុងដែនជម្រកសត្វព្រៃ បើមន្ត្រីអនុរក្ស មិនបើកដៃឲ្យគេកាប់ទេ កាប់ម៉េចនឹងកើត? ហើយបើមិនទប់ស្កាត់ទេ ឈើក៏អស់ សត្វព្រៃក៏បាត់ដែរ៕
Source from: watphnom-news.com

Loading...
Loading...