និស្សិតស្រីឆ្នាំទី៣សាកលវិទ្យាល័យបៀលប្រាយម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយគ្រោះថ្នាក់ចរាចរណ៍
និស្សិតស្រីម្នាក់សិក្សានៅឆ្នាំទី៣ នៃសាកលវិទ្យាល័យបៀលប្រាយ បានទទួលរងស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ពេលនាងកំពុងជិះទោចក្រយានយន្ត ហើយត្រូវទោចក្រយានយន្តមួយគ្រឿងទៀតបុកនាងឲ្យដួល និងស្របពេលនោះមានរថយន្តធុនធំប្រភេទយីឌុបដឹកដំឡូងមួយគ្រឿងមកដល់កិនលើរូបនាង បណ្តាលឲ្យបែកក្បាលធ្លាយខួរតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០៥នាទី នារាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ នៅត្រង់ចំណុចទីប្រជុំជនក្បែរផ្សារបានលុង ឋិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បណ្តាលឲ្យនារីរងគ្រោះឈ្មោះ លីន លី អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជានិស្សិតឆ្នាំទី៣ សិក្សានៅសាកលវិទ្យាល័យបៀលប្រាយក្រុងបានលុង ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងគួរឲ្យសោកស្តាយរកទីបំផុតគ្មាន។
តាមការកត់សម្គាល់ជាក់ស្តែង បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងរៀងរាល់ថ្ងៃនៅប្រទេសកម្ពុជាយើង បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស រងរបួសសត្វ និងមនុស្ស ព្រមទាំងខូចខាតយានយន្តអស់យ៉ាងច្រើន ដូច្នេះ សូមបងប្អូនអ្នកបើកបរយានយន្តទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតកលាក់មុខ ៕
Source from: www.dtn7.com

Loading...
Loading...