អភិបាលរាជធានី មេប៉ូលិស មេប៉េអឹម និងមេទាហានឆត្រយោងទទួលរងការប្តឹងទៅតុលាការពីបទមនុស្សឃាត
ក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍បង្ក្រាបយ៉ាងហិង្សាដោយបាញ់ប្រហារពីសំណាក់កងកម្លាំងសមត្ថកិច្ចចម្រុះមកលើប្រជាពលរដ្ឋស៊ីវិល បណ្តាលឲ្យមានការស្លាប់បាត់បង់ជីវិតជាច្រើននាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅផ្លូវវេងស្រេងនោះ បានសម្រេចដាក់ពាក្យបណ្តឹងនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ ទៅស្ថាប័នតុលាការ ដោយប្តឹងមេសមត្ថកិច្ចមួយចំនួន ដូចជា អភិបាលរាជធានីភ្នំពេញ មេអាវុធហត្ថរាជធានីភ្នំពេញ មេទាហានឆត្រយោងលេខ៩១១ និងមេប៉ូលិសក្រសួងមហាផ្ទៃ ពីបទមនុស្សឃាតដោយចេតនាគិតទុកជាមុន ។
មេសមត្ថកិច្ចដែលទទួលរងការប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទមនុស្សឃាតដោយចេតនាគិតទុកជាមុន ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះនោះ មានឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០៧៧១ ជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក ចាប ភក្តី នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០៤៣០ ជាមេបញ្ជាការកងកម្លាំងឆត្រយោងលេខ៩១១ និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០៤៥៥៨ ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
គេមិនទាន់អាចដឹងជាមុនបានទេថា តើស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាស្ថាប័នតុលាការល្បីខាងមិនឯករាជ្យ និងដង្ហែតាមគណបក្សនយោបាយកាន់កាប់អំណាច គឺគណបក្សប្រជាជនកម្ពុជានោះ នឹងសម្រេចចោទប្រកាន់បើកការស៊ើបសួរទៅលើមេប៉ូលិស មេទាហាន មេប៉េអឹម និងអភិបាលរាជធានីភ្នំពេញ ឬក៏ត្រូវសម្រេចតម្កល់រឿងទុកឥតចាត់ការយ៉ាងណាឡើយ ។
មជ្ឈដ្ឋានអ្នកតាមដានវិស័យយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា បើតាមទម្លាប់របស់ស្ថាប័នតុលាការកម្ពុជានាសម័យរាជាណាចក្រទី២នេះ គឺភាគច្រើនឲ្យតែមានបណ្តឹងប្រឆាំងនឹងអ្នកមានអំណាច និងអ្នកមានលុយក្នុងរឿងព្រហ្មទណ្ឌ តុលាការតែងតែសម្រេចតម្កល់រឿងទុកឥតចាត់ការតែម្តង ដោយមិនខ្ចីខ្វល់ថាមានយុត្តិធម៌ ឬអយុត្តិធម៌នោះទេ ៕
Source from: www.dtn7.com

Loading...
Loading...