និយាយអំពីគោរមងារនិងឋានន្តរស័ក្តិ ព្រមទាំងសញ្ញាបត្ររបស់បុរសខ្លាំង
មានប្រិយមិត្តអ្នកអានជាច្រើននាពេលកន្លងមករហូតទល់បច្ចុប្បន្ន បានសម្តែងនូវការងឿងឆ្ងល់ថា ហេតុអ្វីបានជាគេហទំព័រសារព័ត៌មានដើមត្នោតសរសេរ ឬហៅទាក់ទងនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ជាបុរសខ្លាំង ឬថា"សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន" ? និងលើសពីនេះ មានប្រិយមិត្តអ្នកអានខ្លះចោទប្រកាន់ ព្រមទាំងវាយតម្លៃថា គេហទំព័រសារព័ត៌មានដើមត្នោតចេះតែសរសេរ ឬហៅខុសឆ្គង ខណៈដែលអ្នកខ្លះហៅថា "ហ៊ុន សែន" រីឯអ្នកខ្លះទៀតហៅថា "សម្តេចតេជា ហ៊ុន សែន" ឬ "សម្តេចតេជោ" ។
តាមការពិតទៅ គេហទំព័រសារព័ត៌មានដើមត្នោតបានសម្រេចហៅ ឬសរសេរគោរមងារថ្នាក់ដឹកនាំប្រទេស ក៏ដូចជាឋានន្តរស័ក្តិរបស់ថ្នាក់ដឹកនាំប្រទេសទៅតាមការប្រោសព្រះរាជទានដោយព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ ក្នុងន័យជាការគោរពផង ជាការគួរសមផង និងបង្ហាញពីភាពត្រឹមត្រូវផង ដោយមិនថ្លឹងថ្លែង ឬវាយប្រហារចោទប្រកាន់ទៅលើថ្នាក់ដឹកនាំប្រទេសជាតិ ឬថ្នាក់ដឹកនាំគណបក្សនយោបាយរូបនោះថាអាក្រក់ ឬល្អ មានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ ឬទាបឡើយ ដ្បិតគេហទំព័រសារព័ត៌មានដើមត្នោតគ្មានសមត្ថកិច្ចវាយតម្លៃ ឬវះកាត់ទៅលើលក្ខណៈសម្បត្តិរបស់បុគ្គលណាម្នាក់ ឬថ្នាក់ដឹកនាំប្រទេសរូបណាក្រៅតែអំពីព័ស្តុតាងទាក់ទងនឹងអំពើជាក់ស្តែងនោះទេ ។
ព័ស្តុតាងបានបង្ហាញថា ក្រៅពីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីសាកលវិទ្យាល័យនានាទាំងក្នុងប្រទេស ទាំងក្រៅប្រទេសនោះ ចាប់តាំងពីបានឡើងកាន់កាប់មុខតំណែងពេញដៃជានាយករដ្ឋមន្ត្រីតែម្នាក់ឯងនាឆ្នាំ១៩៩៨ ក្នុងអាណត្តិទី២នៃរដ្ឋសភា សម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីដ៏មានអំណាច ត្រូវបានជនជាតិឥណ្ឌា២នាក់ប្តី-ប្រពន្ធឈ្មោះ Harish C.Mehta និង Julie B.Mehta សរសេរបោះពុម្ពសៀវភៅមួយមានចំណងជើងថា "ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា-HUN SEN Strongman of Cambodia" ដោយចាត់ទុកថា សម្តេច ហ៊ុន សែន (កាលណោះមានគោរមងារជាសម្តេចនៅឡើយ) ជាបុរសខ្លាំងរបស់កម្ពុជា ហើយសៀវភៅនេះត្រូវបានបុរសខ្លាំងឲ្យធ្វើការបោះពុម្ពជាភាសាខ្មែរទៀតផង ។
នៅឆ្នាំ២០០៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជប្រទានគោរមងារសម្តេច ហ៊ុន សែន ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៧/៥០៦ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ ។
នៅឆ្នាំ២០០៩ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៨៩ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ។
នៅឆ្នាំ២០១០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងបណ្ឌិត ហ៊ុន សែន ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជាបណ្ឌិតសភាចារ្យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១០/២៩៤ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១០ ។
ដោយឡែក យោងតាមសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់នៃ IOWAWesleyan College នោះ សម្តេច ហ៊ុន សែន ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (អតីតមានលោកមេធាវី គី តិច អត្តលេខ១៥៦ ជាប្រធានគណៈមេធាវី) សម្រេចអនុញ្ញាតឲ្យធ្វើសច្ចាប្រណិធាននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ឲ្យចូលជាមេធាវីទៀតផង ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៣៥០ ។
យោងតាមហេតុផលខាងលើនេះហើយ ទើបគេហទំព័រសារព័ត៌មានដើមត្នោត ហៅលោក ហ៊ុន សែន ថា ជាបុរសខ្លាំង ឬជាសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដើម្បីបង្ហាញឲ្យឃើញថា អ្នកមានអំណាច និងអ្នកមានលុយនៅកម្ពុជានាសម័យរាជាណាចក្រទី២ ក្រោមការដឹកនាំរបស់បុរសខ្លាំង ទទួលបាននូវគោរមងារ និងឋានន្តរស័ក្តិខ្ពង់ខ្ពស់ ព្រមទាំងឈ្មោះជាបណ្ឌិតយ៉ាងព្រោងព្រាត ៕
Source from: www.dtn7.com

Loading...
Loading...