ល្បែងខ្លះមេគណបក្សប្រឆាំងគួរតែហ៊ានលេងនិងធ្វើជាគំរូដោយផ្ទាល់ចំពោះបុរសខ្លាំង
មិនមែនតែម្តងទេ គឺមានចំនួន២ដងមកហើយដែលសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បានធ្វើការគំរាមថានឹងបញ្ចេញខ្សែអាត់ថតសំឡេងនៃកិច្ចប្រជុំចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក បង្ហាញជាសាធារណៈ ដោយបុរសខ្លាំងអះអាងថា មេដឹកនាំគណបក្សប្រឆាំងបានទទួលស្គាល់លទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងទទួលស្គាល់បុរសខ្លាំងជានាយករដ្ឋមន្ត្រីរួចទៅហើយ ។
ការគំរាមលើកទី១របស់បុរសខ្លាំងបែបនេះ គឺបានកើតឡើងភ្លាមៗកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែប្រកែកមិនគោរពឆន្ទៈប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ។
ជាការឆ្លើយតបវិញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ទាំងឯកឧត្តម សម រង្ស៊ី ទាំងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានមានប្រសាសន៍ថា ស្វាគមន៍ចំពោះការចាក់ផ្សាយនូវខ្សែអាត់ថតសំឡេងជាសាធារណៈ ប៉ុន្តែសុំឲ្យមានការចាក់ផ្សាយនូវសំឡេងដើមទាំងស្រុងតែម្តង កុំឲ្យចាក់ផ្សាយតែមួយជ្រុង ឬមួយចំណុចណានោះ នាំឲ្យមានការភ័ន្តច្រឡំ ។
ទាក់ទងនឹងការគំរាមបញ្ចេញខ្សែអាត់ថតសំឡេងកិច្ចប្រជុំចរចារវាងគណបក្សនយោបាយធំៗទាំង២ពីសំណាក់បុរសខ្លាំង បានស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែលុះមកដល់ខែមករា ឆ្នាំ២០១៤កន្លងទៅនេះ ស្រាប់តែបុរសខ្លាំងធ្វើការគំរាមសាជាថ្មីម្តងទៀត គឺគម្រប់ជាលើកទី២ ដោយបុរសខ្លាំងចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងថា ពេលប្រជុំជាមួយគ្នានិយាយផ្សេង តែដល់ពេលចេញក្រៅប្រជុំធ្វើផ្សឹង ។
បុរសខ្លាំងបានអះអាង និងចោទប្រកាន់ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិថា បានព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ឈប់ទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត, ទទួលស្គាល់លទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ និងគាំទ្រខ្លួន(បុរសខ្លាំង)ជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែពេលចប់ពីប្រជុំជាមួយគ្នា បែរជាធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ និងទាមទារឲ្យខ្លួន(បុរសខ្លាំង)ចុះចេញពីតំណែងទៅវិញ ពោលគឺធ្វើយកល្អចំពោះអ្នកគាំទ្រគណបក្សខ្លួនដែលមិនដឹងអំពីខ្លឹមសារពិតប្រាកដនៃកិច្ចប្រជុំ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គម និងនយោបាយនៅកម្ពុជា បានលើកឡើងថា ជាធម្មតាក្នុងកិច្ចប្រជុំចរចាគ្នារវាងគណបក្សនយោបាយធំៗទាំងមូល ដូចជារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ គឺបើគណបក្សប្រជាជនកម្ពុជាមានខ្សែអាត់ថតសំឡេង ដូច្នេះគណបក្សសង្គ្រោះជាតិក៏មានខ្សែអាត់ថតសំឡេងដូចគ្នាដែរ និងម្យ៉ាងទៀត ឧបមាថា គណបក្សសង្គ្រោះជាតិបានព្រមព្រៀងដូចការអះអាងរបស់បុរសខ្លាំងមែនទៅចុះ ជាមួយគ្នានេះក៏ត្រូវមានសំណើទាមទារ និងការព្រមព្រៀងគ្នាវិញរបស់គណបក្សប្រជាជនកម្ពុជាដែរ ។
សរុបសេចក្តីមក ក្នុងករណីបុរសខ្លាំងចូលចិត្តគំរាមអំពីការបញ្ចេញខ្សែអាត់ថតសំឡេងបង្ហាញជាសាធារណៈទាក់ទងនឹងកិច្ចប្រជុំរវាងគណបក្សនយោបាយទាំង២ជាច្រើនដងដូច្នេះ គណបក្សសង្គ្រោះជាតិគួរតែហ៊ានលេងល្បែងនេះជាមួយបុរសខ្លាំងវិញ គឺបើបុរសខ្លាំងមិនក្លាហាន មិនសឿងបឿងទេនោះ (បានតែគំរាមរបៀបជាអ្នកលេង) ត្រូវគណបក្សសង្គ្រោះជាតិយកខ្សែអាត់ថតសំឡេងនោះយកមកចាក់ផ្សាយជាសាធារណៈ (ក្នុងនាមជាអ្នកមែន)តែម្តងទៅ ដើម្បីបំបាត់មន្ទិលសង្ស័យ ធ្វើជាគំរូផង និងបំបាក់ល្បិចកលគំរាមរបស់បុរសខ្លាំងផង ៕
Source from: www.dtn7.com

Loading...
Loading...