ចាត់វិធានការក្តៅរឹបអូសសៀវភៅ ដែលមានស្លាក «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ»
រាជធានីភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និងកីឡា នឹងសហការជាមួយ ស្ថាប័នមានសមត្ថកិច្ច ចុះរឹបអូសយកសៀវភៅ សិក្សាគោល ដែលមានស្លាក «ហាមលក់» និងស្លាក «កម្មសិទ្ធិ របស់ រដ្ឋ» នៅលើក្រប ហើយម្ចាស់បណ្ណាគារ និងម្ចាស់ តូប លក់សៀវភៅណា ដែលលក់សៀវភៅទាំងនេះ មិនត្រឹមតែមិនទទួល នូវសំណង ចំពោះការរឹបអូសនេះទេ ប៉ុន្តែត្រូវប្រឈមមុខនឹងការដាក់ទោស តាមច្បាប់ទៀតផង ព្រោះនេះជា អាជីវកម្មខុសច្បាប់ ហើយ បង្កឱ្យមានផលអវិជ្ជមាន ដល់ការអប់រំយ៉ាងខ្លាំង។
រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការលក់សៀវភៅទាំងនេះគឺ ខុសច្បាប់ ហើយអាជីវករមិនត្រឹមតែ មិនទទួល ការទូទាត់ប្រាក់សំណង ពីក្រសួងទេ តែត្រូវប្រឈមមុខនឹងការ ដាក់ទោសតាមច្បាប់ ជាធរមានថែមទៀត។ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ លោក ហង់ ជួនណារ៉ុន ក៏បានពន្យល់ដែរថា អាជីវកម្មលើសៀវភៅសិក្សាគោល ដែលត្រូវបានបញ្ជាក់ថា «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ» ធ្វើឱ្យមានបញ្ហា ចំពោះការងារអប់រំ «យ៉ាងខ្លាំង»។
ចាប់ពីថ្ងៃជូនដំណឹងនេះទៅ អ្នកទិញអាចរក ទិញដុំនិងរាយ នូវសៀវភៅសិក្សាគោល ដែលមានស្លាក «សម្រាប់លក់» ពីបណ្ណាគារ គ.ប.ច. នៃគ្រឹស្ថានបោះពុម្ព និងចែកផ្សាយរបស់ក្រសួងអប់រំ ហើយក៏អាចទិញសៀវភៅ សិក្សាគោលនានា ពីបណ្ណាគារ និងតូបលក់សៀវភៅទាំងឡាយ នៅតាមទីផ្សារផងដែរ ប៉ុន្តែត្រូវតែជាសៀវភៅ ដែលដាក់ថា «សម្រាប់លក់» ។ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា នេះជាការឆ្លើយតបមួយ របស់ក្រសួងអប់រំ ជាមួយនឹងការរកឃើញ អំពីការលេចធ្លាយ សៀវភៅរបស់រដ្ឋ ដាក់លក់នៅតាមទីផ្សារ។
មានការអះអាងផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ជំនួយ ១.៣ លានដុល្លារ សម្រាប់ការបោះពុម្ព និងចែកចាយ សៀវភៅសិក្សាគោល កម្រិតមធ្យមសិក្សា នៅតាមសាលា ក្នុងឆ្នាំ ២០១២-២០១៣ ព្រមទាំងឆន្ទៈមោះមុត ក្នុងការធ្វើកំណែទម្រង់ វិស័យអប់រំរបស់រដ្ឋមន្ត្រីថ្មី ក៏ជាកត្តានាំឱ្យមាន វិធានការណ៍រឹបអូស សៀវភៅរដ្ឋដែលដាក់លក់ តាមទីផ្សារ ដ៏អនាធិបតេយ្យផងដែរ៕
Source from: watphnom-news.com

Loading...
Loading...