ស្រវឹងស្រាបើកលឿនដូចហោះ ដួលម៉ូតូធ្លាក់ពីផ្លូវចូលទៅក្នុងស្រែ ស្លាប់ទាំង ៣នាក់
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់បុរស ៣ នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងនោះ ២ នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ ដោយសារពួកគេ ស្រវឹងស្រាជោកជាំ បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលម៉ូតូ ធ្លាក់ពីផ្លូវចូលទៅក្នុងស្រែ កាលពីម៉ោង ៦ល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិ-ឃុំផ្គាំ ស្រុកស្វាយចេក។
ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I 7041 ឌុបគ្នា ៣នាក់ ហើយអ្នកបើកម៉ូតូឈ្មោះ យៀម ឡាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។ ចំណែកអ្នករួមដំណើរជាមួយ ដែលស្លាប់ភ្លាមៗមានឈ្មោះ ថាប់ យឿក ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាឪពុករបស់ យៀម ឡាត់ និងឈ្មោះ ខាវ ថុត ភេទប្រុស អាយុ ៣៨ឆ្នាំ ហើយពួកគេទាំង ៣នាក់ មានលំនៅភូមិ-ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ ជាជាងធ្វើផ្ទះ ពេលវិលមកផ្ទះវិញ បានជួបជុំគ្នាចំនួន ៧នាក់ ដោយផឹកស្រាស និងស្រាថ្នាំ អស់ជាង ៧លីត្រ រហូតស្រវឹងជោកជាំ។ ពេលស្រវឹងហើយ ឈ្មោះ យឿម ឡាត់ ដណ្ដើមសោរបើកម៉ូតូ ថែមទាំងអួតបញ្ឈឺឪពុក និងអ្នករួមដំណើរថា "បើខ្ញុំបើកដួល ខ្ញុំធានាទិញស្រាបៀរ ១កេះ អោយផឹកទៀត កុំបាច់អន់ៗ ទៅផឹកអាស្រាស និងស្រាចំណាំង ។ ពេលបើកចេញពី វង់ផឹកស៊ីបានបន្តិច ជនរងគ្រោះទាំង ៣នាក់ បានដួលម៉ូតូខ្លួនឯង ដោយសារស្រវឹងបើកលឿន ក្នុងនោះ ២នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ៕
Source from: watphnom-news.com

Loading...
Loading...