គូស្នេហ៍វ័យក្មេងវាយតប់គ្នាលើម៉ូតូដួលតាមផ្លូវ សង្ស័យរឿងប្រចណ្ឌឬខាងប្រុសចង់ដោះដៃ
រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង បានជិះម៉ូតូឌុបគ្នា ដើរកម្សាន្តតាមផ្លូវសុខៗ មិនដឹងជាជជែកគ្នា ពីរឿងអ្វីក៏កើតជាជម្លោះ ប្រើហិង្សាវាយតប់គ្នា នៅលើម៉ូតូបណ្តាលឲ្យដួល ស្ទើរប្រកាច់ប្រកិន នៅតាមផ្លូវបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ២៣យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅហាងថ្មឯក តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី ៣ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគូស្នេហ៍វ័យក្មេង ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-7227 ឌុបគ្នាធ្វើដំណើរ ចេញពីស្តុបបុកគោ ឆ្ពោះទៅស្តុបទូតចិន ដោយមានការប្រកែកគ្នា នៅលើម៉ូតូរហូត ប៉ុន្តែគេមិនដឹងថា មានរឿងអ្វីមិនចុះសម្រុង និងគ្នានោះទេ លុះដល់ចំណុចខាងលើ ដោយសារតែភាគីខាងស្រី ទ្រាំមិនបានក៏ចាប់បោចសក់គូស្នេហ៍ បណ្តាលឲ្យរេចង្កូតម៉ូតូ ដួលប្រាវទៅនឹងថ្នល់ ហើយពួកគេបានវាយតប់គ្នា អស់ពេលជាង ២០នាទី។
ក្រោយពេលវាយតប់គ្នា អស់កម្លាំងរៀងៗខ្លួនហើយនោះ ពួកគេបានចរចាត្រូវរ៉ូវគ្នា ក៏ឡើងជិះម៉ូតូឌុបគ្នាចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង មិនដឹងថាទៅឈ្លោះគ្នា នៅកន្លែងណាទៀតទេ។ អ្នកដំណើរបាននាំគ្នាឈប់ម៉ូតូឈរមើល មិនហ៊ានចូលអន្តរាគមន៍ រឿងផ្ទាល់ខ្លួនរបស់ គូស្នេហ៍វ័យក្មេងនោះទេ។ បើតាមការសន្និដ្ឋាន របស់អ្នកដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា ជម្លោះអាចកើតឡើង ដោយសារបញ្ហាប្រចណ្ឌ ឬបានខ្លួនប្រាណហើយ ចង់ដោះដៃ ឬបញ្ហាអ្វីផ្សេងៗ ដែលមានតែសាម៉ីខ្លួនប៉ុណ្ណោះ ទើបអាចស្រាយបំភ្លឺបាន៕
Source from: watphnom-news.com

Loading...
Loading...