សុំលុយប្អូន ៥ពាន់រៀល ទិញស្រាផឹកមិនបាន យកកាំបិតចុងស្រួច ចាក់សម្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានចិត្តសាហាវឃោរឃៅ បានយកកូនកាំបិតចុងស្រួច ចាក់សម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួន ដោយសារតែរឿងជម្លោះ សុំលុយពីប្អូន ៥០០០ រៀល ទៅទិញស្រាផឹកមិនបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាមោង ១១និង៣០ នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចផ្ទះលេខ ឆ ៤៣ ផ្លូវលេខ៣៦៩ ក្រុមទី៩ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងទង់ ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិវៀតណាម ហើយបងប្រុសចិត្តតិរិច្ឆាន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ង្វៀង យ៉ាំងសាង ហៅ ញ៉ុក ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាកម្មករ បច្ចុប្បន្នស្នាក់នៅ ចំណុចកើតហេតុខាងលើ ។ មុននឹងមានអំពើ ឃាតកម្មកើតឡើង គឺកាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ជនល្មើសឈ្មោះ ង្វៀង យ៉ាំងសាង បានសុំលុយ ពីប្អូនប្រុសឈ្មោះ ង្វៀង យ៉ាំងទង់ ចំនួន ១ម៉ឺនរៀល យកទៅទិញស្រាផឹក ហើយប្អូនប្រុសក៏ព្រមឲ្យ ។
លុះដល់ម៉ោង ៩យប់ ថ្ងៃដដែល ជនសង្ស័យបានសុំលុយ ពីប្អូនប្រុសចំនួន ៥០០០ រៀល បន្ថែមទៀត ប៉ុន្តែត្រូវប្អូនប្រុស បាននិយាយថា គ្មានលុយទេ ។ ភ្លាមៗនោះជនសង្ស័យ បានចេញពីផ្ទះ រហូតដល់ម៉ោងហូបបាយ ទើបជនសង្ស័យចូលមកផ្ទះវិញ ទាំងកំហឹង រួចឡូឡា រករឿងម្តាយ និងប្អូនប្រុស រហូតកើតមានទំនាស់ពាក្យសំដី ទើបជនសង្ស័យ ស្ទុះទៅទាញ កូនកាំបិតចុងស្រួច មកចាក់ចំក្រោមទ្រូង ប្អូនបង្កើតចំនួន ៣កាំបិត បណ្តាលឲ្យហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ធ្ងរ ។ ស្ត្រីជាម្តាយបានដឹក យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ បានស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធ័មបំផុត៕
Source from: watphnom-news.com

Loading...
Loading...