ចំណុចខ្សោយរបស់បុរសខ្លាំងគឺការទប់អារម្មណ៍ខ្លួនឯងមិនបានលើការសម្រេចចិត្តនានាក្នុងនាមជានាយករដ្ឋមន្ត្រី
មិនមែនជារឿងរ៉ាវសាមញ្ញពេកទេ តែវាជាករណីគួរឲ្យពិចារណាយ៉ាងយកចិត្តទុកដាក់បំផុត នៅពេលដែលបុរសខ្លាំងក្នុងនាមជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ ឬជាថ្នាក់ដឹកនាំប្រទេសទាំងមូល បែរជាទប់អារម្មណ៍ខ្លួនឯងមិនបានលើការសម្រេចចិត្តនានាចំពោះមុខមន្ត្រីក្រោមឱវាទ និងក្រុមឈ្មួញគ្រាក់ៗដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្លួន ហើយទុកឲ្យភាគីឈ្មួញជាអ្នកសម្រេចទាំងបង្ខំចិត្ត និងធ្វើចំណារខ្លួនឯងហាមចិត្ត និងអំពើខ្លួនឯងជានាយករដ្ឋមន្ត្រី តាមលិខិតលាយលក្ខណ៍អក្សរក្នុងសេចក្តីជូនដំណឹង(ស.ជ.ណ)របស់ទីស្តីការគណៈរដ្ឋមន្ត្រី បង្គាប់ប្រាប់ទៅមន្ត្រីក្រោមឱវាទនិងមន្ត្រីស្ថាប័នផ្សេងៗទៀតទៅវិញ។
ព័ស្តុតាងបានបង្ហាញឲ្យឃើញរួចហើយកាលពីអំឡុងឆ្នាំ២០០១ មានរឿងក្តីព្រហ្មទណ្ឌមួយរវាងលោកឧកញ៉ា លី សាយឃាង ជាប់ចោទនៅស្ថាប័នតុលាការ ពីបទក្លែងលិខិតស្នាម គៃបំបាត់សម្បត្តិទ្រព្យ និងប្រាក់ក្រុមហ៊ុនម៉េង ស្រ៊ាង ហើយសំណុំរឿងក្តីនេះមានការលូកដៃលូកជើងអន្តរាគមន៍សឹងគ្រប់ទិសទីពីមន្ត្រីគ្រាក់ៗក្រោមឱវាទបុរសខ្លាំង ចូលមកក្នុងស្ថាប័នតុលាការ ។ ក្រោយមក យោងតាមចំណារចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ របស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ទើបរាជរដ្ឋាភិបាលបុរសខ្លាំងបានសម្រេចជាគោលការណ៍ឲ្យបន្តដំណើរការតាមផ្លូវច្បាប់តទៅទៀត ហើយគ្មានបុគ្គលណាមួយ រាប់ទាំងនាយករដ្ឋមន្ត្រីជ្រៀតជ្រែកក្នុងដំណើរការនេះបានឡើយ និងការស្វែងរកចាប់ខ្លួនឈ្មោះ លី សាយឃាង តាមដីកាតុលាការត្រូវធ្វើបន្តទៀត តាមស្មារតីលិខិតលេខ២០៧៩សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ពាក់ព័ន្ធនឹងរឿងក្តីដែលមានអ្នកធំអន្តរាគមន៍គគ្រឹកគគ្រេងខាងលើនេះ បានបង្ហាញឲ្យឃើញថា បុរសខ្លាំងទើសទាល់ពន់ពេកជាមួយនឹងការអន្តរាគមន៍គ្រប់ជ្រុងពីមន្ត្រីក្រោមឱវាទ ប៉ុន្តែទោះជាយ៉ាងនេះក្តី បុរសខ្លាំងមិនហ៊ានចាត់ការទៅលើក្រុមមន្ត្រីខិលខូចទាំងនោះទេ បែរជាងាកមកសម្រេចហាមឃាត់ទប់អារម្មណ៍ខ្លួនឯងជានាយករដ្ឋមន្ត្រីតាមលិខិតលាយលក្ខណ៍អក្សរទៅវិញ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាហួសចិត្តជាអនេកចំពោះចំណាត់ការរបស់បុរសខ្លាំង សូម្បីតែខ្លួនឯងជានាយករដ្ឋមន្ត្រីទៅហើយ ក៏ដាក់បំរាមតាមលិខិតលាយលក្ខណ៍អក្សរដែរ ។
មានព័ស្តុតាងមួយទៀតក្នុងចំណោមព័ស្តុតាងដ៏ច្រើនទាក់ទងនឹងរឿងវិវាទដីធ្លីរវាងអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងលោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច កាលពីអំឡុងឆ្នាំ២០០៧ គឺបុរសខ្លាំងបន្ទាប់ពីធ្វើចំណារចុះឡើង មិនហ៊ានវះកាត់សម្រេចផ្តល់យុត្តិធម៌ឲ្យគីភាគីវិវាទ ឬភាគីណាមួយបានអស់ចិត្តទេ បែរជាដាក់សម្ពាធតម្រូវឲ្យភាគីវិវាទទាំង២ព្រមព្រៀងធ្វើលិខិតលាយលក្ខណ៍អក្សររួមគ្នា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ ស្ម័គ្រចិត្តចែកដីគ្នាគោរពជូនបុរសខ្លាំងទៅវិញ ។ តមក ទើបរាជរដ្ឋាភិបាលបុរសខ្លាំងសម្រេចបញ្ចប់ជាស្ថាពរករណីទំនាស់ដីធ្លីទំហំជាង៥៥ហិកតា រវាងក្រុមហ៊ុនផានអ៊ីម៉ិច និងក្រុមហ៊ុនសូគីម៉ិច ដូចមានចែងក្នុងលិខិតសំណូមពរចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧ របស់ភាគីវិវាទទាំង២ តាមស្មារតីលិខិតលេខ១៧៦៩ សជណ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ លើសពីនេះ រាជរដ្ឋាភិបាលបុរសខ្លាំងបានធ្វើការគំរាមទៀតថា បើភាគីណាមួយមិនសុខចិត្ត គឺត្រូវចាត់ទុកជាការប្រមាថដល់រាជរាដរដ្ឋាភិបាល ដល់អាជ្ញាធរ និងដល់សាមីខ្លួនឯងដែលបានព្រមព្រៀងគ្នារួចហើយទៀតផង ។
ព័ស្តុតាងមួយចំនួនដូចបានរៀបរាប់ខាងលើនេះ បានបង្ហាញឲ្យឃើញថា ការសម្រេចរបស់បុរសខ្លាំងគឺកើតចេញពីការទប់អារម្មណ៍ខ្លួនឯងមិនបានឡើយចំពោះក្រុមឈ្មួញជិតស្និទ្ធ និងមន្ត្រីក្រោមឱវាទជំនិតៗ ឬអាចនិយាយថា ជាការសម្រេចចិត្តកើតចេញពីអារម្មណ៍មិនច្បាស់លាស់ប្រកបដោយជំនាញខាង "គោះលុយ" ទាំងពីឈ្មួញ ទាំងពីមន្ត្រី ។
ទាំងនេះគឺជាចំណុចខ្សោយរបស់បុរសខ្លាំងដែលទប់អារម្មណ៍ខ្លួនឯងមិនបានលើការសម្រេចចិត្តក្នុងនាមជានាយករដ្ឋមន្ត្រី ដែលអាចជាបច្ច័យអាក្រក់បំផុតសម្រាប់វាសនាអនាគតរបស់ប្រទេសជាតិ និងរបស់ប្រជាពលរដ្ឋ ដ្បិតការសម្រេចចិត្តទាំងឡាយរបស់ថ្នាក់ដឹកនាំប្រទេសកើតចេញពីអារម្មណ៍មិនច្បាស់លាស់របៀប "ចុះហត្ថលេខានឹងដៃ រួចហើយលុបវិញនឹងជើង" គឺជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ក្រោមស្នាដៃរបស់ថ្នាក់ដឹកនាំដែលមិនទទួលខុសត្រូវ ៕
Source from: www.dtn7.com

Loading...
Loading...