ដោយសារទឹកភ្នែកនិងការសំពះអង្វរ នាំឲ្យឪពុកម្តាយទន់ចិត្ត ឈប់បំបែកស្នេហាកូនស្រី
រាជធានីភ្នំពេញ ៖ គូសង្សារវ័យក្មេង ស្រឡាញ់ថ្នាក់ថ្នមគ្នា យ៉ាងផ្អែមល្ហែមបេះមិនចេញ ទោះជាម្តាយចង់បំបែក ក៏កូនស្រីនៅតែប្តេជ្ញា យកតួឯកប្រុសជាប្តីប្រពន្ធ បណ្តាលឲ្យឪពុកម្តាយ ខឹងកូនស្រីខ្លាំងពេក រត់ទៅប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនទាំង ២នាក់ នាំទៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ភាគីខាងស្រីមានឈ្មោះ ឯម ស្រីណែត អាយុ ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចថា នាងដាច់ខាតមិនបែកគ្នាជាមួយសង្សារបណ្តូលចិត្តរបស់នាង ឈ្មោះ សុខ ជឹម អាយុ ២០ឆ្នាំ ជាកម្មករថែសួន ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនោះទេ ទោះជាចាប់នាង និងប្រុសកំណាន់យកទៅដាក់គុក វាយដំច្រំធាក់ យ៉ាងណាក៏ដោយ។
ឈ្មោះ ឯម ស្រីណែត បានបន្តទៀតថា នាងបង្កាត់ភ្លើងស្នេហ៍ ជាមួយឈ្មោះ សុខ ជឹម អស់រយៈកាលជិត ២ខែកន្លងមកហើយ បន្ទាប់ពីនាង ចូលធ្វើការរោងចក្រ ហើយនាងបាន បង្ហូរទឹកភ្នែក លន់តួក្រាបសំពះអង្វរ សុំការសណ្តោសប្រណី ពីឪពុកម្តាយ ដើម្បីបានរួមរស់ ជាមួយគ្នា ជាគូអនាគត កុំបំបែកបំបាក់ ពួកនាងទៀត។ អ្នកទាំង ២បានសារភាព ថា កន្លងមកពួកគេ ធ្លាប់ណាត់រួមរស់ជាមួយគ្នា ៤លើក មកហើយ តែបានមិនបានស៊ីជម្រៅ ទាំងអស់ ដោយពួកគេរងចាំសែនព្រេន រួចរាល់ហើយសិន មិនហ៊ានរំលងប្រពៃណីទេ។
ឪពុកម្តាយខាងស្រី បានឲ្យដឹងថា កូនស្រីរបស់គាត់ បានលួចបង្កាត់ភ្លើងស្នេហា ជាមួយអ្នកថែសួន រហូតដល់ព្រលប់ថ្ងៃទី០២ ខែកុម្ភៈ ដោយមានការសង្ស័យថា កូនស្រីរបស់គាត់ ទៅដេកនៅផ្ទះឈ្មោះ សុខ ជឹម ក៏តាមមើលឃើញជាក់ស្តែង ទើបរត់ទៅប្តឹងនគរបាល ឲ្យជួយអន្តរាគមន៍ ដោយយកលេសថា កូនស្រីគាត់មានវ័យទើតែ ១៤ឆ្នាំតែប៉ុណ្ណោះ ដែលតាមពិតទៅ នាងមានអាយុ ១៨ឆ្នាំ ទៅហើយ ។ ទីបញ្ចប់ដោយសារទឹកភ្នែក និងការសំពះអង្វរ អាណាព្យាបាល បានដកពាក្យបណ្តឹង និងលែងរំខាន ដល់ស្នេហាកូនទៀតហើយ តែមទាំងរកឱកាស សែនព្រេនផ្សំផ្គុំ ឲ្យក្លាយជាប្តីប្រពន្ធ ៕
Source from: watphnom-news.com

Loading...
Loading...