ស្ត្រីម្នាក់ត្រូវឃាតកកាប់ស្លាប់ក្នុងថ្លុកឈាម ពេលទៅឃ្វាលគោ ចម្ងាយមួយគីឡូម៉ែត្រពីផ្ទះ
ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ កាប់នឹងវត្ថុរឹង ២កន្លែងដូចពូថៅ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ពេលទៅឃ្វាលគោ ចម្ងាយពីផ្ទះជាង ១គីឡូម៉ែត្រ ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតចំណុចវាលស្រែ តាយ៉េន ក្នុងភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ស្ត្រីរងគ្រោះមានឈ្មោះ ឈួម ហួច អាយុ ៤២ឆ្នាំ មានប្តីឈ្មោះ សុទ្ធ ឡែម អាយុ ៤៧ឆ្នាំ មានកូនស្រី ២នាក់ ប្រុសម្នាក់ មានទីលំនៅ ក្នុងភូមិកើតហេតុ ។ សមត្ថកិច្ចបានចុះទៅពិនិត្យមើល ឃើញស្ថានភាព សពស្ត្រីរងគ្រោះ មានគ្របចំបើងពីលើ មានស្លាកស្នាមជាំភ្នែកស្តាំ និងបាក់ធ្មេញ មានស្នាមកាប់នៅកញ្ចឹងក ២កន្លែង ដោយវត្ថុរឹងដូចពូថៅ។ សាក្សី ៤នាក់ ជាសាច់ញាតិសពបានឱ្យដឹងថា ជនរងគ្រោះស្នាក់នៅ ជាមួយកូនប្រុសអាយុ ៤ឆ្នាំ និងម្តាយវ័យជាង ៦០ឆ្នាំ ចំណែកប្តី និងកូនក្រមុំបានទៅធ្វើការងារ នៅប្រទេសថៃ។
សាក្សីបានឲ្យដឹងថា កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានដឹកគោ ទៅចងនៅវាលស្រែ លុះដល់ម៉ោង ១១បាត់ មិនឃើញត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររក ពេលទៅដល់វាលស្រែ ឃើញមួកនិងស្បែកជើង ជនរងគ្រោះ ក៏ដើរស្រែកហៅរក រួចស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះដេកស្លាប់ផ្កាប់មុខ មានគ្របចំបើងពីលើ នៅក្នុងគុម្ពោតព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើល រាយការណ៍ជូន សមត្ថកិច្ចតែម្តង។ លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បានសន្និដ្ឋានថា ករណីឃាតកម្មខាងលើនេះ គឺដោយសារគំនុំ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកជនសង្ស័យ នាំទៅផ្តន្ទាទោសតាមច្បាប់ ៕
Source from: watphnom-news.com

Loading...
Loading...