កំណែទម្រង់ស៊ីជម្រៅរបស់លោក ម៉ឹង យូឡេង គឺបន្ថយការងារឬផ្លាស់ប្តូរមន្ត្រីស្អាតស្អំ ដាក់បក្ខពួករបស់គាត់ ឲ្យទៅកាន់ការងារលុយកាក់
ខេត្តកណ្តាល ៖ ចាប់តាំងពីត្រូវបានតែងតាំង ឲ្យឡើងជំនួសតំណែងលោក មាស សឿន ដែលត្រូវបានថ្នាក់លើ ដាក់ឲ្យចូលនិវត្តន៍ គេសង្កេតឃើញលោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានឱកាសផ្លាស់ប្តូរមន្ត្រី ដែលមានអតីតភាពការងារយូរឆ្នាំ និងមិនសូវស៊ីសង្វាក់ជាមួយគាត់ ដោយជ្រកក្រោមលេសកែទម្រង់ ធ្វើឲ្យមន្ត្រីមួយចំនួនក្តៅក្រហាយ មិនសប្បាយចិត្តទាល់តែសោះ ហើយនាំគ្នាស្រែកដង្ហោយ ហៅរកភាពយុត្តិធម៌ នៅតាមតុកាហ្វេ ឬហាងផឹកស៊ី ប៉ុន្តែគេមិនដែលឃើញ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ពិនិត្យដោះស្រាយបញ្ហានេះ ម្តងណាឡើយ ទុកឲ្យមន្ត្រីតូចតាច រងនូវការឈឺចាប់រកទីបំផុតគ្មាន ហើយក្រុមឈ្មួញមួយចំនួន ក៏បានរអ៊ូរទាំអំពីករណី ដែលក្រុមជញ្ជីងថ្លឹង រថយន្តផ្ទុកលើសទម្ងន់ ដែលបានកោសរូសឲ្យពួកគេ បង់លុយតាមតែអំពើចិត្ត។
មន្ត្រីតូចតាចមួយចំនួន បានលើកឡើងថា រៀងរាល់ពេលបើកកិច្ចប្រជុំ លោក ម៉ឹង យូឡេង បានលើកឡើង អំពីកំណែទម្រង់ស៊ីជម្រៅ ដើរឲ្យទាន់សភាពការណ៍ ហើយគាត់បានឃ្លាំមើលសកម្មភាពការងារ របស់មន្ត្រីធំៗតាមការិយាល័យ ដែលអាចរកចំណូល ទៅច្រកហោប៉ៅគ្រប់បែបយ៉ាងទាំងអស់ រហូតឈានដល់ ការចាប់កំហុសមន្ត្រីមួយចំនួន ជាលេសដើម្បីឲ្យមានការផ្លាស់ប្តូរដាក់បក្ខពួករបស់គាត់ ទៅកាន់ការងារលុយកាក់ទាំងនោះ ទោះបីជាបក្ខពួករបស់គាត់ គ្មានជំនាញ និងគ្មានសមត្ថភាពក៏ដោយ។ ក្រោមការដឹកនាំ របស់លោក ម៉ឹង យូឡេង មន្ទីរសាធារណការ ខេត្តកណ្តាល ក្លាយជាអង្គភាពមួយ ពោរពេញដោយអំពើ បក្ខពួកនិយម និងពុករលួយ ខ្លាំងជាងជំនាន់លោក មាស សឿន ទៅទៀត ក៏ព្រោះតែលោក ម៉ឹង យូឡេង បានយកពាក្យកែទម្រង់ មកអនុវត្តន៍សម្រាប់ការដក គ្នាគេចេញ ហើយដាក់គ្នាគាត់ចូល។
និយាយពីទីតាំង ជញ្ជីងថ្លឹងរថយន្ត នៅចំណុចឧដុង្គ ដែលកំពុងបង្កភាពអនាធិបតេយ្យ ប្រមូលលុយពីរថយន្ត ដឹកជញ្ជូនទំនិញទាំងផ្ទុកលើសទម្ងន់ និងមិនលើសទម្ងន់ តាមតែអំពើចិត្តមិនដែលខ្វល់ខ្វាយ ពីការបង្ក្រាបការផ្ទុកលើសទម្ងន់ ម្តងណាឡើយ ឲ្យតែមានលុយបង់ជូន ក្រុមមន្ត្រីដែលប្រចាំការនៅទីនោះ ក្នុងមួយរថយន្តចាប់ពី ៥ម៉ឺនដល់១០ ម៉ឺនរៀល អាចធ្វើអ្វីៗតាមតែទំនើងចិត្ត។ សម្រាប់រថយន្តដឹកផលកសិកម្ម ឆ្លងកាត់ផ្លូវជាតិលេខ៥ យកទៅលក់នៅស្រុកយួន មិនដែលគេចផុតពីក្រសែភ្នែក របស់មន្ត្រីសាធារណការ ដែលដាក់ប៉ុស្តិ៍ ជជុះចាំប្រមូលលុយ ពីរថយន្តដឹកជញ្ជូនទំនិញ នៅចំណុចស្រុកឧដុង្គ នោះទេ បើបង់លុយទៅតាមការទាមទាររបស់ពួកគេ នឹងគ្មានផលរមាស់អ្វីឡើយ ប៉ុន្តែបើហ៊ានតថ្លៃ ឬលើកហេតុផលផ្សេងៗដើម្បីគេចវេះ ពីការបង់លុយ ច្បាស់ជាត្រូវមន្ត្រីសាធារណការទាំងនោះ ចាប់ឃាត់រថយន្តទុក ធ្វើឲ្យខាតបង់ពេលវេលា ឬឈានដល់ ការខូចខាតទំនិញផងដែរ។
លោក ម៉ឹង យូឡេង មិនដែលខ្វល់ខ្វាយ ពីការជួសជុលផ្លូវនៅក្នុងខេត្តកណ្តាល ដែលកំពុងតែ ប្រឈម នឹងការខូចខាតធ្ងន់ធ្ងរនោះទេ ជាក់ស្តែងផ្លូវជាតិលេខ២ ចាប់ពីក្រុងតាខ្មៅ រហូតដល់ព្រំប្រទល់ខេត្តតាកែវ ត្រូវបានបំផ្លាញដោយសារ តែការផ្ទុកលើសទម្ងន់ បង្កើតជាជង្ហុក និងបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្តាលឲ្យស្លាប់ និងរងរបួសអ្នកដំណើរ គេមិនដែលឃើញ ជំនាញសាធារណការរបស់លោក ម៉ឹង យូឡេង ចុះទៅជួសជុលចាក់លុបគ្រលុក សម្បុកមាន់ទាំងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ម្តងណាឡើយ។ ពេលខ្លះទៀតមានការបំប៉ោង គម្រោងចំណាយ សម្រាប់ការជួសជុលផ្លូវស្ពាន ឬការចាត់ចែងថវិកាគម្រោង ឬលុយជំពូក មិនត្រឹមត្រូវតាមគោលដៅ ដែលជារូបភាពឃុបឃិត ប្រព្រឹត្តអំពើពុករលួយ កិបកេងចំណូលថវិកាជាតិ ទាំងនោះទៅច្រកហោបៅ ធ្វើមានធ្វើបានយ៉ាងរំភើយ។
សម្រាប់កំណែទម្រង់ស៊ីជម្រៅ គឺទាមទារឲ្យមន្ត្រីគ្រប់ អង្គភាពស្ថាប័ន ពិនិត្យមើលកំហុសឆ្គង របស់ខ្លួនឡើងវិញ ជាពិសេសអំពើពុករលួយ និងភាពអសកម្ម ដែលកើតមានជាយូរមកហើយ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត យ៉ាងអាម៉ាស់មុខ ហើយបើគ្មានការកែទម្រង់ ភាពអសកម្មទេនោះ ការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន ក៏គ្មានន័យអ្វីដែរ។ ជាក់ស្តែងគ្រាន់តែក្នុងអង្គភាព មន្ទីរសាធារណការ ខេត្តកណ្តាល ដឹកនាំដោយលោក ម៉ឹង យូឡេង នៅតែមានបញ្ហាបក្ខពួកនិយម អសកម្ម និងការចាត់តាំងឲ្យមន្ត្រី ចុះដាក់ប៉ុស្តិ៍ជជុះ ប្រមូលលុយពីឡាន ដឹកទំនិញគ្រប់ប្រភេទ យកទៅចែកគ្នាធ្វើមាន ធ្វើបានផ្ទាល់ខ្លួន។ រឿងហេតុមិនប្រក្រតី នៅតែកើតមានដដែលៗ នៅក្នុងអង្គភាពស្ថាប័នរដ្ឋ គឺថ្នាក់ដឹកនាំទាំងនោះ មិនដែលខ្វល់ខ្វាយ ពីការកែទម្រង់ ហើយព្យាយាមគ្រប់បែបយ៉ាង ដើម្បីតែងតាំងមន្ត្រីជា បក្ខពួករបស់ខ្លួនឲ្យ កាន់ការងារលុយកាក់ ងាយស្រួលឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ យ៉ាងស្ងៀមស្ងាត់៕
Source from: watphnom-news.com

Loading...
Loading...