ក្រសួងសេដ្ឋកិច្ចបើកការស៊ើបអង្កេតរឿងអាស្រូវពុករលួយនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំហើយ
ប្រភពព័ត៌មានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី បានឲ្យដឹងថា ក្រោយពីបណ្តាសារព័ត៌មានធ្វើការចុះផ្សាយហែកកកាយរឿងពុករលួយនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ មានលោក សុខ សុផល ជាប្រធានរួចមកនោះ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្តម ជា វុធណា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានប្រតិភូ ឲ្យចុះបើកការស៊ើបអង្កេតធ្វើសវនកម្មរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៤ ក្នុងរឿងអាស្រូវពុករលួយនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំនេះហើយ ។
តាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានឲ្យដឹងថា ដំណើរការរបស់គណៈប្រតិភូបានកោះហៅមន្ត្រីក្នុងមន្ទីរមកសាកសួរជាសម្ងាត់ដើម្បីស្វែងរកការពិត ខណៈនៅក្នុងពេលសាកសួរនោះមានមន្ត្រីថ្នាក់ខ្ពស់របស់មន្ទីរជាច្រើននាក់បានទម្លាយរឿងអាស្រូវពុករលួយរបស់លោក សុខ សុផល ជាប្រធានមន្ទីរឲ្យធ្លាយចេញចំហធ្លុងតែម្តង រីឯមន្ត្រីមួយចំនួនទៀតក៏មិនហ៊ាននិយាយស្តីដែរ ព្រោះខ្លាចលោក សុខ សុផល ដឹងមានការគុំកួន ដ្បិតលោកប្រធានមន្ទីរជំនាញខាងរករឿងឈ្លោះខ្លាំងណាស់ ។
ព័ត៌មានពីសាលាខេត្តកំពង់ធំបានឲ្យដឹងដែរថា ក្រោយបញ្ចប់ការសាកសួរមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តកំពង់ធំរួចរាល់ គណៈប្រតិភូក៏បានធ្វើការសាកសួរមន្ត្រីនៅតាមមន្ទីរក្នុងខេត្តមួយចំនួនទៀតដែរ និងចុងក្រោយគណៈប្រតិភូនឹងជួបជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ។
ក្រុមមន្ត្រីរាជការបម្រើការងារនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលទទួលរងការគាបសង្កត់ពីលោកប្រធានមន្ទីរ សុខ សុផល នោះ បានសម្តែងនូវការអបអរសាទរចំពោះគណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចុះស៊ើបអង្កេតរឿងអាស្រូវពុករលួយនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ហើយពួកគេសង្ឃឹមថា គណៈប្រតិភូនឹងបំពេញការងារមិនលុះក្នុងអំពើអគតិ ដើម្បីស្វែងរកឲ្យឃើញការពិតក្នុងរឿងរ៉ាវពុករលួយដ៏ល្បីសុសសាយនេះ ។
ប្រសិនបើប្រិយមិត្តអ្នកអានចង់ស្វែងយល់អំពីរឿងអាស្រូវពុករលួយដ៏ល្បីល្បាញនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលមានលោក សុខ សុផល ជាប្រធានមន្ទីរនោះ សូមចូលមកអានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោត(WWW.DTN7.COM)ចុះផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ៕
Source from: www.dtn7.com

Loading...
Loading...