ស្រីក្រមុំម្នាក់បោះបង់ការសិក្សានិងគ្រួសារមករួមរស់ជាមួយបណ្តូលចិត្តជាកម្មករលក់នំបុ័ងព្រោះឥទ្ធិពលស្នេហា
ស្រីក្រមុំវ័យ១៨ឆ្នាំម្នាក់ និងជាកូនរបស់ឪពុក-ម្តាយមានជីវភាពធូរធារសមរម្យផងនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ និងក្រុមគ្រួសាររបស់នាង ស្ម័គ្រចិត្តមករួមរស់ជាមួយបុរសបណ្តូលចិត្តអាយុ២០ឆ្នាំ មានមុខរបរជាកម្មករលក់នំបុ័ង ដោយស្នាក់នៅបន្ទប់តូចចង្អៀតនៃផ្ទះជួលមួយកន្លែងអស់រយៈពេលប្រមាណ២ខែ ទើបត្រូវបានឪពុកម្តាយខាងស្រីស្វែងរកឃើញនាំខ្លួនគូស្នេហ៍លលកញីឈ្មោលទាំងពីរប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនាងក្រមុំ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ។
លោកអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា រឿងរ៉ាវស្នេហាកម្លោះក្រមុំនេះ លោកបានទទួលពាក្យបណ្តឹងពីឪពុកម្តាយខាងស្រីឲ្យចាត់ការតាមច្បាប់ទៅលើយុវជនជាគូស្នេហ៍នោះ ប៉ុន្តែក្រោយការពិនិត្យល្អិតល្អន់ឃើញថា គូស្នេហ៍ទាំងពីរមានអាយុគ្រប់ការ និងស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់ គ្មាននរណាបង្ខំនរណា ដូច្នេះទើបកម្លាំងសមត្ថកិច្ចរបស់លោកមិនឃាត់ខ្លួនយុវជនជាគូស្នេហ៍របស់នាងក្រមុំឡើយ ហើយគ្រាន់តែធ្វើការអប់រំណែនាំដល់ពួកគេប៉ុណ្ណោះ ។
គូស្នេហ៍ទាំងពីរបានអះអាងប្រាប់សមត្ថកិច្ចឲ្យដឹងថា ទំនាក់ទំនងស្នេហារបស់ពួកគេត្រូវបានរារាំងដោយឪពុកម្តាយខាងស្រី ព្រោះតែមិនឲ្យកូនស្រីយកប្តីមានការងារជាកម្មករលក់នំបុ័ង មានប្រាក់ខែត្រឹម៣០ម៉ឺនរៀលក្នុង១ខែនោះ ។ លើសពីនេះ ដើម្បីសម្រេចការរារាំងឲ្យបាន ឪពុកម្តាយខាងស្រីបានចោទប្រកាន់ទៅលើយុវជននោះថាជាមនុស្សញៀនថ្នាំទៀតផង ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងដែរថា ដើមចមដែលនាំឲ្យគូស្នេហ៍វ័យក្មេងទាំងពីរមានមានតួប្រុសឈ្មោះ ម៉ី ណាក់ និងតួស្រីឈ្មោះ មរកត មុខរបរជាសិស្ស អាចប្រព្រឹត្តទៅបានដោយសារពួកគេមានទំនាក់ទំនងស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខតាំងពីឆ្នាំ២០១២មកម្ល៉េះ ។ ក្រោយមក ពួកគេទាំងពីរនាក់ក៏បានបន្តទាក់ទងគ្នាជាញឹកញាប់ រហូតបានក្លាយជាគូស្នេហ៍យ៉ាងស្អិតរមួត ហើយនាងក្រមុំជាតួស្រីក៏បានសម្រេចចិត្តបញ្ឈប់ពីការសិក្សា និងរត់ចេញពីឪពុកម្តាយ ក្រុមគ្រួសារ បងប្អូនរបស់នាង ទៅរួមរស់ជាមួយយុវជនកម្លោះជាតួប្រុសក្នុងបន្ទប់ផ្ទះជួល ។
ដោយស្ថានភាពរបស់គូស្នេហ៍ទាំងពីររស់នៅក្នុងបន្ទប់ផ្ទះជួល ហើយខាងប្រុសជាកម្មករលក់នំបុ័ង មានប្រាក់ខែចំនួន៣០ម៉ឺនរៀលនោះ ទើបធ្វើឲ្យខាងស្រីជាសង្សារសម្រេចចិត្តទៅធ្វើការងារជាបុគ្គលិកចាប់ទឹកកកក្នុងហាងខារ៉ាអូខេមួយ ដោយទទួលបានប្រាក់ខែប្រមាណ១០០ដុល្លារអាមេរិកយកមកចាយវាយទប់ទល់ជីវភាពរបស់ពួកគេទាំងពីរនាក់ ។
នៅចំពោះមុខសមត្ថកិច្ច ក្រោយពេលដឹងថាឪពុកម្តាយខាងស្រីបានតាមស្វែងរក និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនយុវជនកម្លោះនោះ ខាងតួប្រុសដែលមានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កើតក្នុងត្រកូលអ្នកក្រីក្រ មកធ្វើជាកម្មករលក់នំបុ័ង ស្នាក់នៅផ្ទះជួលម្តុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងតួស្រីជាកូនអ្នកមានជីវភាពធូរធារនៅក្នុងតាខ្មៅ ខេត្តកណ្តាល បានយំឱបគ្នាសម្រក់ទឹកភ្នែកសស្រាក់ ពោរពេញដោយអារម្មណ៍ភ័យព្រួយគួរឲ្យសង្វេគ ក្នុងន័យអង្វរករចំពោះសមត្ថកិច្ចឲ្យមានការអាណិតអាសូរដល់ពួកគេជាគូស្នេហ៍ប្តូរផ្តាច់ ។
គេមិនទាន់បានដឹងថា តើឪពុកម្តាយខាងស្រីដែលជាអ្នកមានទ្រព្យសម្បត្តិធូរធារ នឹងយោគយល់កម្រិតណាដល់គូស្នេហ៍វ័យក្មេងទាំងពីរនេះ ឬដូចម្តេចនោះនៅឡើយទេ ៕
Source from: www.dtn7.com

Loading...
Loading...