អធិការនិងអធិការរងនគរបាលស្រុកបន្ទាយមាសខេត្តកំពតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួនពីបទប្រព្រឹត្តពុករលួយ
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការចាប់ឃាត់ខ្លួនអធិការម្នាក់ និងអធិការរងម្នាក់ទៀតនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ខេត្តកំពត ពីបទប្រព្រឹត្តអំពើពុករលួយ ប្រមាណ២៥៧.៤៤១.២៣៥រៀល(ប្រមាណជាង៦ម៉ឺនដុល្លារអាមេរិក) និងត្រូវបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់នេះទៅសាលាដំបូងខេត្តកំពតចាត់ការតាមច្បាប់ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការចាប់ឃាត់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយនោះ មានឈ្មោះ ស្រ៊ុន ឡាំ ជាអធិការ និងគូកនម្នាក់ទៀតឈ្មោះ ម៉ុក ហ៊ត ជាអធិការរងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ខេត្តកំពត ដែលបានប្រព្រឹត្តអំពើពុករលួយដូចខាងក្រោម ៖
១-បានកាត់ប្រាក់បៀវត្សរ៍របស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ២០០៨រហូតមក ។
២-បានបើកយកប្រាក់បៀវត្សរ៍របស់មន្ត្រីនគរបាលដែលមិនមកបំពេញការងារចំនួនពី២នាក់ទៅ៨នាក់ជារៀងរាល់ខែ ចាប់តាំងពីឆ្នាំ២០០៨រហូតមក ។
៣-ការកេងយកប្រាក់ឧបត្ថម្ភកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ។
៤-បានទទួលយកសំណូកពីមេល្បែងស៊ីសង និងជនល្មើសនៃករណីព្រហ្មទណ្ឌ ជាថ្នូរនឹងការមិនបញ្ជូនសំណុំរឿងទៅតុលាការ ។
៥-បានបង្គាប់មន្ត្រីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍បង់លុយឲ្យខ្លួនជារៀងរាល់ខែ ។
៦-បានចាត់តាំងកម្លាំងនគរបាលឲ្យប្រមូលលុយពីអាជីវកររកស៊ីទិញស្រូវ ។
៧-បានប្រើអាវុធខុសច្បាប់ដែលទាក់ទិននឹងអង្គហេតុពុករលួយ ។
៨-បានជ្រៀតជ្រែកក្នុងដំណើរការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តកំពត បានឲ្យដឹងថា បន្ទាប់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត គឺលោក ជុំ សំបាន ជាតំណាងអយ្យការទទួលបន្ទុកសំណុំរឿង ធ្វើការសាកសួររួចមក ក៏បានសម្រេចបើកការស៊ើបសួរចោទប្រកាន់ទៅលើជនសង្ស័យទាំង២នាក់ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតសម្រេចឃុំខ្លួនជនត្រូវចោទទាំង២នាក់នេះដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ៕
Source from: www.dtn7.com

Loading...
Loading...