សមត្ថកិច្ចនគរបាលនាយប៉ុស្តិ៍រដ្ឋបាលម្នាក់យកកាំភ្លើងខ្លីបាញ់ស្រីស្នេហ៍ស្លាប់ភ្លាមៗនៅក្នុងបន្ទប់ផ្ទះជួល
កាលពីវេលាម៉ោង២០និង៣០នាទីយប់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចនគរបាលនាយប៉ុស្តិ៍រដ្ឋបាលម្នាក់បានផ្ទុះអាវុធបាញ់ស្រីស្នេហ៍របស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងបន្ទប់ផ្ទះជួល ឋិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រួចហើយជនសង្ស័យដែលជានាយប៉ុស្តិ៍រដ្ឋបាលនោះបានរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងដូនកែវបានឲ្យដឹងថា នារីជាស្រីស្នេហ៍របស់នាយប៉ុស្តិ៍រដ្ឋបាលដែលទទួលរងការបាញ់ប្រហារដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ សន យិន អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ជាស្ត្រីមេម៉ាយកូន២ និងមានមុខរបរជាស្រីបម្រើក្នុងហាងខារ៉ាអូខេមានទីតាំងឋិតជាប់នឹងផ្ទះជួលកន្លែងកើតហេតុខាងលើ ។ រីឯជនសង្ស័យដែលបង្កឲ្យមានការផ្ទុះអាវុធ និងបណ្តាលឲ្យមានមនុស្សស្លាប់នោះ មានឈ្មោះ ស៊ិន ពៅ អាយុ៤៨ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងដែរថា មុនពេលកើតហេតុ បុរសជានាយប៉ុស្តិ៍បានមកជួបស្រីស្នេហ៍របស់ខ្លួន និងបានដេកជាមួយគ្នា ស្រាប់តែមានទំនាស់ពាក្យសម្តីបន្តិចបន្តួច អាចសង្ស័យជារឿងប្រច័ណ្ឌ រួចជនបង្កក៏បានយកកាំភ្លើងខ្លីម៉ាក K54 បាញ់១គ្រាប់ចំប្រឡោះក្លៀកខាងឆ្វេងធ្លាយទៅស្តាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈនៅក្រោយពេលកើតហេតុ ជនបង្កក៏បានជិះទោចក្រយានយន្តរបស់ខ្លួនយកទៅទុកចោលនៅវាលស្រែ ឋិតក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រួចហើយគេចខ្លួនបាត់ ។
សមត្ថកិច្ចដូនកែវបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីបានប្រទះឃើញទោចក្រយានយន្តរបស់ជនបង្កទុកចោលនៅកណ្តាលវាលស្រែនាវេលាម៉ោង០២និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤នេះ សមត្ថកិច្ចក៏បានឆែកឆេរនៅក្រោមកែបទោចក្រយានយន្តឃើញមានកាំភ្លើងខ្លីម៉ាក K54 មួយដើម និងគ្រាប់ចំនួន៧គ្រាប់ និងក៏បានកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
ចំពោះសាកសពនារីរងគ្រោះដែលកាលពីនៅរស់រានមានជីវិតមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យជាយូរមកហើយ ខណៈជនសង្ស័យក៏មានប្រពន្ធកូនដែរនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅវត្តក្នុងក្រុងដូនកែវ រង់ចាំសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យបានប្រពៃណីសាសនា ៕
Source from: www.dtn7.com

Loading...
Loading...