រៀបការបានកន្លះខែមានជម្លោះទាស់ទែង ប្តឹងប្រពន្ធពីការនាំប្រុសសហាយ មកដេកក្នុងបន្ទប់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ប៉ុស្ដិ៍រដ្ឋបាលដង្កោ បានកោះហៅស្ត្រីម្នាក់ ទៅសួរនាំកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ដែលបុរសជាប្ដីចោទប្រកាន់ថា ប្រពន្ធរបស់គាត់ បានទូរស័ព្ទហៅ ប្រុសសហាយ មកដេកជាមួយ ខណៈ ដែលគាត់ទៅដេក នៅផ្ទះម្ដាយមីង ហើយចាប់តាំងពីរៀបការ បានរយៈពេលកន្លះខែ មានភាពរកាំរកូស មានជម្លោះទាស់ទែង មិនចេះចប់។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសជាប្ដីមានឈ្មោះ សេង លី អាយុ ២៧ឆ្នាំ មានមុខរបរជា អ្នកលក់ដូរទឹកក្រូច មានស្រុកកំណើត នៅស្អាង ខេត្ដកណ្ដាល បានរៀបការជាមួយប្រពន្ធ ឈ្មោះ ប៉ាវ វណ្ណៈ អាយុ ២៤ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរវិញហួរ មានស្រុកកំណើត នៅខេត្ដកំពត តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅគេហដ្ឋានខាងស្រី ដោយហៅភ្ញៀវចូលរួម៤០តុ ។ ក្រោយពីរៀបការរួចទាំង ២នាក់ប្ដីប្រពន្ធ បានមកជួលបន្ទប់ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរស់នៅ និងធ្វើការរកស៊ីចិញ្ចឹមជីវិត។
ប៉ុន្ដែតាំងពីមករស់នៅទីនេះ បុរសជាប្ដីនិងប្រពន្ធរបស់គាត់ ពុំសូវចុះសម្រុងនឹងគ្នាទេ ហើយល្ងាចថ្ងៃទី២៥ ខែមីនា បុរសជាប្ដីនិងប្រពន្ធ បានទាស់សម្ដីគ្នាយ៉ាងចាស់មាត់ រហូតដល់ម៉ោងជិត ១០យប់ ប្ដីក៏ចេញទៅផ្ទះមាមីង របស់គាត់នៅក្បែរនោះ។ ស្រាប់តែនៅវេលាម៉ោង ២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា បុរសជាប្ដីបានត្រឡប់មកផ្ទះវិញ ក៏ឃើញបុរសម្នាក់ ឈ្មោះ ម៉ៅ សុខា អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅខេត្ដស្វាយរៀង ចូលដេកជាមួយប្រពន្ធរបស់គាត់ នៅក្នុងបន្ទប់ជួលនោះ ហើយគាត់ក៏មកប្ដឹងសមត្ថកិច្ច ដោយចោទប្រកាន់ថា ប្រពន្ធមានសហាយស្មន់ និងផិតក្បត់ ។
បុរសជាប្ដីបន្ដថា គាត់ប្ដឹងប្រពន្ធរបស់គាត់ ពីករណីសហាយស្មន់ ហើយគាត់ក៏ប្ដឹង ទាមទារបណ្ណាការវិញ ព្រោះគាត់មិនអាចរស់នៅ ជាមួយប្រពន្ធគាត់ទៀតបានទេ ។ ដោយឡែកបុរសដែលលបលួច ចូលដេកជាមួយប្រពន្ធគេ ឈ្មោះ ម៉ៅ សុខា បានឲ្យដឹងថា គាត់ អត់ជាប់ពាក់ពន្ធអ្វី ជាមួយប្រពន្ធរបស់ លោក សេង លី នោះទេ ព្រោះថា រវាងប្រពន្ធលោក សេង លី នឹងរូបគាត់ផ្ទាល់ បានស្គាល់គ្នាយូរណាស់មកហើយ តាំងពី ៥ឆ្នាំ មុនពេលរៀបការឯណោះ ហើយនៅយប់ថ្ងៃទី២៥ ខែមីនា គាត់បានមកចូលដេកបន្ទប់ជួល របស់ប្រពន្ធលោក សេង លី មែនតែអត់បានលើដេកគ្រែ ជាមួយប្រពន្ធគាត់ទេ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា នេះជាករណីសហាយស្មន់ ជារឿងស៊ីវិល ត្រូវបញ្ជូនទៅឱ្យ សាលាសង្កាត់ ជាអ្នកដោះស្រាយបន្ត៕
Source from: watphnom-news.com

Loading...
Loading...