ឡានដឹកឈើចេញពីតំបន់ភ្នំព្រិច បើកបុកម៉ូតូប៉ើងទៅទើរលើមែកឈើ ស្លាប់ ២នាក់
ខេត្តក្រចេះ ៖ យុវជន ២នាក់ បានស្លាប់ជាបន្តបន្ទាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម៉ូតូបានប៉ើងទើលើមែកឈើ កម្ពស់ ២ម៉ែត្រ ខណៈដែលពួកគេជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តកាមរីដឹកឈើ បើកបុកម៉ូតូពីក្រោយ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយរថយន្តបង្ក បានក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់វាលស្រែ។
បុរសរងគ្រោះទាំង ៣នាក់ រួមមាន ១-ឈ្មោះ សិត ប៊ុនណា អាយុ ២៤ឆ្នាំ បានស្លាប់នៅនិងកន្លែងភ្លាមៗ ទី២-ឈ្មោះ យូ សំអុល អាយុ ២៩ឆ្នាំ បានស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យបង្អែកស្រុកស្នួល និងទី៣-ឈ្មោះ ឈិន រ៉ុង អាយុ ២២ឆ្នាំ បានរងរបួសធ្ងន់ ។ អ្នកទាំង ៣មកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកអាល់ហ្វា ពណ៌ខ្មៅ ។ យោងតាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹកឈើបានបើកបុកជនរងគ្រោះ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យផ្លោងខ្ទាតជាច្រើនម៉ែត្រ។
រថយន្តបង្ក ម៉ាកកាមរីស៊េរីឆ្នាំ១៩៩១ ពណ៌ស ពាក់ស្លាកលេខ ឆ-៨៥៤៦ ភព២ ដឹកឈើធ្នង់ខុសច្បាប់ មានចំនួនជិត ១ម៉ែត្រគូប ចេញពីតំបន់ភ្នំព្រិច ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល នាំឆ្ពោះទៅកាន់ឃ្លាំង ទិញឈើធំៗនៅព្រំដែន ស្រុកស្នួល ខេត្តក្រចេះ បានក្រឡាប់ធ្លាក់ចូលក្នុងវាលស្រែ បន្ទាប់ពីបានបុកម៉ូតូ អូសជាច្រើនម៉ែត្រ ហើយអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបង្កហេតុរួច៕
Source from: watphnom-news.com

Loading...
Loading...