ក្រុមមន្ត្រីលាតត្រដាងអំពើពុករលួយដល់ឆ្អឹងរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ
រឿងអាស្រូវពុករលួយរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ និងគូកនមួយចំនួនទៀត ត្រូវបានក្រុមមន្ត្រីក្រោមឱវាទលើកយកមកធ្វើការលាតត្រដាងជាសាធារណៈ ដោយសារកម្រិតនៃអំពើពុករលួយនេះបានរីកសុសសាយល្បីល្បាញយ៉ាងសម្បើមខ្លាំងណាស់ក្នុងអាណត្តិដឹកនាំរបស់លោកប្រធានមន្ទីរ ស៊ីវ សុខន ដ៏មហិមា ។
ក្រុមមន្ត្រីក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានធ្វើការលាតត្រដាងនូវអំពើពុករលួយដល់ឆ្អឹងរបស់លោកប្រធានមន្ទីរ ស៊ីវ សុខន ដែលល្បីល្បាញខាងពូកែអួតយកឈ្មោះរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មកប្រើ និងឯកឧត្តម ឡាយ វណ្ណៈ ជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ ថាជាមេយុវជនរបស់ខ្លួននោះ ដូចតទៅ ៖
១-បើកយកប្រាក់បៀវត្សរ៍របស់គ្រូបង្រៀនចំនួន៦៣នាក់ទូទាំងខេត្តតាកែវដែលមិនមកបំពេញការងារ តែទៅធ្វើការនៅស្ថាប័នផ្សេងក្រៅពីវិស័យអប់រំ ។
២-ប្រើប្រាស់លោក ម៉ិច សម្បត្តិ ជាអនុប្រធានការិយាល័យបុគ្គលិក ឲ្យចុះប្រមូលលុយក្នុងការតែងតាំងតួនាទី មុខតំណែងនាយក នាយករងសាលាជាហូរហែ ដូចជា វិទ្យាល័យសម្តេចឪ, វិទ្យាល័យ ហ៊ុន សែន ក្រាំងស្លា, វិទ្យាល័យ សុខ អាន សំរោង, វិទ្យាល័យសុខ អាន សូបិណ…។ល។
៣-ដកលុយតាមកម្មវិធីរបស់ការិយាល័យយុវជនចំនួន៨លានរៀល យកមកចាយវាយផ្ទាល់ខ្លួន ដោយបន្ថយថ្ងៃសិក្សារបស់សិក្ខាកាមអស់រយៈពេលចំនួន៦ថ្ងៃក្នុង១វគ្គ ដែលទាំងអស់មានចំនួន២វគ្គ ក្នុងឆ្នាំ២០១៣ ។
៤-តែងបង្គាប់បញ្ជាទៅលើគណនេយ្យឲ្យដកលុយប្រគល់មកខ្លួនជាប្រធានមន្ទីរ ដើម្បីចាយវាយខុសខ្ទង់តាមអំពើចិត្តម្តងៗមិនតិចជាង៤០លានរៀល(ប្រមាណ១ម៉ឺនដុល្លារអាមេរិក)នោះឡើយ ។
៥-ដកប្រកាក់តម្រូវការរបស់មន្ទីរពីខែសីហា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៤នេះ ប្រមាណ៥០០លានរៀល យកទៅប្រើប្រាស់ខុសគោលដៅ ធ្វើឲ្យមន្ទីរទាំងមូលជួបប្រទះនឹងបញ្ហាថវិកា ។
៦-យកលុយសំណូកពីការផ្លាស់ប្តូរគ្រូចាស់ និងទើបចេញថ្មី (ប្តូរគ្រូពីសាលាខ្វះគ្រូ ទៅសាលាលើសគ្រូបង្រៀន)ចំនួន២៣២នាក់ក្នុងម្នាក់ៗចំនួនពី៥០០ដុល្លារអាមេរិកទៅ៨០០ដុល្លារអាមេរិក បូករួមទាំងគ្រូបឋមសិក្សាឡើងទៅបង្រៀននៅអនុវិទ្យាល័យចំនួន៥៣នាក់ផង ។
៧-កាត់លុយអាហារូបករណ៍របស់សិស្សានុសិស្ស ពិសេសសិស្សអាហារូបករណ៍ដែលបោះបង់ការសិក្សា គឺមន្ទីរកាត់យក៥០ភាគរយ និងនាយកសាលាកាត់យក៥០ភាគរយ ។
៨-មន្ត្រីអប់រំជាច្រើននាក់បានទទួលប្រាក់មុខងារមិនសមស្របតាមតួនាទី ដ្បិតតែអំពើពុករលួយកាត់លុយរបស់លោកប្រធានមន្ទីរដែលប្រមូលបានយ៉ាងហោចណាស់ចំនួន២លានរៀលក្នុង១ខែ ។
៩-លុយជួសជុលទីលានកីឡដ្ឋានខេត្តចំនួន២២លានរៀល ព្រមទាំងលុយសម្រាប់ការប្រកួតកីឡាត្រូវបានបាត់បង់និងរួញខើច ដោយសារអំពើពុករលួយរបស់លោកប្រធានមន្ទីរ និងបក្ខពួក ។
១០-មានសកម្មភាពមិនប្រក្រតីក្នុងការរៀបចំតែងតាំងមុខតំណែងឲ្យលោក ម៉ិច សម្បត្តិ, លោក មាស ផុន, លោកស្រី ចាន់ វណ្ណៈ និងលោក ស្រី ចាន់បូរ៉ាត់ ជាថ្នូរនឹងលុយសំណូក ជូនលោកប្រធានមន្ទីរ ។
ប្រភពព័ត៌មានពីក្រុមមន្ត្រីមួយចំនួនបានឲ្យដឹងថា លោក ស៊ីវ សុខន បានឡើងកាន់មុខតំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ដោយសារការក្លែងបន្លំសញ្ញាបត្រ ដ្បិតគាត់រៀនសូត្របានថ្នាក់ទី៦ ជាគ្រូមានសញ្ញាបត្រត្រឹមកម្រិតបឋមសិក្សា បន្លំឯកសារដើម្បីធ្វើសមាហរណកម្ម ទៅជាមន្ត្រី"ខ" ដោយផ្ទេរពីយុវជនខេត្តនាឆ្នាំ១៩៩០ មិនធ្លាប់ឆ្លងកាត់សាលាគរុកោសល្យ ឬមជ្ឈមណ្ឌលគរុកោសល្យភូមិភាគណាមួយឡើយ និងអតីតជាមេកងក្នុងរបបខ្មែរក្រហមនៅព្រះនេត្រព្រះ ។
ក្រុមមន្ត្រីរាជការនៅក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការទៅលើសកម្មភាពនៃការប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរ ស៊ីវ សុខន ផង ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការក្រោមឱវាទទាំងមូល ។
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះ គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ស៊ីវ សុខន បាននៅឡើយ ទាក់ទងនឹងការចោទប្រកាន់ថា លោកប្រព្រឹត្តអំពើពុករលួយ ដ្បិតទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន ៕
Source from: www.dtn7.com

Loading...
Loading...