មហាអំណាចអាមេរិកនិងចិនទាមទារឲ្យម៉ាឡេស៊ីផ្តល់នូវព័ស្តុតាងជាក់លាក់ទាក់ទងនឹងការប្រកាសថាយន្តហោះបាត់ខ្លួនធ្លាក់ក្នុងសមុទ្រឥណ្ឌា
ថ្វីដ្បិតកាលពីរាត្រីថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០១៤កន្លងមក ឯកឧត្តម Najip Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-200 មានជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់ដែលបាត់ខ្លួនជិត២០ថ្ងៃមកហើយនោះ បានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង និងបានសម្លាប់អ្នកដំណើរទាំងអស់ក្នុងយន្តហោះ ដែលជាការសោកស្តាយ និងសោកសៅក៏ដោយ ក៏មូលេហតុពិតប្រាកដទាក់ទងនឹងជើងហោះហើរ MH370 ព្រមទាំងយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះកំពុងឋិតនៅជាអាថ៌កំបាំងនៅឡើយ ខណៈដែលប្រទេសមហាអំណាចអាមេរិក និងចិនទាមទារឲ្យអាជ្ញាធរម៉ាឡេស៊ីផ្តល់នូវព័ស្តុតាងជាក់លាក់ពាក់ព័ន្ធនឹងការប្រកាសព័ត៌មាននេះ ។
ជាមួយនឹងការប្រកាសអះអាងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដូច្នេះ ក្រុមហ៊ុនអាសកាចរណ៍ម៉ាឡេស៊ីក៏បានផ្ញើសារទៅកាន់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះរួចហើយ ដោយសម្តែងនូវការសោកស្តាយជាពន់ពេក ដែលយន្តហោះមានជើងហោះហើរ MH370 បានបាត់នៅសមុទ្រឥណ្ឌាភាគខាងត្បូង ហើយពុំមានអ្នកនៅរស់ ។ លើសនេះ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានប្រកាសផ្តល់ប្រាក់សំណងបន្ថែមជូនដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទៀតផង ។
សហរដ្ឋអាមេរិកដែលមានពលរដ្ឋរបស់ខ្លួនឋិតនៅក្នុងយន្តហោះម៉ាឡេស៊ីបាត់ដំណឹងដែរនោះ មិនទាន់ជឿជាក់ទៅលើការប្រកាសអះអាងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលថា យន្តហោះបានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង និងបានសម្លាប់មនុស្សក្នុងយន្តហោះទាំងអស់នោះនៅឡើយ ដ្បិតគ្មានព័ស្តុតាង ខណៈដែលប្រទេសចំនួន៦ រួមមាន អាមេរិក អូស្ត្រាលី ជប៉ុន ចិន កូរ៉េខាងត្បូង និងញូវហ្សេឡែន កំពុងចូលរួមរុករកយន្តហោះដែលបាត់ដំណឹងនៅមហាសមុទ្រឥណ្ឌាយ៉ាងសកម្ម ។
ក្រសួងការបរទេសប្រទេសចិនបានឲ្យដឹងថា បច្ចុប្បន្ន ចិនបានបញ្ជូននាវាជួយសង្គ្រោះចំនួន១៤គ្រឿង និងនាវាចម្បាំងចែកចេញជា៣ទិសដៅ នៅក្នុងការរុករកនៅតំបន់សមុទ្រប្រទេសអូស្ត្រាលី ឈូងសមុទ្របែនហ្គាល និងតំបន់សមុទ្រជុំវិញប្រទេសឥណ្ឌូនេស៊ី ដែលបរិវេណត្រូវរុករកមានទំហំ១៥.០០០គីឡូម៉ែត្រក្រឡា ។
កងកម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជូនឧបករណ៍ស្វែងរកប្រអប់ខ្មៅរបស់យន្តហោះទៅកាន់សមុទ្រឥណ្ឌារួចហើយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ។
ដោយឡែក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិរបស់អ្នកដំណើរតាមជើងហោះហើរ MH370 នៃយន្តហោះដែលបាត់ខ្លួននោះ បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីនៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីបង្ហាញអំពីកំហឹង និងការអាក់អន់ចិត្តរបស់ពួកគេទៅលើអាជ្ញាធរម៉ាឡេស៊ី ។ ក្រុមបាតុករខ្លះបានលើកស្លាកបដាបង្ហាញពីការអាក់អន់ចិត្ត និងទុក្ខព្រួយ និងក្រុមបាតុករខ្លះពាក់អាវសស្រែកយំបួងសួងឲ្យអ្នកដំណើរតាមជើងហោះហើរ MH370 ឲ្យពួកគេបានវិលត្រឡប់មកវិញ ។
អ្នកឯកទេសអាមេរិកបានបញ្ជាក់ថា បើទោះបីរកប្រអប់ខ្មៅយន្តហោះឃើញក៏ដោយ ក៏មិនអាចបកស្រាយលាតត្រដាងឲ្យបានអស់នូវរឿងរ៉ាវដែលបានកើតឡើងក្នុងយន្តហោះដែលបាត់ខ្លួននោះដែរ ដ្បិតឧបករណ៍ថតសំឡេងក្នុងបន្ទប់បើកបរដែលអាចរក្សាទុកត្រឹមតែរយៈពេល២ម៉ោង អាចត្រូវបានបាត់បង់ទាំងស្រុង ។
លោក គ្រីស្ទយ៉ា តេស អ្នកឯកទេសអាកាសចរណ៍អង់គ្លេស បានឲ្យដឹងដែរថា យន្តហោះដឹកអ្នកដំណើរ Boeing777-200 តាមជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ដំណឹងនោះ បានបាត់ទំនាក់ទំនងពីរ៉ាដា ហើយបែរជាអាចហោះហើរបន្តទៀតជាច្រើនម៉ោងបានរាប់ពាន់គីឡូម៉ែត្រ ។ ដូច្នេះ ប្រសិនបើរកប្រអប់ខ្មៅយន្តហោះឃើញ ក៏មិនអាចលាតត្រដាងអំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានគ្រោះថ្នាក់នៅក្នុងយន្តហោះនោះដែរ គឺអ្វីៗនឹងឋិតនៅជាអាថ៌កំបាំងដដែល ៕
Source from: www.dtn7.com

Loading...
Loading...