ល្មុមដល់ពេលកោសខ្យល់ក្រុមចោរហារយរបស់លោក សេង ប៊ុនតេង ដែលតែងតែលួចឈើពីឡានដឹកបទល្មើស ក្នុងបន្ទាយប៉េអឹមខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែ លោកវរៈសេនីយ៍ត្រី សេង ប៊ុនតេង ជាជំនួយការលោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ បានបើករថយន្តវីហ្គោ ដែលចាប់បានពីបទល្មើសថ្មីៗនេះ ដេញតាមប្រម៉ាញ់ចាប់រថយន្តក្រុង ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ 3A-6463 បានដឹកឈើគ្រញូង ចេញពីខេត្តព្រះវិហារ ឃាត់ចាប់បានចំណុចភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រួចនាំមកទុកក្នុងបន្ទាយ បិទទ្វារបងចាក់សោរជាប់ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ហាមមិនអោយអ្នកសារព័ត៌មាន ព្រមទាំងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចូលទៅពិនិត្យភ្លាមៗនោះទេ ដោយអះអាងថា ជាបទបញ្ជាពីថ្នាក់លើ ។
ហេតុការណ៍នេះ គេដឹងថា គ្រាន់តែជាល្បិចខូច របស់ក្រុមលោក សេង ប៊ុន តេង ក្នុងការពន្យាពេលនាំគ្នាលួចឈើគ្រញូង ជិតអស់ពីរថយន្ត ទើបឲ្យក្រុមអ្នកសារព័ត៌មានចូល និងសមត្ថកិច្ចដទៃទៀត ចូលទៅក្នុងបន្ទាយ កងរាជអាវុធហត្ថខេត្ត។ មួយសន្ទុះក្រោយមកឈើគ្រញូង ជាច្រើនដុំត្រូវបានលោក សេង ប៊ុនតេង បញ្ជាឲ្យកូនចៅ លួចយកទៅលាក់ទុក នៅខាងក្រោយអាគារអស់មួយចំនួន និងមួយចំនួនទៀត លើកដាក់គោយន្តយកទៅលាក់ទុក នៅសល់តែចំនួន ៧ដុំស្មើនិង ០,៨៤២ ម៉ែត្រ គូបប៉ុណ្ណោះ។ ក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់បានស្គាល់ពីលកល្បិច ដ៏អាក្រក់របស់ លោក សេង ប៊ុនតេង បាននាំគ្នាដើរទៅក្រោយបន្ទាយ ខ្លះឡើងលើរបង ក្នុងគោលបំណងថតរូបភាព តែត្រូវបាន លោក សេង ប៊ុនតេង ជេរប្រមាថដល់អ្នកសារព័ត៌មាន និងគំរាមកំហែង។
ប្រភពពត៌មានពីម្ចាស់រថយន្តក្រុង ដឹកគ្រញូងសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់គ្រាន់តែជាអ្នកស៊ីឈ្នូល ដឹកឈើគ្រញូងឲ្យគេ ក្នុងតំលៃ ៥.០០០ ដុល្លារចេញមកពីទឹកដីខេត្តព្រះវិហារ។ ឈើសរុបទាំងអស់មានចំនួន ១៦ដុំ រួមមាន មុខ ៦០ប្រវែង ២ម៉ែត្រកន្លះ ១ដុំ, មុខ ៤០ប្រវែង ២ម៉ែត្រកន្លះ ៤ដុំ, មុខ ៣០ប្រវែង ២ម៉ែត្រកន្លះ ៧ដុំ, មុខ ៣០ប្រវែង ៣ម៉ែត្រ ២បន្ទះ, មុខ ៣០ប្រវែង ២ម៉ែត្រ ១ដុំ និងមុខ ៤០ប្រវែង ២ម៉ែត្រ ១ដុំ ក្នុងតម្លៃជាង ៧ម៉ឺន ដុល្លាអាមេរិច។ នៅពេល ដែលគាត់ទទួលដំណឹងថា ឈើគ្រញូងចំនួន ១៦ដុំ ត្រូវបាន លោក សេង ប៊ុន តេង ជាជើងខ្លាំងស្ទាក់ចាប់បាន ហើយនាំរថយន្តមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តលួចយកឈើជិតអស់នោះ ពួកគាត់ខឹងណាស់ ព្រោះពួកគាត់រកស៊ីដឹកឈើ វាជាអំពើខុសច្បាប់ប្រាកដមែន។
ប៉ុន្តែប្រសិនណាសមត្ថកិច្ចចាប់បាន ហើយរក្សាចំនួនឈើនៅធាតុដើមនោះ ពួកគាត់សុខចិត្តចូលខ្លួនមកទទួល ការពិន័យទៅតាមផ្លូវច្បាប់។ តែពេលនេះឈើគ្រញូង របស់ពួកគាត់ត្រូវបានពួកចោរហារយ នាំគ្នាលួចយកជិតអស់ ហើយមេចោរអស់នោះ គឺជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាមេក្លោងដ៏ឧក្រិដ្ឋ ខាងរកស៊ីដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ផងដែរ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ លោក សេង ប៊ុនតេង ធ្លាប់បានចាប់រថយន្តក្រុង ១គ្រឿងរបស់មិត្តភក្ត័គាត់ ពណ៌សរលាយកាប់ស្តាំង ដែលបានដឹកឈើគ្រញូងសរុបជាង ៥តោន រួចនាំចូលក្នុងបន្ទាយដូចគ្នាដែរ តែត្រូវបានពួកចោរហារយ លួចស្ទើរតែនឹងអស់នៅសល់ តែចំនួន ២៦ដុំទម្ងន់ ៦៧៥ គីឡូក្រាមប៉ុណ្ណោះ។
ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ ពីភាពអនាធិបតេយ្យ របស់លោក សេង ប៊ុនតេង ក្នុងការពង្រាយកូនចៅ ឲ្យប្រមូលលុយពីជំនួញឈើខុសច្បាប់ និងសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាសបួន សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេត្តាជួយពិនិត្យ កោសខ្យល់ និងធ្វើសរសៃដល់ លោក សេង ប៊ុនតេង ជាបន្ទាន់ផង កុំទុកឲ្យនៅធ្វើព្យុះធ្វើភ្លៀងរាល់ថ្ងៃ ព្រោះវាធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថដទៃទៀត ដែលស្អាតស្អំដេកស៊ីតែប្រាក់ខែ៕
Source from: watphnom-news.com

Loading...
Loading...