ប្រកបអាជីពដាក់ខែ ដឹកស្រីៗតាមហាងផឹកស៊ីទៅផ្ទះនៅពេលយប់ ត្រូវចោរវាយប្លន់ម៉ូតូ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបនារី ២នាក់ ចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ក៏ត្រូវក្រុមចោរប្លន់មានគ្នា ៣នាក់ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង បានធ្វើសកម្មភាពភ្ជង់ និងវាយជនរងគ្រោះ មួយស្នាប់កាំភ្លើង ប្លន់យកម៉ូតូម៉ាក ហុងដាសេ១២៥នៅចំណុចច្រកចូល ហាងខារ៉ាអូខេ បុប្ផាជាយដែន រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។
ជនរងគ្រោះមានឈ្មោះ ញោន វិបុល ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0243 ស៊េរី២០១៤ ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ទៅដឹកនារី ២នាក់ ដាក់ខែចេញពីធ្វើការ នៅហាងផឹកស៊ីមួយកន្លែង ម្តុំផ្សារបឹងត្របែក រួចពួកគេក៏បានជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ ៩៩ ក្នុងទិសដៅពីជើងទៅត្បូង។
ខណៈនោះក៏ស្រាប់តែ មានជនសង្ស័យ ៣នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូម៉ាកស្គូពី មួយគ្រឿង គ្មានស្លាកលេខ បានធ្វើសកម្មភាពភ្ជង់ រួចវាយក្បាលជនរងគ្រោះ មួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាល ហូរឈាម រងរបួសធ្ងន់ ហើយក្រុមជនសង្ស័យ បានដណ្តើមយកម៉ូតូ ជិះគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តាគមន៍ និងនាំជនរងគ្រោះ ឲ្យទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ៕
Source from: watphnom-news.com

Loading...
Loading...