មន្ត្រីនាយកដ្ឋានវិទ្យុទាក់ទង ជិតអស់ការងារធ្វើ ដោយសារក្រុមហ៊ុនបរកែវ មានសិទ្ធិផ្តាច់មុខប្តូរប្រព័ន្ធ និងលក់លេខអាយឌី បង្កព្យុះភ្លៀងតាមចិត្ត
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលរាប់ពាន់នាក់ ក្នុងរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមហ៊ុនបរកែវ ខណៈដែលមានសិទ្ធិគ្រប់គ្រង ប្រព័ន្ធវិទ្យុទាក់ទង ហើយក្រឡុកមន្ត្រីនគរបាល តាមតែអំពើចិត្ត តាមរយៈការប្តូរប្រព័ន្ធជាញឹកញាប់ ហើយតាមដំណឹងល្ហិចល្ហៀងបានឲ្យដឹងថា ក្រុមហ៊ុនបរកែវ គ្រោងនិងផ្លាស់ប្តូរលេខថ្មី បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ ធ្វើឲ្យពួកគាត់ខាតបង់លុយកាក់ មួយជាន់ទៀតហើយ តែមិនដែលឃើញថ្នាក់លើ យកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហានេះ ម្តងណាឡើយ។
មន្ត្រីនគរបាលបាននិយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះថា មិនយូរនោះទេ វិទ្យុទាក់ទង និងត្រូវផ្លាស់ប្តូរលេខថ្មី បន្ថែមទៀត ខណៈដែលខណ្ឌ៧មករា ចាប់ផ្តើមផ្លាស់ប្តូរលេខមុនគេ ។ ការផ្លាស់ប្តូរវិទ្យុទាក់ទង ពីមួយទៅមួយនេះ ធ្វើឲ្យមន្ត្រីជាច្រើនរិះគន់ គ្រាដែលពួកគាត់កំពុងត្អូញត្អែរ ពីបញ្ហាប្រាក់ខែ និងប្រាក់ចំណូល ដែលតិចតួចរកតែលុយ ទិញអង្កច្រកឆ្នាំងសឹងគ្មាន ។ មន្ត្រីម្នាក់បានរៀបរាប់ថា យ៉ាងណោចណាស់ ពួកគាត់ត្រូវចំណាយលុយយ៉ាងតិច ២០០ដុល្លារ ក្នុងការទិញសំបក វិទ្យុទាក់ទងតម្លៃជិត ១០០ដុល្លារ រីឯលេខវិទ្យុទាក់ទងតម្លៃជាង ១០០ដុល្លារ។ មន្ត្រីម្នាក់ៗ អាចមានវិទ្យុទាក់ទងពី ២ទៅ៣ គ្រឿង ហើយក្នុងក្រុងភ្នំពេញ មានមន្ត្រីរាប់រយនាក់ នេះមិនទាន់គិតមន្ត្រីនគរបាល តាមនាយកដ្ឋាន ក្រសួងមហាផ្ទៃ ឬអគ្គស្នងការដ្ឋាន នគរបាលជាតិផងទេ។
ការគ្រប់គ្រងលេខអាយឌី អាយកូម ឬលេខហ្វ្រេកង់វិទ្យុទាក់ទង គឺជាសមត្ថកិច្ច របស់ប៉ូលិសជំនាញ ជាអ្នកគ្រប់គ្រង មិនមែនផ្នែកឯកជន ជាអ្នកគ្រប់គ្រងដូចសព្វថ្ងៃនេះទេ តើក្រសួងមហាផ្ទៃ បានជ្រាបរឿងនេះ ដែរឬអត់ ? ឬមួយបានដឹងឮដែរ តែមិនចាប់អារម្មណ៍ ? បើតាមច្បាប់នៃការគ្រប់គ្រង ប្រើប្រាស់វិទ្យុទាក់ទង គឺនាយកដ្ឋាន វិទ្យុទាក់ទង នៃក្រសួងមហាផ្ទៃ ជាអ្នកគ្រប់គ្រង មិនមែនផ្នែកឯកជន ជាអ្នកគ្រប់គ្រងចេញលេខអាយឌី ឱ្យដល់សមត្ថកិច្ចប៉ូលិស ធ្វើព្យុះធ្វើភ្លៀងស្រេចអំពើចិត្ដ ហើយបច្ចុប្បន្ននេះ អ្នកប្រើប្រាស់លេខអាយឌី រអ៊ូដូចសត្វឃ្មុំអ៊ីំចឹង ។
មន្ត្រីនគរបាលបានបញ្ជាក់ថា កាលពីមុន នគរបាលនៅស្នងការ រាជធានីភ្នំពេញ មានចំនួនជិតមួយម៉ឺននាក់ ហើយប្រើប្រាស់ លេខអាយឌី របស់ "អ៊ិចអង" នៃនាយកដ្ឋានវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ។ តែក្រោយមក នៅសម័យលោកស្នងការចាស់ ក៏ដូចលោកស្នងការថ្មី គាត់តម្រូវឱ្យកូនចៅក្រោមឱវាទ ប្រើតាមលោកស្នងការដែរ ។ សូម្បីតែពេលនេះ លោកនាយប្រើអាយឌីរបស់ក្រុមហ៊ុនបរកែវ ក៏ប៉ូលិសប៉ុស្ដិ៍ទាំង៩៦ ងាកមកប្រើប្រាស់ លេខអាយឌី របស់ក្រុមហ៊ុន បរកែវដែរ ។ មកដល់ពេលនេះក្រុមប៊ុន បរកែវ មានបានសម្បើមណាស់ តាមរយៈការកេងប្រវ័ញ្ច ញើសឈាមមន្ត្រីនគរបាល និងផ្លាស់ប្តូរប្រព័ន្ធ វិទ្យុទាក់ទង តាមអំពើចិត្ត។
គេនិយាយគ្រប់ៗគ្នាថា ក្នុងអាយឌី មួយគ្រឿងទិញពីក្រុមហ៊ុន បរកែវ តម្លៃចាប់ពី ១៨០ដុល្លារដល់ ជាង ៣០០ ដុល្លារអាមេរិក ក្នុងនោះអាយឌី តម្លៃ ១៨០ ចាក់ឬហៅ អត់ចេញទេ គ្រាន់តែស្ដាប់ឬហៅលាតបាន តែសម្រាប់តម្លៃជាង ៣០០ដុល្លារ គឺចាក់ចេញម៉ាស្រឡាញ់ នេះនៅមិនទាន់គិតពីលេខ ការ៉េ លេខសាម និងលេខផែ ។ល។ នៅក្រុមហ៊ុនបរកែវសព្វថ្ងៃនេះ គឺលក់អាយឌី ដោយបង់រំលស់ប្រចាំខែ ចាប់ពីតម្លៃ ១៨០ដុល្លារ ដល់ជាង ៣០០ដុល្លារ ហើយបើការបង់រំលស់ ប្រចាំខែនោះ មិនទៀងទាត់ទេ ត្រូវក្រុមហ៊ុនបិទលេខ ឈប់ឱ្យប្រើដោយគ្មានសិទ្ធិតវ៉ា ធ្វើព្យុះភ្លៀងតាមអំពើចិត្ត។
មន្ត្រីនគរបាលជំនាញបញ្ជាក់ថា ថ្ងៃមុខថ្ងៃក្រោយ នគរបាលនៅនាយកដ្ឋាន វិទ្យុទាក់ទងនៃក្រសួងមហាផ្ទៃ ជិតអស់ការងារធ្វើហើយ ព្រោះអីក្រុមហ៊ុន បរកែវ មានសិទ្ធិផ្ដាច់មុខ ក្នុងការចេញលេខអាយឌី ឱ្យមហាជនប្រើប្រាស់អស់។ រាល់ការ ចេញលេខអាយឌី ដល់សមត្ថកិច្ចពាក់ព័ន្ធប្រើប្រាស់ ដូចជានគរបាល រាជធានីភ្នំពេញ ខេត្ដ ស្រុក ខណ្ឌ ប៉ុស្ដិ៍ នាយកដ្ឋាននានា ក្រោមឱវាទក្រសួងមហាផ្ទៃ គឺនាយកដ្ឋានវិទ្យុទាក់ទង ជាអ្នកគ្រប់គ្រងចេញលេខឱ្យ មិនមែនក្រុមហ៊ុនឯកជន ជាអ្នកចេញលេខឱ្យនោះទេ។ ដូចនេះស្នើក្រសួងមហាផ្ទៃ គួរពិនិត្យលើការងារនេះឡើងវិញ មិនត្រូវឱ្យធ្លាក់ដល់ដៃ ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុនបរកែវ លក់ដូរលេខអាយឌី ស្រេចអំពើចិត្ដដូចនោះទេ៕
Source from: watphnom-news.com

Loading...
Loading...