ឡានទាហានស៊េរីចាស់ បើកបុកឡានទំនើបរបស់ប៉ូលីស នាំឲ្យមន្ត្រីគយបែកក្បាលរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរីឆ្នាំ១៩៩៥ បោះពួយយ៉ាងលឿន បានជ្រុលទៅបុក រថយន្តតូយ៉ូតាវីហ្គោ ស៊េរីឆ្នាំ២០១៤ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ៧និង៤០ នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សាក្សីបានប្រាប់ឲ្យដឹងថា គេឃើញរថយន្តទាំង ២គ្រឿងខាងលើនេះ បោះពួយយ៉ាងលឿងដូចគ្នា លុះដល់ចំណុចកើតហេតុ រថយន្តកាមរី ស៊េរីឆ្នាំ១៩៩៥ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-2319 បើកពីកើតទៅលិច បានឡើងជែងរថយន្តមួយគ្រឿង ក៏រេចង្កូតទៅបុករថយន្តតូយ៉ូតាវីហ្គោ ស៊េរីឆ្នាំ២០១៤ ពណ៌ស គ្មានស្លាកលេខ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តកាមរី រងរបួសធ្ងន់ទាំង ២នាក់។
សមត្ថកិច្ចបានប្រាប់ថា រថយន្តបង្កហេតុ ម៉ាកកាមរី បើកបរដោយឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុប្រហែលជា ៤០ឆ្នាំ មានមុខងារជាមន្ត្រីយោធា ស្រុកសំពៅលូន ខេត្តបាត់ដំបង រងរបួសធ្ងន់ ត្រង់ភ្នែកទាំងសងខាង ដោយសារតែកម្ទេចកញ្ចក់ខ្ទាតចូល ចំណែកអ្នករួមដំណើឈ្មោះកែវ កៅ ភេទប្រុស អាយុជាង ៤០ឆ្នាំ ជាមន្ត្រីគយ រងរបួសធ្ងន់បែកក្បាល។ រីឯអ្នកបើកបររថយន្តតូយ៉ូតាវីហ្គោឈ្មោះ ម៉ក់ ពីតូ ភេទប្រុសអាយុ ៤៥ឆ្នាំ ជានាយការិយាល័យ នគរបាលតម្រួតការពារ និងអន្តរាគមន៍ មិនមានរងរបួសអ្វីនោះទេ។
ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងកន្លែងកើតហេតុ និងបានជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះបន្ទាន់ មកយកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន ដើម្បីសម្រាកព្យាបាលរបួស។ សមត្ថកិច្ចបានស្ទូចរថយន្តទាំង២ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ដើម្បីរងចាំភាគីទាំងសងខាង មកដោះស្រាយតាមច្បាប់ នាពេលក្រោយ៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...