មន្ត្រីយោធាបើករថយន្តទំនើបពាក់ស្លាកលេខខេមរភូមិន្ទបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេចខ្លួន
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១៩និង១០នាទីយប់ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កដោយមន្ត្រីយោធាបើកបររថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បុកទៅលើទោចក្រយានយន្តសណ្តោងរ៉ឺម៉ក បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់-ស្រាលចំនួន៣នាក់ ហើយអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនមិនទទួលខុសត្រូវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើបមួយគ្រឿងម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ07.2-7290 ជិះគ្នា២នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើ់តទៅលិចរួចបត់ទៅត្បូង មកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកនឹងទោចក្រយានយន្តសណ្តោងរ៉ឺម៉កម៉ាក Smash ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1C-9774 ជិះគ្នា៤នាក់ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យមនុស្សរបួសធ្ងន់១នាក់ និងស្រាលចំនួន៣នាក់ ។ ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ទេ គឺបានបើករត់គេចខ្លួនរហូតដល់ផ្លូវក្រវាត់ក្រុងមុខទីស្នាក់ការគយនិងរដ្ឋាករទឹកវិល ទើបសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅទីនោះស្ទាក់ចាប់បាន រួចបញ្ជូនមកការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ភាគីរថយន្តបង្កជិះគ្នា២នាក់ រួមមាន ៖ ១-ឈ្មោះ ភ្លន់ លាងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរយោធា(ជាអ្នកបើកបរ) រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ ម៉េត រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងប្រេងឥន្ធនៈខាងផ្លូវថ្នល់ ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា ។ រីឯអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉កឈ្មោះ ធិ ធឿម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(រងរបួសស្រាល) និងឈ្មោះ សន នឿ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅប្រាសាទបាគងជាមួយគ្នា ព្រមទាំង២នាក់ទៀតរងរបួសស្រាល ខណៈដែលទោចក្រយានយន្តទទួលរងការខូចខាតផ្នែកខាងមុខទាំងស្រុង ។
សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយការវាស់វែងនៅកន្លែងកើតហេតុរួចមក នគរបាលចរាចរណ៍ក៏បានយកទោចក្រយានយន្តសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះ និងរថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីដោះស្រាយតាមច្បាប់ ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសលេខ០៦៤/២០០៩ ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងការពារជាតិ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសម្គាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តបង្កពាក់ស្លាកលេខខេមរភូមិន្ទ 07.2-7290 ជារថយន្តប្រើប្រាស់ដោយយោធភូមិភាគទី៥ ប៉ុន្តែរថយន្តបង្កដែលពាក់ស្លាកលេខខេរមភូមិន្ទនេះ បែរជាមិនបាញ់ ឬលាបពណ៌ត្រេអ៊ី ឬប៉ារ៉ាទៅវិញ ដែលជាកំហុសឆ្គងមួយទៀត ។
ព័ត៌មានចុងក្រោយបានបង្ហើបប្រាប់ឲ្យដឹងថា ភាគីរថយន្តបង្កបានចូលខ្លួនមកដោះស្រាយសងសំណងចំនួន១៥០ដុល្លារអាមេរិកទៅឲ្យភាគីជនរងគ្រោះដើម្បីបញ្ចប់សំណុំរឿង ៕
Source from: www.dtn7.com

Loading...
Loading...