អង្គភាពប្រឆាំងអំពើពុករលួយក្រើនរំលឹកដល់មន្ទីរមួយចំនួនក្នុងខេត្តឧត្តរមានជ័យឲ្យបញ្ឈប់នូវសកម្មភាពមិនប្រក្រតី
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់មន្ត្រីរាជការនៅខេត្តឧត្តរមានជ័យ រាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនកើតឡើងតាមមន្ទីរនានាក្នុងខេត្ត ដោយមានការគ្រប់គ្រង និងដឹកនាំមិនបានត្រឹមត្រូវនោះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការក្រើនរំលឹកដល់មន្ទីរទាំងនោះគប្បីត្រូវបញ្ឈប់នូវសកម្មភាពមួយចំនួនដែលកើតឡើង ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការក្រើនរំលឹកដល់មន្ទីរមួយចំនួនក្នុងខេត្តឧត្តរមានជ័យ គប្បីត្រូវបញ្ឈប់នូវសកម្មភាពដែលកើតឡើងដូចខាងក្រោម ៖
១-ករណីឪពុកជាប្រធានមន្ទីរ កូនជាប្រធានគណនេយ្យ យោងតាមប្រការនេះជាករណីទំនាស់ផលប្រយោជន៍មិនអាចធ្វើបានទេ គួរគប្បីឪពុកឈប់ធ្វើជាប្រធានមន្ទីរ ឬមួយកូនឈប់ធ្វើប្រធានគណនេយ្យ ។
២-ករណីមន្ត្រីជាប់កិច្ចសន្យា គឺមិនមានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមអ្វីទាំងអស់ ។ មន្ត្រីជាប់កិច្ចសន្យាគ្រាន់តែជាជំនួយការឲ្យមន្ត្រីរដ្ឋបាល ដូចជាវាយអត្ថបទ ថតចម្លង ឬបញ្ជូនឯកសារតែប៉ុណ្ណោះ ហើយមិនមានការទទួលខុសត្រូវលើកិច្ចការរដ្ឋបាលទេ ។ ចំណែកឯពលករអណ្តែតមិនមែនជាជំនួយការឲ្យមន្ត្រីរដ្ឋបាលទេ គឺជាអ្នកធ្វើការងារផ្នែកអនាម័យ ថែសួន ។ល។
៣-ករណីចលនទ្រព្យរបស់រដ្ឋមានតែឯកសារ តែគ្មានទ្រព្យ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឯកសារសាធារណៈ (មាត្រា៦២៩) និងការកេងយកផលប្រយោជន៍ដោយខុសច្បាប់(មាត្រា៥៩៧ និងមាត្រា៥៩៨)នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
មជ្ឈដ្ឋានភាគីម្ចាស់បណ្តឹងមួយចំនួនបានសម្តែងនូវការរិះគន់ទៅលើអង្គភាពប្រឆាំងអំពើពុករលួយ ដោយស្ថាប័ននេះមិនចាត់ការតាមច្បាប់ទៅលើមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាមន្ទីរនានាក្នុងខេត្តឧត្តរមានជ័យដែលប្រព្រឹត្តខុសឆ្គង បែរជាត្រឹមធ្វើការក្រើនរំលឹកដល់មន្ត្រីប្រព្រឹត្តខុសទៅវិញ ហាក់ដូចជាបានធ្វើឲ្យមន្ត្រីមានកំហុសឆ្គងទាំងនោះបានរួចខ្លួនពីសំណាញ់ច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...