អង្គភាពប្រឆាំងអំពើពុករលួយសង្ខុញឲ្យអតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន២នាក់ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិនិងបំណុល
បន្ទាប់ពីក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ធ្វើការទំនាក់ទំនងអស់ជាច្រើនលើកច្រើនសា ឲ្យឯកឧត្តមចំនួន២នាក់ជាអតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ហើយព្យាយាមគេចវេះមិនអនុវត្តន៍តាមរួចមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤នេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានសង្ខុញឲ្យឯកឧត្តមទាំងពីរនាក់នេះ ចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលសាជាថ្មី ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ខាងមុខជាកំហិត ។
ឯកឧត្តមទាំងពីរនាក់ជាអតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយបង្ខំ និងសង្ខុញឲ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនោះ គឺឯកឧត្តម វង្ស សុភាព អតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខាធិការ និងឯកឧត្តម ឃាង លាភ ជាអតីតទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយក ។
អនុលោមតាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺអ្នកដែលមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ២លានរៀល ហើយត្រូវបង្ខំឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ និងបើរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលទៀត ត្រូវផ្តន្ទាទោសទ្វេដង ៕
Source from: www.dtn7.com

Loading...
Loading...