យល់ព្រមឲ្យគ្រូមន្តអាគមកាត់ប្រជ្រុយប្រដាប់ភេទដូចឲ្យគ្រូបានឱកាសរួមរ័ក
កាលពីវេលាម៉ោង១៨ល្ងាច នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ នៅចំណុចលំនៅឋានរបស់ស្ត្រីឈ្មោះ សុទ្ធ សុផា ឋិតក្នុងភូមិក្រូច ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លេចចេញមានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង គឺគ្រូទាយនិងកាត់ប្រជ្រុយម្នាក់ ត្រូវបានអ្នកភូមិចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីលោកគ្រូមន្តអាគមរូបនេះបានធ្វើសកម្មភាពរួមរ័កទៅលើស្ត្រីម្នាក់ដែលមកឲ្យលោកគ្រូកាត់ប្រជ្រុយប្រដាប់ភេទ នាំឲ្យលោកគ្រូឡើងកម្តៅទ្រាំលែងបាន ប្រើល្បិចលួងលោមសុំរួមរ័ក ដើម្បីយកទឹកកាមឧបកិច្ចឲ្យការកាត់ប្រជ្រុយចង្រៃចេញស័ក្តិសិទ្ធិ ។
សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា គ្រូទាយនិងកាត់ប្រជ្រុយដែលត្រូវបានចាប់ឃាត់ខ្លួននោះឈ្មោះ វ៉ាន់ មាឃ អាយុ៤២ឆ្នាំ ស្នាក់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ រីឯស្ត្រីរងគ្រោះមានឈ្មោះ មឿន សុខលាភ អាយុ៣២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងជាស្ត្រីមេម៉ាយកូន២ រស់នៅភូមិ-ឃុំកើតហេតុ ។
ស្ត្រីមេម៉ាយកូន២បានរៀបរាប់ឲ្យដឹងថា រូបនាងត្រូវបានប្តីសុំលែងលះដោយពុំដឹងមូលហេតុ ទើបបែកគំនិតស្វែងរកគ្រូទាយឲ្យទស្សន៍ទាយអំពីជោគជតារាសី និងមូលហេតុអំពីប្តីសុំលែងលះ ។ នៅពេលទស្សន៍ទាយនោះ ត្រូវបានលោកគ្រូ វ៉ាន់ មាឃ ជាគ្រូទាយនិងកាត់ប្រជ្រុយទាយថា នាងមានប្រជ្រុយនៅលើប្រដាប់ភេទដែលជាប្រជ្រុយចង្រៃ ត្រូវតែកាត់ប្រជ្រុយនេះចេញ ប៉ុន្តែពេលនោះនាងមិនទាន់បានកាត់ប្រជ្រុយចេញទេដ្បិតនាងមិនទាន់មានលុយ ។ លុះដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ មុនពេលកើតហេតុមួយថ្ងៃ គ្រូទាយម្នាក់នេះបានមកទស្សន៍ទាយឲ្យស្ត្រីម្នាក់ឈ្មោះ សុទ្ធ សុផា ឋិតក្នុងភូមិ-ឃុំជាមួយគ្នានឹងនាងដែរ ហើយនាងក៏បានទៅជួបលោកគ្រូទាយ និងសុំលេខទូរស័ព្ទលោកគ្រូនេះ ដើម្បីណាត់ជួបធ្វើការកាត់ប្រជ្រុយពីប្រដាប់ភេទ ។ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ជាថ្ងៃកើតហេតុ ពេលនាងចេញពីធ្វើការនៅរោងចក្រវិញ ក៏បានមកផ្ទះស្ត្រីឈ្មោះ សុទ្ធ សុផា ម្តងទៀតដើម្បីឲ្យគ្រូកាត់ប្រជ្រុយចង្រៃនោះចេញ ។
នាង មឿន សុខលាប បានបញ្ជាក់ឲ្យដឹងទៀតថា ពេលមកដល់ផ្ទះស្ត្រីឈ្មោះ សុទ្ធ សុផា លោកគ្រូកាត់ប្រជ្រុយបានឲ្យនាងឡើងលើផ្ទះ និងក៏បានដេញម្ចាស់ផ្ទះឲ្យចុះពីលើផ្ទះទុកតែនាងនិងលោកគ្រូ២នាក់ប៉ុណ្ណោះ ។ លោកគ្រូទាយបង្គាប់ឲ្យនាងដោះសម្លៀកបំពាក់ចេញពីខ្លួន និងឲ្យដេកសន្ធឹងនៅលើរនាបផ្ទះ ហើយលោកគ្រូក៏បានយកម្រាមនិងចង្អុលដៃអង្អែល និងលុញលើប្រដាប់ភេទរបស់នាងចុះឡើងៗ ។ មួយសន្ទុះក្រោយមក ទំនងជាលោកគ្រូទាយឡើងកម្តៅខ្លួនឯងខ្លាំងពេកទ្រាំលែងបាន ក៏និយាយលួងលោមនាងថា បើចង់ស័ក្តិសិទ្ធិទាល់តែរួមរ័កជាមួយគ្នាយកទឹកកាមទៅសែនធ្វើពិធីទើបយកមកកាត់ប្រជ្រុយចង្រៃនោះចេញ នាំមកនូវសិរីមង្គល និងលែងចង្រៃតទៅទៀត ។ ដោយជឿស្លុងលើការលួងលោមរបស់លោកគ្រូ និងក៏ចង់ឲ្យប្រជ្រុយរបស់នាងចេញពីភាពចង្រៃនេះផង នាងក៏យល់ព្រមឲ្យលោកគ្រូទាយរួមរ័កតាមអំពើចិត្ត ។ ប៉ុន្តែខណៈលោកគ្រូកំពុងធ្វើសកម្មភាពរួមរ័កមិនទាន់ដល់គោលដៅផង ស្រាប់តែម្តាយរបស់នាងមកទាន់ រួមហើយបានស្រែកឆោឡោឡើងឮដល់អ្នករស់នៅក្បែរកន្លែងកើតហេតុ និងអ្នកភូមិ ក៏នាំគ្នាចាប់ឃាត់ខ្លួនលោកគ្រូទាយយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍តែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល លោកគ្រូទាយនិងកាត់ប្រជ្រុយបានសារភាពថា គាត់ពិតជាបានលួងលោមស្ត្រីរងគ្រោះដើម្បីរួមរ័កប្រាកដមែន ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ក៏បានបញ្ជូនខ្លួនជនសង្ស័យជាលោកគ្រូទាយ និងកាត់ប្រជ្រុយរូបនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ម្សិលមិញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានមានមួយចំនួនបានឲ្យដឹងថា លោកគ្រូទាយ និងកាត់ប្រជ្រុយរូបនេះមានប្រពន្ធដល់ទៅ៣នាក់ ដែល២នាក់នៅខេត្តកំពត់ចាម និង១នាក់ទៀតជាប្រពន្ធទី៣នៅជាមួយក្នុងភូមិ-ឃុំកើតហេតុ ។ លោកគ្រូរូបនេះល្បីថាកាក់កបក្នុងមុខរបរទស្សន៍ទាយ ស្រោចទឹក និងធ្វើខ្សែចង្កេះ ដោយខ្សែចង្កេះ១ខ្សែៗមានតម្លៃយ៉ាងតិចពី២០ដុល្លារអាមេរិកទៅ៣០ដុល្លារអាមេរិក ។ លើសពីនេះ មានស្ត្រីធ្លាប់ចាញ់កលល្បិចលួងលោមរបស់លោកគ្រូទាយ និងកាត់ប្រជ្រុយក៏មិនតិចនាក់រួចមកហើយដែរ ៕
Source from: www.dtn7.com

Loading...
Loading...