ប្រើល្បិចខ្ចីម៉ូតូទៅមើលឪពុកឈឺ បែរជាយកទៅបញ្ចាំបានលុយ ៤០០ដុល្លារដើរស៊ីចាយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រើល្បិច ខ្ចីម៉ូតូមិត្តភក្ដិយកទៅមើលឪពុកឈឺ រួចយកទៅបញ្ចាំបានលុយ ៤០០ដុល្លារ ដើរស៊ីចាយអស់ក៏ជិះម៉ូតូឌុប បម្រុងមកយកលុយបញ្ចាំម៉ូតូបន្ថែម ត្រូវម្ចាស់ម៉ូតូប្រទះឃើញ ក៏ប្ដឹងឲ្យនគរបាលឃាត់ខ្លួនសាកសួរ និងចាត់ការទៅតាមនីតិវិធីកាលពីវេលាម៉ោង ១និង២០ នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ សួង ស៊ីធួន ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរលក់គ្រឿងក្លែម នៅភូមិជំពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យ យកទៅបាត់នោះម៉ាក អេសអិល ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AS-6708 រីឯជនសង្ស័យមានឈ្មោះ ចាន់ ថា ប្រុសអាយុ ៣៦ឆ្នាំ មានមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលសង្កាត់ ទឹកល្អក់ទី៣ មានស្រុកកំណើត នៅខេត្តព្រៃវែង។
ជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យបានមកផ្ទះរបស់គាត់ ហើយបានត្អូញត្អែរថា ឪពុកគេឈឺធ្ងន់ចង់ទៅមើល តែគ្មានអ្វីជិះទៅ ដោយឃើញអាណិតមិត្តភក្ដិ ក៏បានឲ្យម៉ូតូខ្ចីជិះទៅមើលឪពុកឈឺ ព្រោះយល់ថា មិត្តភក្តិជិតស្និទ្ធ រាប់អានគ្នារយៈពេល ៣ឆ្នាំមកហើយ ម្យ៉ាងទៀតធ្លាប់ផឹកស៊ីជាមួយគ្នា ប៉ុន្តែពេលជនសង្ស័យជិះម៉ូតូចេញទៅបាត់ មិនឃើញត្រឡប់មកវិញ ទើបគាត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ឲ្យនគរបាលជួយអន្តរាគមន៍៕
Source from: watphnom-news.com

Loading...
Loading...