លួចម៉ូតូបានហើយម្ចាស់ឃើញទាន់ ស្រែកផ្អើលអ្នកស្រុក ភ័យស្លន់ស្លោរមិនដឹងរត់ទៅណា
ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព កាច់សោរកម៉ូតូបានហើយ បម្រុងជិះគេចខ្លួនតែត្រូវម្ចាស់ម៉ូតូឃើញ ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ រត់យកតែព្រះអាយុរៀងខ្លួន កាលពីវេលាម៉ោង ១៤និង៤០ នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ មាន ជ្រុន ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខភ្នំពេញ 1AV-0740 រីឯជនសង្ស័យ មានគ្នា ២នាក់ ទី១-ឈ្មោះ ឈ្មោះ ទិត ប៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំក្រាំងឆ្នង់ ស្រុកបាទីខេត្តតាកែវ និងទី២-ឈ្មោះ ហន ភេទប្រុស អាយុជាង ៣០ឆ្នាំ នៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅទុកចោល នៅកន្លែងកើតហេតុ ដោយចាក់សោរកត្រឹមត្រូវនៅក្បាលដីចំការ របស់ឈ្មោះ ច្រាយ តាំងសេង ខាងត្បូងព្រែកតាឯក ទៅជួយដកសណ្តែកដីអោយកូន។ បន្តិចក្រោយមក ជនសង្ស័យបានជិះម៉ូតូ មួយគ្រឿងឌុបគ្នា ពីភ្នំពេញទៅដល់ ឃើញសភាពស្ងាត់ បានដើរទៅកាច់សោរកម៉ូតូ រួចហើយជិះម៉ូតូឆ្លងព្រែក មកផ្លូវលំខាងជើង សំដៅទៅផ្លូវជាតិលេខ១១០ ពេលនោះជនរងគ្រោះឃើញទាន់ ក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យ ភ័យស្លន់ស្លោទុកម៉ូតូ ជនរងគ្រោះចោល រួចរត់ឡើងជិះម៉ូតូ របស់បក្ខពួកមិនទាន់ ក៏ត្រូវនគរបាលចាប់ខ្លួនបានតែម្តង៕
Source from: watphnom-news.com

Loading...
Loading...