សង្ស័យភ្លើងប្រចណ្ឌលោកមេប៉ុស្តិ៍ បាញ់សម្លាប់ស្រីស្នេហ៍នៅបន្ទប់ជួល ហើយដាក់មេប្រូច
ខេត្តតាកែវ ៖ នាយប៉ុស្តិ៍ឃុំគីរីចុងកោះ ទំនងជាប្រចណ្ឌស្រីស្នេហ៍ បង្កទៅជាជម្លោះហើយបានដកកាំភ្លើង បាញ់ស្រីស្នេហ៍បណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត នៅក្នុងបន្ទប់ផ្ទះជួល រួចបានរត់គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋពេញក្រុងដូនកែវ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
សមត្ថកិច្ចក្រុងដូនកែវ បានឲ្យដឹងថា នារីជាស្រីស្នេហ៍មានឈ្មោះ សន យិន អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ជាស្ត្រីមេម៉ាយកូន២ មានមុខរបរជាស្រី បម្រើក្នុងហាងខារ៉ាអូខេ យីហោមានចែម៉ាច ស្ថិតនៅជាប់ផ្ទះជួល កើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ិន ពៅ អាយុ ៤៨ឆ្នាំ មានតួនាទីជា នាយប៉ុស្តិ៍រដ្ឋបាល ឃុំគីរីចុងកោះ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ ។ មុនពេលកើតហេតុ បុរសខាងលើបានមកជួបស្រីស្នេហ៍ និងបានដេកជាមួយគ្នា ស្រាប់តែមានទំនាស់ ពាក្យសម្តីស្រែកឡូឡា សង្ស័យជារឿងប្រចណ្ឌ រួចជនបង្កក៏បានយកកាំភ្លើង ខ្លីម៉ាកកា៥៤ បាញ់ស្រីស្នេហ៍មួយគ្រាប់ ចំប្រឡោះក្លៀក ខាងឆ្វេងធ្លាយទៅស្តាំ។
ក្រោយពេលបាញ់ប្រហាររួច ជនបង្កក៏បានជិះម៉ូតូ យកទៅទុកចោលនៅវាលស្រែ ស្ថិតក្នុងភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ សមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកំណត់ហេតុ រហូតដល់ម៉ោង ២និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ សមត្ថកិច្ចក្រុងដូនកែវ ក៏បានប្រទះឃើញ ម៉ូតូជនបង្កដែលទុកចោល នៅវាលស្រែខាងលើ និងឆែកក្រោមកែប ឃើញមានកាំភ្លើងខ្លី ម៉ាកកា៥៤ មួយដើម និងគ្រាប់ចំនួន៧គ្រាប់ ទើបកំណត់មុខសញ្ញាថា ជនសង្ស័យជា នាយប៉ុស្តិ៍គីរីចុងកោះ និងឈានដល់ ការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...