ធ្វើកម្មករកាប់គាស់លីសែង មានការនឿយហត់ បែកគំនិតទិញថ្នាំញៀន មកជំនួយកម្លាំង
ខេត្តបាត់ដំបង ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានបញ្ជូនបុរសម្នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៨គ្រាប់ ទៅតុលាការនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី ហើយបុរសសង្ស័យត្រូវនគរបាល ស្រុក សំពៅលូន ឃាត់ខ្លួនកាលពីវេលាម៉ោង ២៣យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥៩អា ចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយបញ្ជូនបន្តមក ស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤។
បុរសសង្ស័យមានឈ្មោះ ហាវ ម៉ាំង ហៅ លឹម វុទ្ធី អាយុ ៣២ឆ្នាំ មានមុខរបរជាកម្មកររស់នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយវត្ថុតាងដែលដកហូតបាន មានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៨គ្រាប់ និងទូរស័ព្ទដៃចំនួនមួយគ្រឿង។ ឈ្មោះ ហាវម៉ាំង ហៅ លឹម វុទ្ធី បានឲ្យដឹងថា ថ្នាំញៀនទាំងនេះ ខ្លួនទិញយកទៅប្រើប្រាស់ ព្រោះខ្លួនជាកម្មករកាប់គាស់លីសែង មានការនឿយហត់ខ្លាំងណាស់។ មន្ត្រីនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ឈ្មោះ ហាវ ម៉ាំង ហៅ លឹម វុទ្ធី និងវត្ថុតាងថ្នាំញៀន ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...