អង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញកំហុសនៃការប្រព្រឹត្តអំពើពុករលួយរបស់ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកោះកុងទេ
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធាន បានចេញលិខិតផ្លូវការឆ្លើយតបមកប្រជាពលរដ្ឋ និងមន្ត្រីរាជការជាម្ចាស់បណ្តឹងរស់នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានប្តឹងលោក ប៉ិច ស៊ីយុន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកោះកុង និងបក្ខពួក ពីបទប្រព្រឹត្តអំពើពុករលួយ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣នោះថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលការបំភ្លឺរបស់លោក ប៉ិច ស៊ីយុន និងមន្ត្រីមួយចំនួននៃមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកោះកុងថា មិនបានសមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយទេ ។
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការពិតដីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តកោះកុង ត្រូវបានដោះដូរជាថ្នូរនឹងអគារថ្មី ដោយមានការឯកភាពពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ ចំពោះប្រាក់បៀវត្សរ៍ប្រចាំខែរបស់មន្ត្រីទាំងនោះ ត្រូវបានសាមីខ្លួនមកបើកដោយខ្លួនឯង ហើយក៏បានយល់ព្រមប្រគល់ប្រាក់បៀវត្សរ៍នោះជូនមន្ទីរដើម្បីដំណើរការរដ្ឋបាលក្នុងមន្ទីរ ។ ចំណែកការយកលុយពីក្រុមហ៊ុនបូមខ្សាច់ ដែលមានសកម្មភាពខុសច្បាប់ គឺមន្ទីរទទួលបានចំណូលពីសេវាសាធារណៈតាមប្រកាសអន្តរក្រសួងប៉ុណ្ណោះ រីឯការផ្ទេរឈ្មោះរបស់ក្រុមហ៊ុនដែលមានសិទ្ធិបូមខ្សាច់ ក៏ក្រុមហ៊ុនទាំងនោះបានផ្ទេរសិទ្ធិផ្ទាល់រវាងក្រុមហ៊ុននិងក្រុមហ៊ុន ដោយមិនឆ្លងកាត់មន្ទីរឡើយ ហើយក្រុមហ៊ុននៅតែបន្តអាជីវកម្មបូមខ្សាច់ដដែល ។
សូមរំលឹកជូនថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣កន្លងមក ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តឹងចោទប្រកាន់លោក ប៉ិច ស៊ីយុន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកោះកុង និងបក្ខពួកថា បានប្រព្រឹត្តអំពើពុករលួយ ដូចជា ការលក់ដីរោងចក្រត្រីខ ការស៊ីដាច់ប្រាក់បៀវត្សរ៍ប្រចាំខែកូនចៅចំនួនពី៤ទៅ៦នាក់ ការយកលុយពីក្រុមហ៊ុនបូមខ្សាច់ជាប្រចាំ និងគាបសង្កត់ឲ្យបង់ប្រាក់ពីការផ្ទេរឈ្មោះរបស់ក្រុមហ៊ុនដែលមានសិទ្ធិបូមខ្សាច់ ។
ឥឡូវនេះ អង្គភាពប្រឆាំងអំពើពុករលួយមិនអាចរកឃើញកំហុសនៃការប្រព្រឹត្តអំពើពុករលួយរបស់លោក ប៉ិច ស៊ីយុន ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល និងបក្ខពួក ដូចការប្តឹងចោទប្រកាន់របស់ម្ចាស់បណ្តឹងឡើយ ឬមួយក៏លោក ប៉ិច ស៊ីយុន ចេះមន្តអាគមលាក់កំបាំងអំពើពុករលួយរបស់ខ្លួនមិនឲ្យឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង អង្កេតស្រាវជ្រាវរកឃើញ ? ៕
Source from: www.dtn7.com

Loading...
Loading...