អាថ៌កំបាំងនៃការបាត់យន្តហោះធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាន់តែជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ
ការបាត់ខ្លួនយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជាមួយនឹងមនុស្សចំនួន២៣៩នាក់ក្នុងយន្តហោះ តាមជើងហោះហើរ MH370 ចេញពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដែលក្រុមមន្ត្រីសង្ស័យថាជាករណីប្លន់យន្តហោះនោះ រហូតមកទល់ពេលនេះ មានរយៈពេល១០ថ្ងៃហើយ ប៉ុន្តែមិនទាន់បានស្វែងរកយន្តហោះឃើញនៅឡើយ ដែលអាថ៌កំបាំងនៃការបាត់យន្តហោះនេះដែរ បង្កឲ្យមានបណ្តឹងជាច្រើន និងធ្លាក់ចុះនូវការកក់សំបុត្រជើងហោះហើរ ជាបច្ច័យនៃការខាតបង់សាច់ប្រាក់អស់ជាច្រើន ខណៈទីផ្សារកំពុងមានការប្រកួតប្រជែងដ៏តានតឹង ។
ឯកឧត្តម Najip Razak នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ធ្លាប់បានថែ្លងឲ្យដឹងកាលពីថ្ងៃសៅរ៍នាចុងសប្តាហ៍កន្លងទៅនេះថា ក្រុមមន្ត្រីស៊ើបអង្កេតជឿជាក់ថា យន្តហោះ Boeing 777-200 ដែលមានដឹកអ្នកដំណើរ និងអាកាសយានិកផងចំនួន២៣៩នាក់នោះ ត្រូវបានគេបង្វែរទិសដៅដោយគ្រោងទុកជាមុន ។ រីឯក្រុមមន្ត្រីជំនាញស៊ើបអង្កេតក៏បានកំណត់មុខសញ្ញាសង្ស័យថា ការបាត់ខ្លួនយន្តហោះនេះ គឺជាករណីប្លន់ដែលអាចបង្កដោយអាកាសយានិកតែម្តង ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានប្រកាសពីការខាតបង់ទឹកប្រាក់ចំនួន១,១៧ពាន់លានរីងហ្គីត(ប្រមាណ៣៦០លានដុល្លារអាមេរិក) គិតត្រឹមខែធ្នូ ឆ្នាំ២០១៣ គឺលើសពីការព្យាករណ៍របស់អ្នកវិភាគសេដ្ឋកិច្ចទៅទៀត ។ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលគ្រប់គ្រងចំនួន៧០ភាគរយដោយក្រុមហ៊ុនវិនិយោគរបស់រដ្ឋ ធ្លាប់ទទួលបានប្រាក់ចំណេញចុងក្រោយចំនួន២៣៧លានរីងហ្គីតនាឆ្នាំ២០១០ ប៉ុន្តែទទួលរងការខាតបង់ប្រាក់ចំនួន២,៥ពាន់លានរីងហ្គីតនាឆ្នាំ២០១១ និងខាតបង់ចំនួន៤៣៣លានរីងហ្គីតនៅឆ្នាំ២០១២ ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានធ្វើការរិះគន់ទៅលើប្រព័ន្ធគ្រប់គ្រងមានភាពកម្សោយរបស់រដ្ឋាភិបាល កម្លាំងពលកម្មច្រើនជ្រុល និងសហជីពពោរពេញទៅដោយអំណាច ព្រមទាំងបញ្ហាការប្រកួតប្រជែង ។ ឥឡូវថែមទាំងលេចចេញករណីបាត់យន្តហោះទាំងអាថ៌កំបាំងនេះទៀត គឺអាចធ្វើឲ្យប្រជាជនលែងសូវចង់ធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជាហេតុនាំឲ្យក្រុមហ៊ុនបង្ខំចិត្តបញ្ចុះតម្លៃសំបុត្រ ដើម្បីលើកទឹកចិត្តដល់អតិថិជន ។ ដូច្នេះ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនឹងមានរយៈពេលវែង ៕
Source from: www.dtn7.com

Loading...
Loading...