ចតម៉ូតូក្បែររោងការចូលទៅកាត់សក់ ត្រូវចោរលួចជិះរត់គេច ទៅបុកអ្នកដំណើរតាមផ្លូវ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាចោរលួចម៉ូតូ ដែលម្ចាស់ទុកក្បែររោងការ ដើម្បីចូលរួមពិធីកាត់សក់ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ជិះរត់គេចឆ្លងភូមិដង្កោក្រម៉ាង បានជ្រុលទៅបុក ប្រជាពលរដ្ឋតាមផ្លូវ បណ្តាលអោយរងរបួស ត្រូវនគរបាលឃាត់ខ្លួន កាលរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដើម្បីកសាងសំណុំរឿង ពីបទលួចបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ចាត់ការតាមច្បាប់ ហើយម៉ូតូបានប្រគល់ជូន ម្ចាស់ដើមវិញហើយ។
លោក អឿម ទិត្យ អធិការស្រុកបវេល បានអោយដឹងថា បុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ កែម សម្បត្តិ អាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិមានក ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តពោធិសាត់ ហើយវត្ថុតាងដែលដកហូតបាន ម៉ូតូម៉ាកសេ១០០ ពណ៌ក្រហម។ ចំណែកបុរសរងគ្រោះ ជាម្ចាស់ម៉ូតូមានឈ្មោះ ឈឹម ឡាច អាយុ ៥០ឆ្នាំ មានទីលំនៅភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល។
ឈ្មោះ ឈឹម ឡាច ជាម្ចាស់ម៉ូតូបានអោយដឹងថា ពេលខ្លួនជិះម៉ូតូ មកភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម បានទុកម៉ូតូក្បែររោងការ ហើយចូលកាត់សក់ ពេលកំពុងកាត់សក់ ត្រូវជនសង្ស័យយកជិះចេញបាត់ រំពេចនោះខ្លួនឃើញ បានស្រែកចោរៗតាមពីក្រោយ តែជននេះបានបើកម៉ូតូ រត់គេចបាត់ស្រមោល។ កម្លាំងនគរបាលប៉ុស្តិ៍ បានទំនាក់ទំនងស្កាត់ ហើយក៏ជួបជនសង្ស័យពេលបើកម៉ូតូ បុកប្រជាពលរដ្ឋតាមដងផ្លូវ ដួលរបួសស្រាល ហើយឃាត់ខ្លួនជនសង្ស័យតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...