ថ្លើមធំហ៊ានចាប់ពង្រត់ក្មេងស្រីអាយុ ១៤ឆ្នាំ ពីបន្ទាយមានជ័យ មកលាក់ខ្លួននៅស្រុកកោះធំ
ខេត្តកណ្តាល ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីលោកស្នងការនគរបាល ខេត្តកណ្តាល យុវជនម្នាក់ត្រូវបាន នគរបាលស្រុកកោះធំ ធ្វើការឃាត់ខ្លួន ដោយយោងទៅតាមពាក្យបណ្តឹង របស់ក្រុមគ្រួសារនារីរងគ្រោះ កាលពីវេលាម៉ោង២៣និង១០ នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះរបស់ឈ្មោះ ផៃ ធីម ក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ពីបទពង្រត់ក្មេងស្រី មិនទាន់គ្រប់អាយុពី ខេត្តបន្ទាយមានជ័យ មកលាក់ខ្លួននៅស្រុកកោះធំ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហសដ អាយុ ១៤ឆ្នាំ រស់នៅក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រីឯជនសង្ស័យដែលត្រូវ ជាគូស្នេហ៍ដែលចាប់ពង្រត់ ក្លាយជាអ្នកទោសស្នេហានោះ មានឈ្មោះ ឃាម ផាន្នី អាយុ ២០ឆ្នាំ រស់នៅភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ មុនពេលកើតហេតុ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ជនសង្សយ័បានលួងលោម ជនរងគ្រោះឲ្យរត់ចេញពីផ្ទះ ទៅដល់ខេត្តកំពត។
ក្រោយមកម្តាយរបស់ក្មេងស្រីរងគ្រោះ បានហៅកូនត្រឡប់ទៅផ្ទះវិញ នៅឯខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ ម្តាយជនរងគ្រោះ បានយកកូនស្រីឈ្មោះ ហសដ មកឲ្យស្នាក់នៅ ជាមួយក្មួយស្រីឈ្មោះ ប៉ុន ស្រីណែត ទីលំនៅក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យក៏បានលួងលោម ជនរងគ្រោះឲ្យរត់ចេញ ពីផ្ទះម្តងទៀតមកស្នាក់នៅ ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ។
រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ម្តាយជនរងគ្រោះ បានប្តឹងមកអធិការដ្ឋាន នគរបាល ស្រុកកោះធំ ដើម្បីឲ្យជួយស្រាវជ្រាវ រកកូនរបស់គាត់ ទើបនៅម៉ោង ២៣និង០០ នាទី កម្លាំងនគរបាលស្រុក ទទួលបានព័ត៌មានថា ជនរងគ្រោះ និងជនសង្ស័យកំពុងស្នាក់នៅ ផ្ទះឈ្មោះ ផៃ ធីម នៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ។ ក្រោយមកនគរបាលស្រុកកោះធំ ដឹកនាំដោយលោកស្នងការ នគរបាលខេត្តកណ្តាល បានចុះទៅរំដោះជនរងគ្រោះ និងបាននាំជនសង្ស័យ មកកាន់អធិការដ្ឋាន ស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។ ក្រុមគ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់លោក ស្នងការខេត្តកណ្តាល ដែលបានចុះជួយអន្តរាគមន៍ ខិតខំធ្វើការស្រាវជ្រាវ យ៉ាងញាប់ដៃញាប់ជើង រំដោះជនរងគ្រោះឲ្យរួចផុត ពីកណ្តាប់ដៃជនល្មើស៕
Source from: watphnom-news.com

Loading...
Loading...