មេជលផលប្តឹងឲ្យឃាត់ខ្លួន មន្ត្រីបរិស្ថាននៅតំបន់ ស្នូលព្រែកទាល់ ពីបទស៊ីសំណូក
ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកឯកភ្នំ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ជាមន្ត្រីបរិស្ថាន តំបន់ស្នូលព្រែកទាល់ ដោយយោងតាមដីកាបង្គាប់ ឲ្យនាំខ្លួនលេខ ៤០៩ ដ.ប.ន.ខ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ចេញដោយលោក សាអឿនកោសល្យមុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទស៊ីសំណូកដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ នៅចំណុចព្រែកអុងឡុង ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ចង់ សោភ័ណ្ឌ អធិការរងនគរបាល ស្រុកឯកភ្នំ បានឲ្យដឹងថា បុរសត្រូវចោទដែលឃាត់ខ្លួន កាលពីវេលាម៉ោង ៧និង១០ នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅចំណុចពាក់កន្ទេល ភូមិព្រែលទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទស៊ីសំណូក មាន ឈ្មោះ ម៉ឹង ម៉ន អាយុ ៤៦ឆ្នាំ ជាមន្ត្រីបរិស្ថាន តំបន់ស្នូលព្រែកទាល់ នៃក្រសួងបរិស្ថាន ប្រចាំឃុំកោះជីវាំង ស្រុកឯកភ្នំ ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្វើការជាមន្ត្រី បរិស្ថានខេត្ត តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្នជាង ១០ឆ្នាំមកហើយ។
ករណីចាប់ខ្លួននេះ គឺខាងលោក ជួង សុភា នាយខណ្ឌរដ្ឋបាល ជលផលខេត្តបាត់ដំបង ជាអ្នកប្តឹង ដោយយោងតាមដីកា បង្គាប់ឲ្យនាំខ្លួន លេខ ៤០៩ ដ.ប.ន.ខ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ចេញដោយ លោក សាអឿន កោសល្យមុនី ចៅក្រមស៊ើបសួរ នៃតុលាការខេត្តបាត់ដំបង។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ហើយកម្លាំងនគរបាល បាននាំខ្លួនជនជាប់ចោទ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ មិនអាចបង្អង់យូរបានឡើយ ៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...