លោក សៀង ឡេង សម្ងំប្រមូលលុយពីឡានដឹកទំនិញ ឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ មួយគ្រឿង ៥ដុល្លារ ដោយមិនបង់ចូលខ្ទង់ថវិកាជាតិ
ខេត្តព្រះសីហនុ ៖ ច្រើនឆ្នាំមកហើយដែលលោក សៀង ឡេង ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានប្រព្រឹត្តអំពើពុករលួយ យ៉ាងស្ងៀមស្ងាត់ មិនដែលត្រូវបានថ្នាក់លើ កោះហៅទៅសួរនាំឬដាក់ពិន័យម្តងណាឡើយ ហើយអំឡុងពេលមានការកែទម្រង់ស៊ីជម្រៅ លើការលុបបំបាត់អំពើពុករលួយ ក៏លោក សៀង ឡេង នៅតែមានអំណាចធំធេង ក្នុងការចាត់តាំងមន្ត្រីជំនិតៗរបស់គាត់ ឲ្យប្រមូលលុយពីក្បាលឡានកុងតឺន័រ ដឹកទំនិញចេញចូលកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ មួយថ្ងៃៗបានចំណូលរាប់លានរៀល យកទៅបែងចែកតែបក្ខពួកគាត់ ប៉ុន្មាននាក់ប៉ុណ្ណោះ។
ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ តូចតាចមួយចំនួន បានរអ៊ូរទាំថា លោក សៀង ឡេង ដែលជាមេកើយរបស់ខ្លួន កំពុងតែសម្ងំកើបលុយ ពីការរាប់ក្បាលឡាន ដឹកទំនិញចេញចូល កំពង់ផែខេត្តព្រះសីហនុ យកទៅច្រកហោប៉ៅតែម្នាក់ឯង មិនដែលគិតគូរ ពីមន្ត្រីក្រោមឱវាទនោះទេ។ តួនាទីជានគរបាលអន្តោប្រវេសន៍ ប្រចាំច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ មិនត្រឹមតែត្រួតពិនិត្យឯកសារឆ្លងដែន អ្នកជំនួញ ឬនាវិកប៉ុណ្ណោះទេ ថែមទាំងបានដាក់បារ៉ាស់ ចាំប្រមូលលុយពីក្បាលឡាន យ៉ាងប្រសេចប្រសាច ផ្ទុយពីគោលការណ៍របស់ថ្នាក់លើ ប៉ុន្តែរូបភាពនេះកើតឡើង ដោយសារតែគំនិតពុករលួយ ដ៏ក្រាស់ឃ្មឹករបស់លោក សៀង ឡេង តែម្តង។
មានការបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃៗមានរថយន្ត ដឹកកុងតឺន័រ ចេញចូលច្រកកំពង់ផែ ខេត្តព្រះសីហនុ យ៉ាងតិច ៥០០គ្រឿង ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និង ៨០០ទៅ១ ពាន់គ្រឿង ចន្លោះពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយសម្រាប់រថយន្ត ដឹកកុងតឺន័រទាំងអស់ ពេលដឹកទំនិញឆ្លងកាត់បារ៉ាស់ របស់នគរបាលអន្តោប្រវេសន៍ ត្រូវបង់លុយថ្លៃក្បាលឡាន ចាប់ពី ១៧០០០រៀល ទៅ ១៨០០០រៀល ហើយសម្រាប់រថយន្ត ដែលមានតែសម្បកកុងតឺន័រទទេ ក្រោយពេលដាក់ទំនិញចុះរួចរាល់ ពេលបើកឆ្លងកាត់បារ៉ាស់ ក៏ត្រូវចូលបង់លុយក្នុង ១គ្រឿង ៣ពាន់រៀល។ ដូច្នេះសម្រាប់រថយន្ត កុងតឺន័រដឹកទំនិញ ១គ្រឿង ទាំងចេញនិងចូល ច្រកកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវចំណាយលុយ យ៉ាងតិច ៥ដុល្លារអាមេរិក ក្នុង ១គ្រឿង ហើយបើយកទៅគុណ ជាមួយឡានដឹកទំនិញ ជាប្រចាំថ្ងៃ ៥០០គ្រឿង ឃើញថាប្រាក់ចំណូលក្រោមតុ របស់លោក សៀង ឡេង មិនធម្មតាឡើយ។
មានការបញ្ជាក់ផងដែរថា ថវិកាដែលប្រមូលបាន ពីការដាក់បារ៉ាស់យកលុយ របស់នគរបាលអន្តោប្រវេសន៍ ជាមន្ត្រីជំនិតៗរបស់លោក សៀង ឡេង មិនបានបង់ចូល ក្នុងខ្ទង់ថវិកាជាតិនោះទេ មួយថ្ងៃៗគេឃើញមន្ត្រី របស់លោក សៀង ឡេង បានទៅផ្សាររកទិញបាវ មកច្រកលុយដឹកយកទៅផ្ទះលោក សៀង ឡេង ដើម្បីបែងចែកគ្នា ធ្វើមានធ្វើបានតែបក្ខពួកគ្នាគាត់ ប៉ុន្មាននាក់ប៉ុណ្ណោះ មន្ត្រីដទៃទៀត គ្មានវាសនាបានចាយលុយ ពុករលួយទាំងនោះទេ ព្រោះមួយម៉ាត់ណាក៏ដោយ លោក សៀង ឡេង អួតអាងថា លុយទាំងនោះ គាត់ប្រមូលយកទៅបង់ជូនថ្នាក់លើ ប៉ុន្តែគេមិនច្បាស់ទេថា ថ្នាក់លើដែលទទួលបានលុយនោះ ឈ្មោះអ្វី និងទទួលបានចំនួនប៉ុន្មាននោះទេ។
លើសនេះទៅទៀត លោក សៀង ឡេង កំពុងសប្បាយ ក្នុងការប្រមូលផលប្រយោជន៍ ពីសកម្មភាព ដឹកជញ្ជូនទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញក្លែងភេទ ដូចជារថយន្តកាត់ត នាំចូលបង់ពន្ធតាមរបៀប គ្រឿងបន្លាស់ ដែលមានការបង់ពន្ធតិចតួច ក៏ក្រុមឈ្មួញត្រូវតែ ទំនាក់ទំនងយកចិត្តយកថ្លើម ជាមួយលោក សៀង ឡេង ទើបសកម្មភាពរកស៊ី តាមរបៀបលួចបន្លំពន្ធ្ របស់ពួកគេអាចដំណើរការ ដោយរលូនល្អ គ្មានការរំខាន។ គេចង់ឃើញអគ្គស្នងការនគរបាលជាតិ ពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយ របស់លោក សៀង ឡេង ឡើងវិញជាបន្ទាន់ ព្រោះការរាប់ក្បាលឡាន យកលុយតាមរបៀបពុករលួយ យកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដែលលោក សៀង ឡេង កំពុងប្រព្រឹត នាពេលបច្ចុប្បន្ននេះ ធ្វើឲ្យប៉ះពាល់អារម្មណ៍ របស់អ្នកវិនិយោគទុន ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ និងធ្វើឲ្យមន្ត្រីតូចតាចជាច្រើន ក្តៅក្រហាយផងដែរ៕
Source from: watphnom-news.com

Loading...
Loading...