ម្ចាស់ការដ្ឋានសំណង់ខុនដូរកំពស់ ១០ជាន់ ធ្វេសប្រហែស ធ្លាក់ដែកត្រូវបុរសម្នាក់របួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ពេលកំពុង ចងកេសដាក់លើម៉ូតូ ហើយត្រូវដែកថ្នាំងអំពៅ ប្រវែងប្រហែល ៦តឹក ធ្លាក់ពីលើអគារខុនដូរ កំពស់ ១០ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅគ្លីនិកសម្ភព សោភា ហើយដោយសារតែរងរបួសធ្ងន់ពេក ត្រូវដឹកបន្តទៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ លឹម ហ៊ី អាយុ ៦៤ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ មុនពេលកើតហេតុ បុរសរងគ្រោះ បានទិញសំបកកេស ចងដាក់លើម៉ូតូសង់កូរ៉េ នៅចំណុចកើតហេតុ ស្រាប់តែមានដែក ថ្នាំងអំពៅប្រវែង ៦តឹកទំហំប្រហែល ២៥លី ធ្លាក់មកពីជាន់ទី១០ នៃការដ្ឋានសំណង់ខុនដូរ ត្រូវចំជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
គួរបញ្ជាក់ថា សំណង់ខុនដូរនេះ មិនមានការបិទបាំង តាមបច្ចេកទេសឲ្យបាន ត្រឹមត្រូវនោះទេ នេះជាការធ្វេសប្រហែស របស់អ្នកគ្រប់គ្រង សំណង់ដ៏ធំមួយនេះ។ ប្រជាពលរដ្ឋ បានសំណូមពរទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ឲ្យត្រួតពិនិត្យមើល ម្ចាស់សំណង់នានា ក្នុងការសាងសង់ ត្រូវមានការបិទបាំង ឲ្យស្របតាមលក្ខណៈបច្ចេកទេសផង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ជាយថាហេតុដូចករណី ខាងលើនេះ៕
Source from: watphnom-news.com

Loading...
Loading...