ឧកញ៉ា វុធ មានខ្សែរត់ការដោះដូរទីតាំង សាលាសង្កាត់និងមណ្ឌលសុខភាពផ្សារដើមថ្កូវ មិនខុសពីការលក់ផ្ទះវីឡា ទៅនៅខ្ទមដ៏រយីករយាក
រាជធានីភ្នំពេញ ៖ ចាប់ផ្តើមបែកធ្លាយទៀតហើយ រឿងយកឆ្នាំងដែក ដូរយកឆ្នាំងដី ឬការលក់ផ្ទះវីឡា ទៅរស់នៅក្នុងខ្ទមដ៏រយីករយាក ហើយវាជាវប្បធម៌ដ៏អាក្រក់បំផុត សម្រាប់ការលក់ទ្រព្យសម្បត្តិរដ្ឋ ជ្រកក្រោមស្លាកដោះដូរទីតាំងតាមរបៀបពុករលួយ គ្មានអ្វីចំណេញសម្រាប់ជាតិនោះទេ ហើយរឿងដែល គួរឲ្យខឹងសម្បាបំផុតនោះ គឺការដោះដូរទីតាំងអគាររដ្ឋ ពីតំបន់ប្រជុំជន ទៅកាន់តំបន់ជាយក្រុង បង្កឲ្យមានផលប៉ះពាល់ ដល់មន្ត្រីរាជការតូចតាច ហើយ កូដកម្មប្រឆាំងការដោះដូរទីតាំង មន្ទីរពេទ្យសម្ភពក្រុង មិនទាន់បាត់ក្លិនឆួលច្រមុះផង ស្រាប់តែពេលនេះ មានដំណឹងល្ហិចល្ហៀង ពីការដោះដូរទីតាំងអគាររដ្ឋ ចំនួន ២កន្លែង គួរឲ្យភ្ញាក់ផ្អើលបំផុត។
ប្រភពពីមន្ត្រីដែលពាក់ព័ន្ធ នឹងការដោះដូរអគាររដ្ឋ បានបង្ហើបឲ្យដឹងថា ទីតាំងសាលាសង្កាត់ផ្សារដើមថ្កូវ និងមណ្ឌលសុខភាពផ្សារដើមថ្កូវ ដែលស្ថិតនៅជាប់រង្វង់មូលផ្សារដើមថ្កូវ ចំផ្លូវខ្វែងខ្វាត់ត្រូវបាន គេរត់ការដោះដូរទីតាំងរួចទៅហើយ ប៉ុន្តែគេមិនដឹងថា ទីតាំងសាលាសង្កាត់និងមណ្ឌលសុខភាព ត្រូវរុះរើទៅកាន់ទីណា ឲ្យប្រាកដនៅឡើយទេ។ សូម្បីតែមន្ត្រីរាជការ និងគ្រូពេទ្យមួយចំនួន ក៏មិនទាន់ទទួលបានដំណឹង ស្តីពីការរើកញ្ជើទៅកាន់ទីតាំងថ្មី នៅពេលណានោះដែរ គ្រាន់តែដឹងថា បន្តិចទៀតពួកគេបានទៅ ធ្វើការនៅកន្លែងដែលតូចចង្អៀត ឬនៅតាមផ្លូវឌឿងហែម ដោយរើចេញពីទីតាំងដ៏ល្អស្អាត មានផ្លូវខ្វាត់ខ្វែង ត្រូវឈ្មួញមានលុយមានអំណាច ប្រមូលទិញយកទៅអភិវឌ្ឍន៍ ជាមណ្ឌលពាណិជ្ជកម្ម ឬស្ថានីយ៍ប្រេងឥន្ធនៈ។
មន្ត្រីសាលាសង្កាត់ផ្សារដើមថ្កូវម្នាក់ បានលួចបង្ហើបឲ្យដឹងថា ទីតាំងសាលាសង្កាត់ផ្សារដើមថ្កូវ និងមណ្ឌលសុខភាពផ្សារដើមថ្កូវ ស្ថិតនៅក្នុងខណ្ឌចំការមន គឺជាទីតាំងត្រូវប៉ាន់បំផុត សម្រាប់ការបង្កើតជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ ឬស្ថានីយ៍ប្រេងឥន្ធនៈ បើគិតពីតម្លៃបច្ចុប្បន្ន តំបន់នោះ ១ម៉ែត្រការ៉េ មិនក្រោម ២ពាន់ដុល្លារ អាមេរិកនោះទេ ហើយទីតាំងសាលាសង្កាត់ និងមណ្ឌលសុខភាពផ្សារដើមថ្កូវ មានតម្លៃរាប់លានដុល្លារឯណោះ។ មិនខ្វះទេឈ្មួញមានលុយមានអំណាច ដែលរត់ការខ្វែងដៃខ្វែងជើង ចង់បានទីតាំងនេះ ទៅធ្វើជាមណ្ឌលពាណិជ្ជកម្ម បម្រើឲ្យជំនួញរបស់ពួកគេ ប៉ុន្តែតាមប្រភពខ្សឹបខ្សៀវមួយ បានបង្ហើបឲ្យដឹងថា ក្នុងចំណោមឈ្មួញ ដែលមកចែចូវទិញទីតាំង សាលាសង្កាត់ផ្សារដើមថ្កូវ និងមណ្ឌលសុខភាពផ្សារដើមថ្កូវ គឺមានតែឧកញ៉ា វុធ ដែលជាអ្នកមានសំណាងខ្ពស់ជាងគេ។
គេមិនច្បាស់ទេថា តើឧកញ៉ា វុធ ទទួលបានផលចំណេញ ក្នុងចំនួនទឹកប្រាក់ប៉ុន្មានលានដុល្លារនោះទេ សម្រាប់ការដោះដូរទីតាំង សាលាសង្កាត់ និងមណ្ឌលសុខភាព ផ្សារដើមថ្កូវ ដោយគ្មានការដេញថ្លៃជាសាធារណៈ ព្រោះវាជារឿងធម្មតាទេ ឧកញ៉ា វុធ មានខ្សែទុយោធំ មានលុយមានអំណាច គាត់អាចចាត់ចែងចែចូវ ទិញទីតាំងអគាររដ្ឋយកទៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្រាន់តែប្រើពាក្យថា ដោះដូរទីតាំងមកបិទមុខតែប៉ុណ្ណោះ។ គេកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ថាតើទីតាំងសាលាសង្កាត់ និងមណ្ឌលសុខភាពផ្សារដើមថ្កូវ ត្រូវរើយកទៅដាក់នៅទីណា ប៉ុន្តែទំនងជាមិនស្ថិតនៅក្រៅ ខណ្ឌចំការមន នោះទេ ហើយដើម្បីផលចំណេញ ទំនងជាឧកញ៉ា វុធ ទិញផ្ទះល្វែងនៅផ្លូវឌឿងហែមណាមួយ សម្រាប់ធ្វើជា សាលាសង្កាត់តម្លៃត្រឹមជាង ១០ម៉ឺនដុល្លារ រួចស្រេចទៅហើយ គឺចំណេញនៅលើគោក៕
Source from: watphnom-news.com

Loading...
Loading...