សម្រាលកូនបានជាង ២ម៉ោង ស្លាប់ទាំងបិទភ្នែកមិនជិត ចោលប្តីនិងកូន ៥នាក់
ខេត្ដកំពង់ធំ ៖ ស្ដ្រីវ័យ ៣៤ឆ្នាំម្នាក់បានសម្រាលកូន ក្នុងពេទ្យឆ្មបឯកជនមួយកន្លែង ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ តែជាអកុសលបន្ទាប់ពី សម្រាលបានកូនប្រុសម្នាក់ បានជាង ២ម៉ោង ក៏ស្ទះដង្ហើមបណ្ដាលឱ្យស្លាប់ ចោលប្តីនិងកូនៗ យ៉ាងអាណោចអាធ័មបំផុត ពេលបញ្ជូនមកសង្គ្រោះ ដល់ខ្លោងទ្វារ មន្ទីរពេទ្យបង្អែកខេត្ដកំពង់ធំ កាលពីវេលាម៉ោង ១២និង២០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ។
ស្ត្រីរងគ្រោះមានឈ្មោះ សេង ស្រីមុំ អាយុ ៣៤ឆ្នាំ មានកូន ៥នាក់ ស្រី៣ ប្រុស២ ទាំងទារកដែលទើបឃើញពន្លឺថ្ងៃ រស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ពីមុនមកមិនដែល មានជំងឺប្រចាំកាយនោះទេ ។ លុះដល់ថ្ងៃសម្រាលឈ្មោះ សេង ស្រីមុំ បានទៅរកពេទ្យឆ្មបខាងលើ សម្រាលកូននៅចន្លោះ ម៉ោងប្រមាណ ៧ព្រឹក បានប្រហែល ២ម៉ោង គ្រូពេទ្យដែលទទួលខុសត្រូវ បានទុកឱ្យអ្នកជំងឺ នៅជាមួយសាច់ញាតិ ដោយអ្នកគ្រូពេទ្យ បានចេញទៅទិញម្ហូប បាត់ទៅ។
បន្ដិចក្រោយមក អាការអ្នកជំងឺថប់ដង្ហើម ទើបហៅគ្រូពេទ្យសួរនាំ ហើយដោយឃើញសភាពមិនស្រួល ក្រុមគ្រួសារបានមបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ តាមរ៉ឺម៉កម៉ូតូ តែជាអកុសលពេលមកដល់ ខ្លោងទ្វារមន្ទីរពេទ្យ ស្ដ្រីរងគ្រោះ បានសន្លប់បាត់ស្មារតី ហើយបេះដូងមិនអាចធ្វើចលនាបានទៀតទេ។ យ៉ាងណាក៏ដោយ លោកស្រី នូ វិចិត្រា ជាពេទ្យឆ្មបបានឱ្យដឹងថា អ្នកជំងឺមានសុខភាពល្អ ពុំមានបញ្ហាអ្វីនោះទេ ទើបគាត់ទុកឱ្យនៅ ជាមួយសាច់ញាតិឆ្លៀត ទៅទិញម្ហូប តែគាត់បានខំប្រឹងប្រែង អស់លទ្ធភាពហើយ នៅតែពុំអាចជួយសង្គ្រោះ អាយុជីវិតជនរងគ្រោះបាន៕
Source from: watphnom-news.com

Loading...
Loading...