លោក ប៉ាង វណ្ណថា ប្រធានសាខាគយខេត្តបាត់ដំបង រក្សាទុកក្រុមឈ្មួញធំៗ ដែលមានជំនាញរកស៊ីបន្លំពន្ធ ជាផលប្រយោជន៍ឆ្នាំងបាយ
ខេត្តបាត់ដំបង ៖ ច្រើនឆ្នាំមកហើយដែលលោក ប៉ាង វណ្ណថា បានឡើងធ្វើជា ប្រធានសាខាគយនិងរដ្ឋាករ ប្រចាំខេត្តបាត់ដំបង ជំនួសលោក ស្រី សៀង ដែលជាអតីតមេគយដ៏ល្បីឈ្មោះ អំពីរឿងចាត់តាំងមន្ត្រីក្រោមឱវាទ ឲ្យចុះប្រមូលលុយពីទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ប៉ុន្តែមកដល់ពេលនេះ លោក ប៉ាង វណ្ណថា បានអនុវត្តន៍តាមរូបមន្ត របស់លោក ស្រី សៀង ក្នុងការប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន និងសម្រាប់អភិវឌ្ឍន៍ មុខតំណែងយ៉ាងរំភើយ មិនដែលខ្វល់ខ្វាយ ពីកំណែទម្រង់ស៊ីជម្រៅ ឬវិធានការប្រមូលពន្ធ ឲ្យបាន ១០០ភាគរយនោះទេ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួន បានលើកឡើងថា លោក ប៉ាង វណ្ណថា បានដាក់ពង្រាយ ជំនាញគយចល័តរបស់ខេត្ត ឲ្យចុះដាក់ប៉ុស្តិ៍ជជុះ ប្រដេញចាប់ឡានដឹកជញ្ជូនទំនិញ ទាំងស្របច្បាប់និងខុសច្បាប់ ឲ្យចូលបង់លុយ យ៉ាងអនាធិបតេយ្យបំផុត ពោលគឺប៉ុស្តិ៍ជជុះ របស់ជំនាញគយទាំងនោះ មិនខុសពីក្រុមចាប់ជំរិតនោះទេ។ គ្រប់ការដឹកជញ្ជូនទំនិញ ទាំងតាមរថយន្តតូច និងរថយន្តធំ ឆ្លងកាត់ទឹកដីខេត្តបាត់ដំបង មកពីច្រកព្រំដែន នៃស្រុកកំរៀង ស្រុកសំពៅលូន ជាដើម សុទ្ធតែជាប់កាតព្វកិច្ច បង់លុយថ្លៃក្បាលឡាន ជូនជំនាញគយចល័ត ក្រោមបញ្ជារបស់លោក ប៉ាង វណ្ណថា។ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញតូចតាច បានក្លាយជាគោលដៅ នៃការកោសរូស បង្ខំឲ្យបង់លុយ តាមតែអំពើចិត្ត ប៉ុន្តែសម្រាប់ឈ្មួញធំៗ រកស៊ីដឹកជញ្ជូនទំនិញ តាមរថយន្តយីឌុបទាំងខ្សែៗ បែរជាទទួលបានការយោគយល់ ពីជំនាញគយរបស់លោក ប៉ាង វណ្ណថា។
ក្រុមគយចល័តរបស់លោក ប៉ាង វណ្ណថា បានដាក់ប៉ុស្តិ៍ជជុះ នៅចំណុចស្ពានអូរតាគី តាមបណ្តោយផ្លូវជាតិលេខ៥ ចាំស្ទាក់ចាប់ឡានដឹកទំនិញ ឲ្យចូលបង់លុយតាមតែអំពើចិត្ត ហើយរាល់ការចូលបង់លុយទាំងនោះ មិនមានលិខិតស្នាម ឬវិក្កយបត្រ បញ្ជាក់នោះទេ អាចចាត់ទុកជាអំពើពុករលួយ ផ្ទុយពីការរឹតបន្តឹង របស់លោក ឱម យ៉ិនទៀង។ ទីតាំងប៉ុស្តិ៍ជជុះរបស់គយចល័ត ខេត្តបាត់ដំបង នៅចំណុចស្ពានអូរតាគីនេះ ក៏បានចាប់ឃាត់ម៉ូតូ របស់ប្រជាពលរដ្ឋ ដើម្បីឆែកឆេរត្រួតពិនិត្យ រកលិខិតស្នាម តម្រូវឲ្យបង់ពន្ធ ទៅតាមតែបបូរមាត់ របស់ពួកគេ មិនដឹងជាសំអាង ទៅលើអ្វីនោះទេ ព្រោះករណីម៉ូតូអត់ពន្ធមួយចំនួន ត្រូវជំនាញគយរបស់លោក ប៉ាង វណ្ណថា ចាប់យកទៅផាកពិន័យ ឲ្យបង់ពន្ធទៅតាមតម្លៃ ដែលបានកំណត់ ហើយជំនាញគយ បានតម្រូវឲ្យម្ចាស់ម៉ូតូ បង់សេវាទឹកតែ បន្ថែមលើសតម្លៃពន្ធ នាំចូលទៅទៀត។
ប្រជាពលរដ្ឋម្នាក់ ដែលជាជនរងគ្រោះ ដោយសារតែការកោសរូស បង្ខំឲ្យបង់លុយ ពីសំណាក់ជំនាញគយ របស់លោក ប៉ាង វណ្ណថា បានលើកឡើងថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ កន្លងទៅនេះ គាត់បានបើកម៉ូតូ អត់ពន្ធមួយគ្រឿង ម៉ាក CBR ពណ៌ស លាយខ្មៅ ស៊េរីឆ្នាំ២០១២ មកពីចំណុច ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏ត្រូវគយចល័ត របស់លោក ប៉ាង វណ្ណថា ចាប់ឃាត់នៅចំណុច ស្ពានអូរតាគី បង្ខំឲ្យបង់ពន្ធក្នុងតម្លៃ ១០៥០ ដុល្លារ និងបង្ខំឲ្យម្ចាស់ម៉ូតូ បង់ប្រាក់បន្ថែមជាសេវាទឹកតែ ចំនួន ៦០០ដុល្លារ ដោយអះអាងថា ប្រាក់នេះមិនមែនស្ថិត ក្នុងវិក្កយបត្របង់ពន្ធ ជូនរដ្ឋនោះទេ គ្រាន់តែជាសេវាទឹកតែ សម្រាប់មន្ត្រីគយដែលដាក់ប៉ុស្តិ៍ជជុះ និងជូនដល់ក្រុមភ្នាក់ងារសម្ងាត់ ផ្តល់ព័ត៌មានទាក់ទងបទល្មើស ឆ្លងកាត់ផ្លូវជាតិលេខ៥។
សមត្ថកិច្ចនិងប្រជាពលរដ្ឋ សម្តែងនូវការហួសចិត្តគ្រប់ៗគ្នា ពីសកម្មភាពរបស់ជំនាញគយ ក្រោមបញ្ជារបស់លោក ប៉ាង វណ្ណថា ហើយម្ចាស់ម៉ូតូរងគ្រោះ គ្មានប្រាក់បង់ជូនមន្ត្រីគយ ទៅតាមការទាមទារនោះទេ ទើបជំនាញគយទាំងនោះ បានសម្រេចបញ្ចុះតម្លៃ នៅសល់ត្រឹម ៣៥០ដុល្លារ ប៉ុន្តែគយចល័តនៅស្ពានអូរតាគីនោះ មិនព្រមប្រគល់ម៉ូតូ ឲ្យសាមីខ្លួនវិញទេ បើទោះបីជាបានបង់ប្រាក់ពន្ធ គ្រប់ចំនួនទៅហើយ គឺគេនៅតែទាមទារ ឲ្យបង់សេវាទឹកតែ តម្លៃ ៣៥០ដុល្លារជាកំហិត ។ មានការវាយតម្លៃជារួមថា ក្រុមគយចល័តខេត្តបាត់ដំបង ក្រោមបញ្ជារបស់លោក ប៉ាង វណ្ណថា មិនបានបំពេញភារកិច្ច តួនាទីរបស់ខ្លួន ឲ្យស្របតាមបទបញ្ជា ឬសេចក្តីណែនាំ របស់ថ្នាក់លើនោះទេ គិតតែផលប្រយោជន៍ ច្រកហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
សូមរំលឹកថា ទឹកដីខេត្តបាត់ដំបង គឺជាចំណុចកណ្តាល នៃការឆ្លងកាត់ទំនិញគេចពន្ធ និងទំនិញខុសច្បាប់គ្រប់ប្រភេទ ហើយលោក ប៉ាង វណ្ណថា បានពង្រាយមន្ត្រីជំនិតៗ របស់ខ្លួនឲ្យចុះប្រមូលលុយ តាមផ្លូវជាតិចាំស្ទាក់ចាប់ ឡានដឹកទំនិញខុសច្បាប់ ឲ្យចូលបង់លុយ ដែលសូម្បីតែឡានដឹកឈើប្រណីត ឆ្លងកាត់ទឹកដីខេត្តបាត់ដំបង ក៏មន្ត្រីគយរបស់លោក ប៉ាង វណ្ណថា មានជំនាញកោសរូស ឲ្យបង់លុយតាមតែទំនើងចិត្ត។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថា នាយកដ្ឋានគយនិងរដ្ឋាករ នឹងចាត់វិធានការបែបណា ចំពោះភាពអសកម្ម និងអំពើពុករលួយ របស់ជំនាញគយ ក្រោមបញ្ជារបស់លោក ប៉ាង វណ្ណថា ដែលមិនទាន់ព្រឺរោមជើង ចំពោះការរឹតបន្តឹង របស់អង្គភាពប្រឆាំងអំពើពុករលួយ និងមិនបានយកចិត្តទុកដាក់ចំពោះកំណែទម្រង់ស៊ីជម្រៅ លើការប្រមូលពន្ធ និងការលុបបំបាត់អំពើពុករលួយ ៕
Source from: watphnom-news.com

Loading...
Loading...