លោក ថេង ម៉ុងហួន ឃុបឃិតឲ្យឈ្មោះ ស៊ីម នាំចូលទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេងតាមច្រកចាំយាម ត្រូវគយចល័តជើងទឹកហែកលីអូ
ខេត្តកោះកុង ៖ ភាពមិនប្រក្រតីនៃការចាប់ទំនិញគេចពន្ធ ប្រភេទទឹកដោះគោក្រហម ចំនួន ៣ពាន់កេស កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ តាមផ្លូវជាតិលេខ៤៨ ក្នុងទីរួមខេត្តកោះកុង ដែលធ្វើឡើងតាមរបៀបលាក់បាំងមិនចង់ផ្តល់ព័ត៌មានឲ្យអ្នកកាសែត ត្រូវបានមន្ត្រីសាខាគយខេត្តកោះកុង ទម្លាយឲ្យដឹងថា ទំនិញគេចពន្ធទាំងនេះ បានបង្កប់ជាមួយទំនិញដទៃទៀត ដឹកជញ្ជូនតាមរថយន្តខ្នាតយក្សមួយ ដោយនាំចូលតាមច្រកអន្តរជាតិចាំយាម ខេត្តកោះកុង ប៉ុន្តែរឿងដែលចម្លែកបំផុតនោះ គយចល័តជើងទឹកបែរជា ឡើងលើគោកមកចាប់ទំនិញគេចពន្ធ បំពានទៅលើតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឲ្យមន្ត្រីគយចល័ត នៅលើគោកប្រតិកម្មយ៉ាងខ្លាំង។
មានការបញ្ជាក់ផងដែរថា ទំនិញគេចពន្ធប្រភេទ ទឹកដោះគោក្រហមចំនួន ៣ពាន់ កេសនេះ បើគិតជាប្រាក់ពន្ធវិញ មានចំនួនរាប់រយលានរៀលឯណោះ ហើយទំនិញគេចពន្ធនេះ ជារបស់ឈ្មោះ ស៊ីម ដែលពីមុនជាឈ្មួញ ល្បីឈ្មោះខាងរកស៊ីនាំចូល ទំនិញគេចពន្ធ តាមច្រកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ ប៉ុន្តែដោយសារតែឈ្មោះ ស៊ីម មានទំនាក់ទំនងជិតដិត ជាមួយលោក ថេង ម៉ុងហួន ជាប្រធានការិយាល័យ គយនិងរដ្ឋាករប្រចាំ ច្រកអន្តរជាតិចាំយាម ក៏បានបង្វែរទិសដៅ មករកស៊ីនាំចូលទំនិញគេចពន្ធ តាមច្រកនេះវិញ។ ប្រភពពីផ្ទៃក្នុងក៏បានបញ្ជាក់ទៀតថា ឈ្មោះ ស៊ីម អាចនាំចូលទំនិញគេចពន្ធ ជាច្រើនប្រភេទ និងមានការលួចបន្លំចំណូលពន្ធ យ៉ាងគគ្រឹកគគ្រេង ជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែមានការឃុបឃិត បិទភ្នែកពីសំណាក់លោក ថេង ម៉ុងហួន ដែលមានជំនាញបន្លំចំណូលពន្ធ។
ជាធម្មតាឈ្មោះ ស៊ីម រកស៊ីនាំចូលទំនិញគេចពន្ធ យ៉ាងកក្រើកទឹកដីខេត្តកោះកុង តាំងពីមានការស្ថាបនា ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវបំបែកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ដោយមានការសង់ស្ពាន យ៉ាងល្អស្អាត ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែ ដែលទាមទារឲ្យលោក ប៉ែន ស៊ីម៉ន ជាមេគយធំពិនិត្យមើល ភាពមិនប្រក្រតី នៃការនាំចូលទំនិញគេចពន្ធ របស់ឈ្មោះ ស៊ីម តាមច្រកអន្តរជាតិចាំយាម ឡើងវិញជាបន្ទាន់។ ឈ្មោះ ស៊ីម ត្រូវគេដឹងថា ជាមេឈ្មួញដ៏មានអំណាចម្នាក់ រកស៊ីបន្លំចំណូលពន្ធឡើងដុះស្លែទៅហើយ ប្រចាំច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយឈ្មោះ ស៊ីម គឺជាអ្នកស្គាល់ចិត្តស្គាល់ថ្លើមមេគយធំៗមួយចំនួន និងមានទឹកមាត់ប្រៃ អាចនិយាយជាមួយជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបិទភ្នែកបិទត្រចៀក ធ្វើមិនដឹងមិនឮពីសកម្មភាព នាំចូលទំនិញគេចពន្ធរបស់ខ្លួនទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។
ពេលខ្លះទឹកមាត់របស់មេឈ្មួញ គេចពន្ធដ៏ធំឈ្មោះ ស៊ីម អាចប្រៃទៅបាន គឺអាស្រ័យទៅតាមអំណាច នៃទឹកលុយរបស់គាត់ ដែលចេះចាត់ចែងបែងចែក ឲ្យជំនាញគយនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមិនឮនិងមិនប៉ះពាល់ ចំពោះការរកស៊ីនាំចូល ទំនិញគេចពន្ធ នាំឲ្យអ្វីៗអាចដំណើរការដោយរលូនល្អ ទើបតែបែកធ្លាយ នៅពេលដែលគយចល័តជើងទឹក ឡើងមកចាប់ទំនិញរបស់ឈ្មោះ ស៊ីម កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ។ លោក ថេង ម៉ុងហួន ក្នុងនាមជាប្រធានការិយាល័យគយ ប្រចាំច្រកអន្តរជាតិចាំយាម មិនបានយកចិត្តទុកដាក់អនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ ក្នុងការប្រមូលពន្ធឲ្យបាន ១០០ភាគរយនោះទេ ពោលគឺលោក ថេង ម៉ុងហួន បានរក្សាទុកឈ្មួញធំៗ ឲ្យរកស៊ីនាំចូលទំនិញគេចពន្ធ ជាច្រើនប្រភេទ រួមមានប្រភេទម៉ូតូធំៗ រួមទាំងការដឹកជញ្ជូនទំនិញខុសច្បាប់ និងចំណីអាហារខូចគុណភាពដូចជាជង្គង់មាន់ សាច់មាន់ និងប្រហិតត្រីជាដើម។
ដោយឡែក សកម្មភាពនាំចូលទំនិញគ្រប់ប្រភេទ របស់ឈ្មោះ ស៊ីម ដែលកំពុងប្រព្រឹត្តដោយអនាធិបតេយ្យ មានការឃុបឃិតបិទភ្នែក ពីលោក ថេង ម៉ុងហួន ហើយកុំតែគយចល័តជើងទឹក ហក់ឡើងលើគោក មកចាប់ទំនិញរបស់ឈ្មោះ ស៊ីម ក៏គេមិនដឹងថា មានទំនិញគេចពន្ធហូរចូលយ៉ាងគំហុក តាមច្រកអន្តរជាតិចាំយាម នោះដែរ។ ជាធម្មតាការចាប់ទំនិញ ដែលនាំចូលតាមច្រកចាំយាម នៅពេលនេះ ទោះជាខុសឆ្គងនីតិវិធីបន្តិចបន្តួចក៏ដោយ ប៉ុន្តែវាមិនខុសពីការហែកខោលីអូ របស់ជំនាញគយនៅច្រកអន្តរជាតិចាំយាម ដែលឃុបឃិតបិទភ្នែកឲ្យឈ្មោះ ស៊ីម នាំចូលទំនិញគេចពន្ធ តាមតែអំពើចិត្តនោះទេ។ អគ្គនាយកគយនិងរដ្ឋាករ គួរតែពិនិត្យមើលឡើងវិញ ពីភាពអនាធិបតេយ្យដែលបង្កឡើង ដោយក្រុមឈ្មួញធំៗមួយចំនួន រកស៊ីនាំចូលទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង តាមច្រកអន្តរជាតិចាំយាមខេត្តកោះកុង បើអាចទប់ស្កាត់បានគេយល់ថា ចំណូលថវិកាជាតិនឹងកើនឡើង គួរឲ្យកត់សម្គាល់ជាមិនខាន៕
Source from: watphnom-news.com

Loading...
Loading...