រកឃើញសម្តីចុងក្រោយចេញពីបន្ទប់បើកបររបស់យន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន
អាជ្ញាធរម៉ាឡេស៊ីកំពុងផ្តោតអារម្មណ៍ និងធ្វើកោសល្យវិច័យទៅលើសម្តីចុងក្រោយដែលនាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី រកឃើញចេញពីបន្ទប់បើកបរយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរ MH370 ជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់ដែលបានបាត់ខ្លួនអស់រយៈពេលជិត១ខែមកហើយនោះ នៅត្រង់ពាក្យថា "រាត្រីសួស្តី ប្រជាជនម៉ាឡេស៊ី បី ប្រាំពីរ សូន្យ" ដោយគេសន្មតថា ជាពាក្យសម្តីរបស់អ្នកបើកបរ ឬជំនួយការអ្នកបើកបរយន្តហោះ ។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី បានដកស្រង់សំឡេងចេញពីបន្ទប់បើកបររបស់យន្តហោះ មានជើងហោះហើរ MH370 ដែលបាត់ខ្លួននោះ ចាប់តាំងពីវេលាម៉ោង១២:២៥:៥៣ នាថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៤ ខណៈដែលយន្តហោះចាកចេញពីទីក្រុងគូឡាឡំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងក្រុមអ្នកដំណើរចំនួន២៣៩នាក់ក្នុងយន្តហោះ ដល់វេលាម៉ោង០១:១៩:២៩ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ដដែល ទើបបាត់ការទាក់ទង ដោយមានលេចឮសម្តីចុងក្រោយថា "Good Nihgt Malaysian Tree Seven Zero" ឬជាភាសាខ្មែរថា "រាត្រីសួស្តី ប្រជាជនម៉ាឡេស៊ី បី ប្រាំពីរ សូន្យ" ។
រហូតមកទល់បច្ចុប្បន្ន មានរយៈពេលជិត១ខែហើយ ដែលការបាត់ខ្លួនយន្តហោះ Boeing777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី មានជើងហោះហើរMH370 ជាមួយនឹងមនុស្សចំនួន២៣៩នាក់ក្នុងយន្តហោះ ឋិតនៅជាអាថ៌កំបាំងនៅឡើយ ទោះបីកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ឯកឧត្តម Najip Razak នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបានអះអាងថា យន្តហោះបានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង ដោយបានសម្លាប់អ្នកដំណើរទាំងអស់ក្នុងយន្តហោះក៏ដោយ ដ្បិតការអះអាងថា មិនបានបញ្ជាក់អំពីមូលហេតុ និងព័ស្តុតាងជាក់លាក់ និងម្យ៉ាងទៀត យន្តហោះនិងមនុស្សក្នុងយន្តហោះដែលបាត់ខ្លួននេះ នៅតែស្វែងរកមិនទាន់ឃើញ ។
កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៤ ឯកឧត្តម Tony Abbott នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី បានប្រកាសគាំទ្រទៅលើការអះអាងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលថាយន្តហោះដែលបាត់ខ្លួន បានធ្លាក់ក្នុងសមុទ្រឥណ្ឌា និងអូស្ត្រាលីបានអះអាងដែរថា នឹងបន្តស្វែងរកយន្តហោះដែលបាត់ខ្លួននោះតទៅទៀត ដោយគ្មានកំណត់ពេល ដរាបទទួលបានការឆ្លើយតបដល់ក្រុមគ្រួសារសាច់ញាតិអ្នកដំណើរនៅលើយន្តហោះដែលបាត់ខ្លួនទាំងអស់ ខណៈដែលបំណែករកឃើញដោយផ្កាយរណបរបស់អូស្ត្រាលីនៅក្នុងសមុទ្រឥណ្ឌាត្រូវបានអូស្ត្រាលីបញ្ជាក់ថា វត្ថុជាបំណែកទាំងនោះមិនមានការពាក់ព័ន្ធនឹងបំណែកយន្តហោះដែលបាត់ខ្លួនទេ ។
ក្រុមគ្រួសារសាច់ញាតិរបស់អ្នកដំណើរក្នុងយន្តហោះដែលបាត់ខ្លួនបានសម្តែងនូវការរិះគន់យ៉ាងខ្លាំងក្លា ទៅលើអាជ្ញាធរម៉ាឡេស៊ី ដោយពួកគេចោទប្រកាន់ថា អសមត្ថភាពក្នុងការផ្តល់នូវចេម្លើយ ជាលទ្ធផលទាក់ទងនឹងការបាត់ដំណឹងយន្តហោះជាមួយក្រុមអ្នកដំណើរចំនួន២៣៩នាក់ក្នុងយន្តហោះ រហូតដល់ពួកគេបាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតម៉ាឡេស៊ីក្នុងទីក្រុងប៉េកាំង ប្រទេសចិនទៀតផង ។
បច្ចុប្បន្ន បណ្តាប្រទេសនានាបានប្រើប្រាស់យន្តហោះចំនួន៥៨គ្រឿង នាវា៧៩គ្រឿង និងផ្កាយរណបចំនួន៤ ដើម្បីប្រតិបត្តិការស្វែងរកយន្តហោះម៉ាឡេស៊ីមានជើងហោះហើរ MH370 ដែលបាត់ខ្លួន រួមមាន ៖ ចិនប្រើបាស់ផ្កាយរណប យន្តហោះ២គ្រឿង និងនាវា៨គ្រឿង, វៀតណាមប្រើប្រាស់ឧទ្ធម្ភាគចក្រ២គ្រឿង យន្តហោះ៦គ្រឿង និងនាវា៧គ្រឿង, ឥណ្ឌាប្រើប្រាស់យន្តហោះ៦គ្រឿង និងនាវា៦គ្រឿង, បារាំងប្រើប្រាស់ផ្កាយរណប, ជប៉ុនប្រើប្រាស់យន្តហោះ២គ្រឿង និងផ្កាយរណប, អាមេរិកប្រើប្រាស់ផ្កាយរណប ឧទ្ធម្ភាគចក្រ២គ្រឿង យន្តហោះ៣គ្រឿង និងនាវា២គ្រឿង, ហ្វីលីពីនប្រើប្រាស់យន្តហោះ៣គ្រឿង និងនាវា៥គ្រឿង, អូស្ត្រាលីប្រើប្រាស់នាវា៧គ្រឿង, សិង្ហបុរីប្រើប្រាស់ឧទ្ធម្ភាគចក្រ១គ្រឿង យន្តហោះ៣គ្រឿង នាវាសមុទ្រ៣គ្រឿង និងនាវាមុជទឹក១គ្រឿង, ឥណ្ឌូនេស៊ីប្រើប្រាស់យន្តហោះ១គ្រឿង និងនាវា៥គ្រឿង, តៃវ៉ាន់ប្រើប្រាស់យន្តហោះ១គ្រឿង និងនាវា៤គ្រឿង, ថៃប្រើប្រាស់ឧទ្ធម្ភាគចក្រ១គ្រឿង យន្តហោះ១គ្រឿង និងនាវា៣គ្រឿង, ម៉ាឡេស៊ីប្រើប្រាស់យន្តហោះ១៦គ្រឿង និងនាវា២៧គ្រឿង, កម្ពុជាប្រើប្រាស់ឧទ្ធម្ភាគចក្រ៤គ្រឿង និងនាវា២គ្រឿង, អារ៉ាប់រួមប្រើប្រាស់យន្តហោះ១គ្រឿង, ន័រវេសប្រើប្រាស់នាវា១គ្រឿង, នូវែលហ្សេឡង់ប្រើប្រាស់យន្តហោះ៣គ្រឿង , អង់គ្លេសប្រើប្រាស់ នាវា១គ្រឿង, កូរ៉េខាងត្បូងប្រើប្រាស់យន្តហោះ២គ្រឿង, មីយ៉ាន់ម៉ាប្រ់ប្រាស់នាវា២គ្រឿង និងបង់ក្លាដេសប្រើប្រាស់យន្តហោះ១គ្រឿង និងនាវា២គ្រឿង ៕
Source from: www.dtn7.com

Loading...
Loading...