អស់ព្រហ្មចារីយ៍ដោយសារថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ឃើញសង្សារបណ្តើរស្រីថ្មីប្តឹងពីបទរំលោភទារសំណង៥.០០០ដុល្លារ
ស្ត្រីវ័យក្មេងជាសិស្សសាលាកំពុងសិក្សានៅវិទ្យាល័យម្នាក់ ព្រោះតែលង់នឹងល្បែងស្នេហាក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដែលយុវជនមួយចំនួនហៅទាំងច្រឡំថាជាថ្ងៃបុណ្យសង្សារ រហូតបូជាព្រហ្មចារីយ៍ជូនសង្សារចំនួន៥ដងរួចមកហើយនោះ បានសម្រេចប្តឹងសង្សារពីបទរំលោភសេពសន្ថវៈ ទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារអាមេរិក បន្ទាប់ពីឈឺចិត្តដ្បិតចាញ់បោកសង្សារក្បត់ចិត្តស្រវាស្រីថ្មី ។
ហេតុការណ៍ប្តឹងផ្តល់សង្សារបណ្តូលចិត្តពីបទរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាព្រឹកនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ បន្ទាប់ពីឪពុកម្តាយស្ត្រីរងគ្រោះឈ្មោះ អ.ស.រ អាយុ១៨ឆ្នាំ ជាសិស្សរៀននៅថ្នាក់ទី១២ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានដាក់ពាក្យបណ្តឹងទៅនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ ដោយប្តឹងចោទប្រកាន់យុវជនឈ្មោះ ស៊ុន សីហា អាយុ១៨ឆ្នាំ រស់នៅក្បែរលំនៅឋានស្ត្រីរងគ្រោះ និងជាសិស្សរៀនថ្នាក់ទី១២នៃវិទ្យាល័យជាមួយស្ត្រីរងគ្រោះនោះដែរ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ បានបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នោះ យុវជន និងយុវនារីរងគ្រោះបានស្រឡាញ់គ្នាចាត់ទុកជាសង្សារ ខណៈដែលក្នុងថ្ងៃនោះដែរនៅគេហឋានយុវជនឈ្មោះ ស៊ុន សីហា មានរៀបចំកម្មវិធីជប់លៀងមួយ ដោយមានការចូលរួមពីមិត្តភក្តិរួមថ្នាក់ជាមួយគ្នាជាច្រើននាក់ ។ នៅពេលនោះ គេបានឃើញស្ត្រីរងគ្រោះបានផឹកស៊ីស្រវឹងទៅផ្ទះសម្បែងលែងរួច ក៏សម្រេចចិត្តសម្រាកនៅផ្ទះយុវជនឈ្មោះ ស៊ុន សីហា មួយរាត្រី ជាឱកាសឲ្យគូសង្សារទាំង២ផ្តោះផ្តងស្នេហាយ៉ាងល្អូកល្អឺន ធ្វើឲ្យយុវនារីរងគ្រោះលង់ស្នេហ៍រហូតដល់ហ៊ានលះបង់ព្រហ្មចារីយ៍ឲ្យយុវជន ស៊ុន សីហា ទៀតផង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងដែរថា ចាប់តាំងពីស្នេហារាត្រីដំបូងរបស់កម្លោះក្រមុំទាំង២នាក់នោះរួចមក គូស្នេហ៍ទាំង២បានស្រឡាញ់គ្នាកាន់តែខ្លាំងឡើងៗ ដោយបានរួមរ័កជាមួយគ្នាជាបន្តបន្ទាប់រហូតដល់ចំនួន៤លើកថែមទៀត ។ លុះមកដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ម្សិលមិញនេះ ស្រាប់តែយុវនារីរងគ្រោះបានឃើញសង្សារសំណព្វចិត្តរបស់ខ្លួនជិះទោចក្រយានយន្តដឹកស្រីថ្មី ធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង រហូតដល់ទ្រាំមិនបានក៏សម្រេចចិត្តទម្លាយអាថ៌កំបាំងរឿងរ៉ាវស្នេហារបស់នាងនិងសង្សារឲ្យឪពុកម្តាយដឹង រួចហើយក៏បានដាក់ពាក្យបណ្តឹងទៅនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយចោទប្រកាន់យុវជនឈ្មោះ ស៊ុន សីហា ពីបទរំលោភសេពសន្ថវៈ ដោយទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារអាមេរិក ។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានបញ្ជាក់ឲ្យដឹងថា ករណីនេះមិនមែនជាករណីចាប់រំលោភសេពសន្ថវៈជាក់ស្តែងទេ គឺជាករណីត្រូវដងត្រូវផ្លែគ្នាកើតឡើងដោយការស្មោះស្ម័គ្រ ព្រមព្រៀងរវាងគ្នានិងគ្នាប៉ុណ្ណោះ ដ្បិតគូស្នេហ៍ទាំង២រួមរ័កជាមួយគ្នាចំនួន៥លើករួចទៅហើយ ទើបឃើញភាគីខាងប្រុសឌុបស្រីថ្មីទើបមកប្តឹងសមត្ថកិច្ចថាចាប់រំលោភ ។ ទោះយ៉ាងណា សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...