ប៉ូលីសស្រាវជ្រាវទំនិញជាង៤តោនសុទ្ធសឹងជាផ្លែមង្ឃុតនៅលើយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួន
លោក ខាលីត អាប៊ូបាកា មន្ត្រីប៉ូលីសស៊ើបអង្កេតម៉ាឡេស៊ីដែលដកស្រង់សម្តីដោយសារព័ត៌មាន USA Today បានឲ្យដឹងថា "យើងមិនអាចរកឃើញមូលហេតុពិតប្រាកដដែលបណ្តាលឲ្យយន្តហោះ Boeing 777-200 មានជើងហោះហើរ MH370 ជាមួយនឹងអ្នកដំណើរចំនួន២៣៩នាក់ក្នុងយន្តហោះបាត់ខ្លួននោះឡើយ ហើយវាអាចក្លាយជារឿងអាថ៌កំបាំងជាររៀងរហូត ខណៈដែលការជ្រាវបទឧក្រិដ្ឋរយៈពេលជាង៣សប្តាហ៍កន្លងមកនៅតែមិនទាន់មានចម្លើយ" ។ លោកបានបន្តទៀតថា នៅពេលនេះប៉ូលិសម៉ាឡេស៊ីកំពុងតែត្រួតពិនិត្យស្រាវជ្រាវទៅលើទំនិញជាង៤តោន ក៏ដូចជាអាហារបម្រើនៅលើយន្តហោះដែលបាត់ខ្លួននោះ ។
មន្ត្រីប៉ូលិសស៊ើបអង្កេតម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា ត្រូវតែត្រូតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសទៅលើទំនិញមានទម្ងន់ជាង៤តោន សុទ្ធសឹងជាផ្លែមង្ឃុតនៅលើយន្តហោះបាត់ខ្លួន ព្រោះវាជារឿងចម្លែកមួយ ។ យើងត្រូវតែរកពីប្រភពដើមនៃផ្លែមង្ឃុត ពីកន្លែងវេចខ្ចប់ ដឹកជញ្ជូន ក៏ដូចជាអ្នកលើកផ្លែមង្ឃុតទាំងនោះឡើងលើយន្តហោះ ។
ប្រភពពីក្រុមអ្នកឯកទេសបានធ្វើការសន្និដ្ឋានថា ការចំណាយសម្រាប់បេសកកម្មរុករកយន្តហោះម៉ាឡេស៊ី មានជើងហោះហើរ MH370 ដែលបាត់ខ្លួន អាចមានទំហំច្រើនជាង១០ដង ធៀបនឹងការចំណាយលើការរុករកយន្តហោះ Air France របស់ប្រទេសបារាំង ដែលបានធ្លាក់ក្នុងមហាសមុទ្រអាត្លង់ទិចកាលពីឆ្នាំ២០០៩កន្លងមក ដែលបានចំណាយអស់ប្រមាណ៤០លានដុល្លារអាមេរិក ដែលការរុករកនោះបានរកឃើញសាកសពជនរងគ្រោះត្រឹមតែ៥០នាក់ប៉ុណ្ណោះក្នុងចំណោម២២៨នាក់នៅក្នុងយន្តហោះបារាំងដែលធ្លាក់ ។ រីឯការរុករកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ខ្លួននាពេលនេះ ប្រាក់ចំណាយនឹងអាចកើនឡើងដល់ប្រមាណ៤០០លានដុដល្លារអាមេរិក ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក៏ដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការប្រកាសគាំទ្រដោយនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីផងនោះ បានអះអាងថា យន្តហោះដែលបាត់ខ្លួនបានធ្លាក់ក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង ។ ទោះយ៉ាងណាក៏ដោយ ការស្វែងរកសាកសពជនរងគ្រោះមិនទាន់ឃើញនៅឡើយ សូម្បីបំណែកយន្តហោះករតកមិនទាន់ឃើញដែរ មានរយៈពេលជិត១ខែហើយ បន្ទាប់ពីយន្តហោះបានបាត់ខ្លួន កាលពីវេលាព្រឹក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ៕
Source from: www.dtn7.com

Loading...
Loading...