យីឌុបដឹកទំនិញបើកបុក រ៉ឺម៉កដឹកធ្យូងពីក្រោយមួយទំហឹង ក្រឡាប់ធ្លាក់ផ្លូវរបួសធ្ងន់ ២នាក់
ខេត្តកំពង់ឆ្នាំង ៖ យុវជន ២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តមកកាន់ រាជធានីភ្នំពេញ ដោយសាររថយន្តយីឌុប បើកបុករ៉ឺម៉កដឹកធ្យូងពីក្រោយ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៥-១០៦ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កជារថយន្ត យីឌុបម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៤៥២៣ និងរ៉ឺម៉ក ២គ្រឿងដឹកធ្យូង។ ជនរងគ្រោះម្នាក់ មានឈ្មោះ ផល ថន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាអ្នកបើករ៉ឺម៉កដឹកធ្យូង និងម្នាក់ទៀត ឈ្មោះ ម៉ែន មាន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ជាព្រូរថយន្តបង្កហេតុ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រ៉ឺម៉កដឹកធ្យូង ២គ្រឿង បានឈប់បន្តកន្ទុយគ្នា ដើម្បីចាក់ទឹកម៉ាស៊ីនឲ្យត្រជាក់ ស្រាប់តែមានរថយន្តយីឌុបដឹកទំនិញ បានមកបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរ៉ឺម៉កដឹកធ្យូង ទាំង ២គ្រឿង ក្រឡាប់ធ្លាក់ប្រឡាយ ផ្ងារជើងលើផ្លូវជាតិ បណ្តាលឲ្យ អ្នកបើកបររ៉ឺម៉កម្នាក់ រងរបួសធ្ងន់ ។ ដោយឡែករថយន្តបង្ក បានជ្រុលទៅមុខធ្លាក់ផ្លូវ ក្រឡាប់ចូលទៅក្នុងប្រឡាយ ធ្វើឲ្យព្រូលរថយន្តម្នាក់ រងរបួសធ្ងន់កៀបជាប់ នៅក្នុងការប៊ីនរថយន្ត ៕
Source from: watphnom-news.com

Loading...
Loading...