ប្លន់ម៉ូតូនិងគ្រឿងអលង្ការពីសិស្សស្រី ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ វាយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្ដតាកែវ ៖ ចោរប្លន់ ២នាក់ ដែលបានធ្វើសកម្មភាព ប្លន់ម៉ូតូសិស្សសាលា ពីចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ហើយបានជិះគេចខ្លួន ចូលទៅទឹកដីខេត្ដតាកែវ ត្រូវប្រជាពលរដ្ឋ កាត់ទោសប្រហារជីវិតម្នាក់ នៅកណ្ដាលបឹងស្វាយខម ស្ថិតនៅឃុំចំប៉ី ស្រុកបាទី និងម្នាក់ទៀត ត្រូវចាប់ខ្លួន នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ។
នគរបាល ស្រុកបាទីបានឱ្យដឹងថា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល មានករណីប្លន់ម៉ូតូ និងគ្រឿងអលង្ការ លុយពីសិស្សសាលាម្នាក់ ហើយក្រុមចោរប្លន់ បានជិះម៉ូតូគេចខ្លួន មកដល់ភូមិ ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្ដតាកែវ ត្រូវបានសមត្ថកិច្ចសហការជាមួយ ប្រជាពលរដ្ឋ ចាប់ខ្លួនបានម្នាក់ និងម្នាក់ទៀត ផ្ដួលម៉ូតូរត់ចុះ បឹងត្រូវប្រជាពលរដ្ឋ វាយមួយដៃមួយជើង រហូតដល់ស្លាប់តែម្ដង ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានឈ្មោះ ថុល បញ្ញា ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្ដតាកែវ ។ រីឯបក្ខពួកដែលប្រជាពលរដ្ឋ វាយសម្លាប់មានឈ្មោះ ដេ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ក្រុមចោរប្លន់ទាំង ២នាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាកនិក ពណ៌ខៀវលាយស ពាក់ស្លាកលេខ សៀមរាប 1Q-0224 សម្រាប់ធ្វើសកម្មភាព ។
ចំណែកម៉ូតូដែលក្រុមចោរប្លន់ យកពីសិស្សសាលា ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-7775 ជាម៉ូតូរបស់នារីរងគ្រោះ ឈ្មោះ ជុំ គឹមហ៊ុយ អាយុ ១៧ឆ្នាំ រស់នៅភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ។ នារីរងគ្រោះឈ្មោះ ជុំ គឹមហ៊ុយ បានឱ្យដឹងថា ក្រុមចោរប្លន់បានប្រើកាំភ្លើងខ្លី ភ្ជង់ប្លន់នាង ពេលកំពុងជិះម៉ូតូ ចេញពីសាលា។ ក្រៅពួកគេប្លន់យកម៉ូតូ ក្រុមចោរបានដោះ យកខ្សែដៃមាស ទើបនឹងទិញតម្លៃ ២លានរៀល ខ្សែ.ក ប្លាទីន ទម្ងន់ ២ជី លុយ ១០ម៉ឺនរៀល និងទូរស័ព្ទម៉ាកណូគាតម្លៃ ១០៥ដុល្លារ មួយគ្រឿងរួចពួកគេ ជិះគេចខ្លួនបាត់តែម្ដង ។
ក្រោយពេលកើតហេតុភ្លាមៗ នាងបានរត់ទៅប្ដឹង សមត្ថកិច្ចមូលដ្ឋាន ឈានទៅចាប់ខ្លួនក្រុមចោរប្លន់ ហើយជនសង្ស័យម្នាក់ ដែលប្រជាពលរដ្ឋវាយឱ្យស្លាប់ នៅក្នុងបឹងនោះ កាលពីវេលា ម៉ោង ៩ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ បានធ្វើសកម្មភាពប្លន់ម៉ូតូ ពីសិស្សសាលាម្នាក់ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ។ ចំណែកជនសង្ស័យ ដែលចាប់ខ្លួនបាន ត្រូវកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋានខេត្ដ នៅល្ងាចថ្ងៃទី៣ ខែមេសា ដើម្បីចាត់ការបន្ដ ៕
Source from: watphnom-news.com

Loading...
Loading...